ជ្រលងសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង បានធ្វើឱ្យស្ថានភាពធាតុអាកាសនៅកម្ពុជាពីថ្ងៃទី៨ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះ អាចនឹងឡើងកម្តៅដល់៣៩អង្សាសេ និងមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០ភាគរយ នៅតំបន់ខ្ពង់រាប។
ដោយឡែកតំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមា២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា៣៨អង្សាសេ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ តំបន់ភាគពាយ័ព្យអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ។
រីឯ នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា៣៦អង្សាសេ។ ខ្យល់បក់មកពីទិសនិរតីមានល្បឿន មធ្យម៣ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៥ភាគរយ៕










