ថុល សុភិទិ គឺជាតារាចម្រៀងដែលដុះចេញពីកម្មវិធីប្រកួត Cambodian Idol រដូវកាលទី៤ ដែលមានការគាំទ្រខ្លាំងជាងគេពីសំណាកទស្សនិកជននាប៉ុន្មានរដូវកាលមកនេះ។ ទោះបីជាមិនបានជ័យលាភីឯក និងមានរឿងអាស្រូវទាំងអំឡុងពេលប្រកួតនិងក្រោយការប្រកួត ថុល សុភិទិ នៅតែក្តោបប្រជាប្រិយភាពបានតាមរយៈទឹកដមសំឡេងរបស់គេ។
ក្នុងរយៈពេលជិត២ឆ្នាំចាប់តាំងពីការប្រកួត មកទល់ពេលនេះ ថុល សុភិទិ មានបទចម្រៀងផ្ទាល់ខ្លួនដែលមានការគាំទ្រខ្លាំងបទនីមួយៗសុទ្ធតែខ្ទង់លាន។ លើសពីនេះក្រៅពីបទផ្ទាល់ខ្លួនរាល់ពេលលោកមានការ Cover បទរបស់តារាចម្រៀងផ្សេងក៏ល្បីខ្លាំងផ្ទុះការចាប់អារម្មណ៍ដូចគ្នា។ តារាចម្រៀងរូបនេះបានក្រសោបភាពល្បីល្បាញមានហ្វេនគាំទ្រច្រើនបន្ទាប់ពីជ្រើសរើសបទរបស់ ម៉ម ពេជ្ជរិទ្ធ មានចំណងជើងថា «មិនអាចឃាត់ទេ« ប្រកួតក្នុងវគ្គ Live Show សប្តាហ៍ទី១។

ចាប់តាំងពីពេលនោះមក ថុល សុភិទិ បានក្លាយជាបេក្ខជនម្នាក់មានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន តារាល្បីៗជាច្រើនរូប ក៏បង្ហាញថាចូលចិត្តសំឡេងរបស់ ភិទិ ដូចគ្នា។ មានការចាប់អារម្មណ៍ពីភ្នែកមហាជនដូច្នេះទើបធ្វើឱ្យ ថុល សុភិទិ ក៏រងនូវរឿងអាស្រូវដូចគ្នានៅក្នុងប្រកួតគឺនៅពេលបង្ហាញកាយវិការព្រងើយកន្តើយដាក់ ឈិន រ័ត្ន បង្ហោះសារដាក់ក្រុម BTS ព្រមទាំងរឿងមួយចំនួនទៀត។
ក្រោយឆ្លងកាត់ការប្រកួត ថុល សុភិទិ បានជាប់នៅក្នុងចំណាត់ថ្នាក់៤នាក់ចុងក្រោយក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ និងបានបង្ហាញខ្លួនជាតារាចម្រៀងក្នុងទ្រនំរស្មីហង្សមាស។ ក្រោយក្លាយជាតារាចម្រៀងពេញសិទ្ធិ ថុល សុភិទិ មានរឿងអាស្រូវលើទំនាក់ទំនងស្នេហា ប៉ុន្តែលោកនិងគូស្នេហ៍ ឡុង ម៉ានីន បានឆ្លងកាត់ឧបសគ្គជាមួយគ្នាតស៊ូស្រលាញ់គ្នាមកដល់បច្ចុប្បន្នហើយអ្នកគាំទ្រក៏បើកចិត្តទទួលយកច្រើនពីទំនាក់ទំនងរបស់ពួកគេ។
ទោះយ៉ាងណា ដ្បិតមិនបានគ្រងតំណែងជាម្ចាស់ជ័យលាភីឯកនៅក្នុងការប្រកួតនិងមានរឿងអាស្រូវច្រើនក្តី ប៉ុន្តែក្រលេកទៅមើលបទចម្រៀងរបស់ ថុល សុភិទិ វិញឃើញថាមានការគាំទ្រច្រើនពីទស្សនិកជនបទមួយៗរបស់លោកសុទ្ធតែមានគុណភាពគួបផ្សំទឹកដមសំឡេងរបស់ខ្លួនទៀតមានការស្តាប់រាប់លានដង។
នៅយប់ថ្ងៃទី១ ខែមេសា ថុល សុភិទិ បានបង្ហាញការនឹករលឹកពេលលោកប្រកួតក្នុងកម្មវិធីថា «ពេលវេលាដើរលឿនមែន ភ្លេចខ្លួនជិត២ឆ្នាំបាត់» ។ លោកក៏បានបង្ហាញចំណាប់អារម្មណ៍ទៀតថា «មានការរំភើបជាខ្លាំងទោះរយៈពេលខ្លីមែន តែសែនមានន័យព្រោះទទួលបានការស្រឡាញ់អាណិតពីពុកម៉ែបងប្អូន ចូលស្តាប់ច្រើនគ្រប់បទ លើសការរំពឹងទុក អរគុណពុកម៉ែបងប្អូន និងហ្វេនៗគ្រប់គ្នា ហើយអធ្យាស្រ័យទុកមុនរាល់កំហុសខុសឆ្គងដោយអចេតនាកន្លងមក»។
ទន្ទឹមនឹងខ្លឹមសារខាងលើ ថុល សុភិទិ បានបង្ហាញឱ្យដឹងថា បទចម្រៀងរបស់លោកដែលមានការគាំទ្រខ្លាំងជាងគេមានដូចជាបទ «មួយឆាវ» មានការចូលស្តាប់៣៥លានដង ត្រឹមរយៈពេល១០ខែ។ បទ« នឹកអ្នកធ្លាប់ Call »មានការចូលស្តាប់២១លានដងត្រឹមរយៈពេល៨ខែ បទ«ស្រលាញ់តែប្រុសបោក» មានការចូលស្តាប់១៨លានដងក្នុងរយៈពេល៩ខែ និងបទជាច្រើនទៀតដែលមានការចូលស្តាប់សុទ្ធតែរាប់លានដងមិនថានៅលើឆាណែលយូធូបរស្មីហង្សមាស ឬឆាណែលផ្សេងនោះទេ៕