ប្រទេសថៃ ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា អាកាសធាតុក្តៅខ្លាំងនៅប្រទេសថៃបានជំរុញឱ្យតម្លៃដូងកើនឡើងខ្ពស់ក្នុងប្រវត្តិសាស្ត្រ ជាពិសេស ដូងខ្ចី ។ បើគិតមកដល់ថ្ងៃទី២៩ ខែមេសា នេះ ដូងខ្ចី១ផ្លែមានតម្លៃលក់រាយស្មើនឹង៥០បាត (ឬស្មើប្រមាណ៥.០០០រៀល) ។
ចំណែកដូងខ្ចីពូជដូងក្រអូប ដែលលក់រាយនៅតាមហាងផ្សេងៗ គឺមានតម្លៃចាប់ពី៦៥បាត ទៅ៨៥បាតក្នុង១ផ្លែ (ឬស្មើប្រមាណពី៦ពាន់៥រយ ទៅ៨ពាន់៥រយរៀលក្នុង១ផ្លែ) ។ ហេតុនេះ តម្លៃដូងកើនឡើងខ្ពស់បានធ្វើឱ្យប៉ះពាល់ដល់អាជីវករទិញដូងយកទៅធ្វើនំ, ការ៉ែម និងកិនយកខ្ទិះដូងលក់ ព្រមទាំងអ្នកទិញដូងខ្ចីផឹកនៅពេលព្រឹកដើម្បីកាត់បន្ថយភាពចាស់ ។
បើតាមការពិនិត្យតាមចម្ការដូងជាច្រើនកន្លែងឱ្យដឹងថា កាលពីខែធ្នូ ឆ្នាំ២០២៣ ដូងលក់នៅតាមចម្ការ គឺមានតម្លៃពី៨បាត ទៅ១០បាតប៉ុណ្ណោះក្នុង១ផ្លែ ។ ប៉ុន្តែចាប់ពីខែមករា ឆ្នាំ២០២៤ មក តម្លៃចាប់ផ្តើមកើនឡើងពី១៦បាត ទៅ១៧បាតក្នុង១ផ្លែ ហើយកាលពីសប្តាហ៍ទី៤ ខែមេសា ឆ្នាំ២០២៤ ដូងលក់តាមចម្ការមានតម្លៃចាប់ពី៣៣បាត ទៅ៣៥បាតក្នុង១ផ្លែ ។
កត្តាចម្បងធ្វើឱ្យតម្លៃដូងកើនឡើងបែបនេះ ពីព្រោះនៅតំបន់ជាច្រើនប្រឈមនឹងបញ្ហាគ្រោះរាំងស្ងួតជាបន្តបន្ទាប់ ទើបបណ្តាលឱ្យប៉ះពាល់ដល់ផលដំណាំជាច្រើនប្រភេទ និងទទួលបានទិន្នផលទាប ខណៈតម្រូវការលើទីផ្សារខ្ពស់ ។ ហេតុនេះ វាធ្វើឱ្យខ្វះខាតដូងលក់នៅផ្សារ និងតម្លៃកើនឡើងជាបន្តបន្ទាប់ ខណៈចម្ការខ្លះគ្មានដូងលក់ ។
កាលពីសប្តាហ៍ទី៤ ខែមេសា ឆ្នាំ២០២៤ តម្លៃដូងបានធ្លាក់ចុះបន្តិច ដោយសារក្រុមហ៊ុននាំចេញផ្លែឈើទៅប្រទេសចិនជាច្រើនកាត់បន្ថយការទិញដូងដោយសារតម្លៃខ្ពស់ ហើយក្រុមហ៊ុនបានទិញទុរេនជំនួសវិញ ។ ហេតុនេះ វាធ្វើឱ្យតម្លៃដូងនៅតាមចម្ការធ្លាក់ចុះបន្តិច គឺនៅសល់ត្រឹមតែ២៨បាតក្នុង១ផ្លែ ។
លោក Natakrit Iamsakul នាយកក្រុមហ៊ុន Platinum Fruits ជាក្រុមហ៊ុននាំចេញផ្លែឈើដ៏ធំរបស់ថៃនិយាយថា ជាធម្មតា នៅត្រីមាសទី២ រៀងរាល់ឆ្នាំ គឺចូលដល់រដូវក្តៅ ហើយផ្លែដូងផ្តល់ទិន្នផលតិច ។ រីឯនៅឆ្នាំ២០២៤ តំបន់ជាច្រើនរបស់ថៃជួបបញ្ហាគ្រោះរាំងស្ងួតជាងឆ្នាំមុនៗ ទើបធ្វើឱ្យចម្ការដូងជាច្រើនកន្លែងនៅខេត្តរាជបុរី និងណាខនប៉ាធុម ផ្តល់ផលតិចជាងឆ្នាំមុន ។
ហេតុនេះ ការចំណាយដើមទុនសម្រាប់ចម្ការដូងបានកើនឡើងខ្ពស់ និងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុននាំចេញផងដែរ ដែលត្រូវចំណាយដើមទុនខ្ពស់ ។ ពេលតម្លៃដូងកើនឡើងខ្ពស់ធ្វើឱ្យអតិថិជនផឹកទឹកផ្លែឈើកំប៉ុងជំនួសវិញ ។
លោក Natakrit Iamsakul បន្តថា ៖ «តម្លៃដូងនឹងកើនឡើងបន្តទៀតរហូតដល់កម្រិតខ្ពស់បំផុត ហើយបើវាកើនឡើងខ្ពស់ខ្លាំងធ្វើឱ្យការបញ្ជាទិញធ្លាក់ចុះ ។ ដូច្នេះ តម្លៃដូងនឹងមិនកើនឡើងទៀតទេ» ៕










