ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ចុះ ស.ព ចិនមួយកន្លែងស្ថិតក្នុងឃុំណៃមឿង ស្រុកមឿង ខេត្តពិស្នុលោក ប្រទេសថៃ មានគ្រួសារជនជាតិថៃកាត់ចិន បាននាំគ្នាមកបោសសម្អាតនៅទីបញ្ចុះ ស.ព ដើម្បីត្រៀមបញ្ចាំងកុនខ្នាតធំ និងរៀបចំពិធីសែនបុព្វបុរសដែលបានចែកឋានទៅកាន់លោកខាងមុខ ក្នុងថ្ងៃឆេងម៉េង ។
ក្នុងអំឡុងពេលនោះ ក្រុមការងារបញ្ចាំងកុនខ្នាតធំ ក៏បានរៀបចំដំឡើងផ្ទាំងក្រណាត់កុនដែលមានប្រវែងរហូតដល់១០ម៉ែត្រ ដើម្បីបញ្ចាំងភាពយន្តចិនឱ្យព្រលឹងវិញ្ញាណបុព្វបុរសនៅទីនេះបានទស្សនានៅយប់ថ្ងៃដដែល ។
បរិយាកាសនៅយប់នោះឃើញថា មានសភាពស្ងប់ស្ងាត់ និងមានតែសំឡេងចេញពីភាពយន្តប៉ុណ្ណោះ ។ អ្នកស្រុកដែលរស់នៅម្តុំនោះបានដឹងយ៉ាងច្បាស់ថា ការបញ្ចាំងកុននៅមុនថ្ងៃសែនឆេងម៉េង គឺសម្រាប់ឱ្យព្រលឹងវិញ្ញាណបុព្វបុរសបានទស្សនា មិនមែនសម្រាប់ឱ្យមនុស្សទូទៅទស្សនាកម្សាន្តនោះទេ ទើបពួកគេមិនបានមកចូលរួម ។
មន្ត្រីសមាគមចិនប្រចាំខេត្តពិស្នុលោក លើកឡើងថា ការបញ្ចាំងកុនលើកនេះ គឺសម្រាប់ឱ្យបុព្វបុរសនៅទីបញ្ចុះសពចិនបានទស្សនា ដូចជា ៖ កុងម៉ា ដែលត្រូវបានកូនចៅយកមកបញ្ចុះនៅកន្លែងនេះ ។ រីឯនៅថ្ងៃឆេងម៉េងវិញ ក្រៅពីកូនចៅរៀបចំម្ហូបអាហារ និងនំចំណីផ្សេងៗសែនបុព្វបុរសហើយ ពួកគេនឹងរៀបចំសែនម្ហូបអាហារឱ្យព្រលឹងគ្មានសាច់ញាតិផងដែរ ។
មន្ត្រីសមាគមចិនរូបនេះនិយាយថា ៖ «ចំណែកភាពយន្តដែលយកមកបញ្ចាំងនៅទីបញ្ចុះសព គេនឹងជ្រើសរើសភាពយន្តក្បាច់គុន ឬភាពយន្តប្រភេទ Action ។ ការបញ្ចាំងកុនខ្នាតធំត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ តាំងពីមានកន្លែងបញ្ចុះសពនេះ ។ ចំណែកនៅព្រឹកថ្ងៃទី៥ ខែមេសា កូនចៅនឹងយកម្ហូបអាហារមកសែនបុព្វបុរស ។ ការរៀបចំសែនឆេងម៉េង គឺជាប្រពៃណីដ៏សំខាន់បំផុតសម្រាប់ជនជាតិចិន ហើយគេចាត់ទុកថា គឺជាការដឹងគុណដល់បុព្វបុរសផងដែរ» ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ជនជាតិថៃកាត់ចិននៅខេត្តពិស្នុលោក ក៏បានរៀបចំបញ្ចាំងកុនចិននៅទីបញ្ចុះសពដូចគ្នាដែរ ។ ពេលនោះ ពួកគេបានបញ្ចាំងកុនចំនួន៣យប់ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ដោយសារពួកគេជឿថា ឪពុក-ម្តាយ និងសាច់ញាតិដែលបានចែកឋានទៅនឹងមកអង្គុយមើលកុននៅទីនេះ ៕










