ប្រទេសថៃ ៖ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានអញ្ជើញធនាគារចំនួន៤ មកពិភាក្សាគ្នាមុនពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយលោកស្នើឱ្យធនាគារទាំងនេះជួយកាត់បន្ថយអត្រាការប្រាក់ និងផ្តោតលើក្រុមពលរដ្ឋងាយរងគ្រោះ ។ លោកនាយករដ្ឋមន្ត្រីថៃថ្លែងថា រដ្ឋាភិបាលមើលឃើញពីទុក្ខលំបាករបស់ពលរដ្ឋ ហើយការស្នើឱ្យធនាគារកាត់បន្ថយអត្រាការប្រាក់នេះ មិនមែនជាការដាក់សម្ពាធទេ ។

កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ មុនពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅវិមានរដ្ឋាភិបាល លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញមន្ត្រីតំណាងធនាគារចំនួន៤ មកពិភាក្សាជាមួយគ្នានៅអគារ «ថៃឃូហ្វា» ក្នុងនោះមានមន្ត្រីមកពីធនាគារកសិកនថៃ, ធនាគារក្រុងថៃ, ធនាគារក្រុងថេប និងធនាគារថៃពាណិជ្ជ ហើយការពិភាក្សាគ្នានេះ មានរយៈពេលប្រមាណ៣០នាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXJjC9HPKn3k7SxvQKEDdi0a4cwHX_g43FDhE6QwmDnwdah_AsGsI4J492kMRVB4pUCWb80zkcoP7Ho9-nOgIgmwPkhnQ-cFZH5Tnxtjxk2kdzc6Y9aXbSF1yUnn4LxKkNS_K9fwfruvkNNDE8wbwZ2JwmBQfp7Jgqs3Lu8__JjdHc1ISfsEm9sOhmkJY/s1046/2023-08-23_Sretta-Thavisin-2.jpg

ក្រោយមក នៅវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃដដែល លោក Srettha Thavisin បានលើកឡើងក្រោយពីការពិភាក្សាជាមួយមន្ត្រីតំណាងធនាគារថា លោកបានអញ្ជើញមន្ត្រីតំណាងធនាគារចំនួន៤ មកពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចទូទៅ រួមទាំងការជជែកពីភាពរឹងមាំនៃស្ថាប័នហិរញ្ញវត្ថុ តាមរយៈលទ្ធផលប្រតិបត្តិរបស់ពួកគេ ។

លោកបានជម្រាបទៅមន្ត្រីធនាគារថា ពលរដ្ឋថៃ ជាពិសេសបំផុត គឺពលរដ្ឋងាយរងគ្រោះ ( រួមមាន ៖ អ្នកជំងឺនៅមន្ទីរពេទ្យ, ជនពិការផ្នែកខួរក្បាល, អ្នកជំងឺធ្ងន់ធ្ងរ, អ្នកជំងឺផ្លូវចិត្ត, ស្ត្រីមានផ្ទៃពោះ, ជនក្រីក្រ, អ្នកទោស, កងទ័ព និងពលករបរទេស) រួមទាំងក្រុម SME ឬអាជីវកម្មខ្នាតតូច សុទ្ធតែមានបញ្ហារឿងអត្រាការប្រាក់ខ្ពស់ ។ ដូច្នេះ លោកបានស្នើសុំ និងជជែកជាមួយមន្ត្រីតំណាងធនាគារទាំង៤ ថា គួរតែពិចារណាពីការកាត់បន្ថយអត្រាការប្រាក់ ហើយមន្ត្រីទាំងនេះក៏បានសន្យាថា នឹងពិភាក្សាគ្នាបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_aqk_7yE556hQrZgXahSbItKZ7cDQ7kqjl1yJJ6XcNOuYRkLEpJLJsnYoEVPCuwcSZ9UqTrBhj-c-mqYrip9seduiLGZw0oeeoT1Ha5slXNeT31UgQPkBYtPgEZCIQHc2xonmX9m2e_D8M-UgHuC1n0IZnY9geEqmmktIqPUCJycSxL-k254U3uPb_68/s3500/MCHWHJZPJRMILGJ4B5SOEE3D3I.jpg

លោក Srettha Thavisin បន្តថា រដ្ឋាភិបាលមើលឃើញពីទុក្ខលំបាករបស់ពលរដ្ឋរឿងអត្រាការប្រាក់បង់ធនាគារ ទើបលោកអញ្ជើញមន្ត្រីធនាគារទាំង៤ មកជជែកគ្នា ហើយពួកគេក៏បានមកជួបលោកទាំងអស់គ្នា ។ លោកចង់និយាយទៅកាន់ពួកគេឱ្យមានភាពស្មើគ្នា ពីព្រោះវាមិនមែនជាការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ឬប្រកួតរវាងធនាគារទេ ។ ប៉ុន្តែលោកចង់ឱ្យធនាគារទាំងនេះឯកភាពគ្នា ហើយសាកល្បងថា តើអាចជួយគ្នាបានតិច ឬច្រើនកម្រិតណា ។

ពេលអ្នកសារព័ត៌មានសួរថា ក្រោយពីការជជែកគ្នាជាមួយធនាគារទាំងនេះ តើមានការកំណត់រយៈពេលដែរឬទេថា ពួកគេនឹងឆ្លើយតបនៅពេលណា? លោក Srettha Thavisin និយាយថា ៖ «មិនបានកំណត់ពេលវេលាទេ រឿងនេះជាការផ្តល់កិត្តិយសឱ្យគ្នាទៅវិញទៅមក ។ ដូច្នេះ ខ្ញុំមិនដាក់សម្ពាធអ្វីទេ គឺខ្ញុំផ្តល់កិត្តិយសដល់មន្ត្រីតំណាងធនាគារទាំង៤រូប» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieM_ZrDg2rRvZadWw1QGg0XlojfAtKiYQOwg4erYvIbj6ZDWWziveIAit2UuuKTPJ1bvCJkaBZO_XjAHscPJenI912b0YU2-vGswCxRriSk3LOROG5vXdGWmxqY0TluSxHM_31Oy7C7dGEcEIr8OXaTH9IyXRNMp6lEdjojIJUJrJZq6_SjX7hzN8bUn8/s1000/shutterstock_1416561578.jpg

លោកនាយករដ្ឋមន្ត្រីថៃបញ្ជាក់ថា បរិយាកាសនៃការពិភាក្សានេះបានដំណើរការយ៉ាងល្អ ហើយមន្ត្រីតំណាងធនាគារទាំង៤ អាចពិចារណាថា គួរតែធ្វើដូចម្តេច? លោកបានសង្កត់ធ្ងន់លើការកាត់បន្ថយអត្រាការប្រាក់សម្រាប់ពលរដ្ឋងាយរងគ្រោះ ពីព្រោះពួកគេត្រូវការជំនួយ ៕