បវរកញ្ញាវ័យក្មេងទាំង៣រូបដែលជាគ្រាប់ពេជ្ររបស់ប្រទេសកម្ពុជារួមមាន ជូរី ល្អហួស ជា អមរាសូហ្វី យិត អេលីស សុទ្ធតែធ្វើបានល្អក្នុងការប្រកួតនៅលើឆាកអន្តរជាតិ។ ចំណែកឯ ល្អហួស បានសាងប្រវត្តិសាស្រ្តសាជាថ្មីសម្រាប់ប្រទេសជាតិដណ្តើមបានមកុដ Miss Preteen Junior Idol World 2024 បន្ទាប់ពីបវរកញ្ញាវ័យក្មេង ឃឿន ប៉ូលីកា។

កាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ គឺជារាត្រីផ្តាច់ព្រ័ត្រការប្រកួតបវរកញ្ញាវ័យក្មេង Junior Idol World នៅលើទឹកដីប្រទេសថៃបន្ទាប់ពីឆ្លងកាត់ការបង្ហាញសកម្មភាពផ្សេងៗប៉ុន្មានថ្ងៃមកនេះ។ ក្នុងការប្រកួតតំណាងប្រទេសលើកនេះរួមមាន ល្អហួស ប្រកួត Miss Preteen អមរាសូហ្វី Little Miss និង អេលីស ប្រកួត Miss Teen Junior Idol World 2024។ អ្វីដែលធ្វើឱ្យប្រជាជនកម្ពុជាមិនខកបំណងនោះគ្រាប់ពេជ្រតូចរបស់កម្ពុជាទាំង៣រូបនេះសុទ្ធតែទទួលបានលទ្ធផលល្អប្រសើរនៅលើឆាកអន្តរជាតិលើកស្ទួយមុខមាត់ប្រទេសកម្ពុជាយ៉ាងខ្លាំង។

ល្អហួស បានសាងប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជាម្តងទៀតក្លាយជាម្ចាស់មកុដ Miss Preteen Junior Idol World 2024 ខណៈម្ចាស់ជ័យលាភីឆ្នាំ២០២៣ គឺបវរកញ្ញាវ័យក្មេង ឃឿន ប៉ូលីកា។ ដូច្នេះកម្ពុជាបានសាងសមិទ្ធផលស្ទួនៗនៃការប្រកួតសម្រស់វ័យក្មេងនេះ។ មិនត្រឹមតែរកមកុដឯកជូនប្រទេសកម្ពុជាតែប៉ុណ្ណោះទេ តែល្អហួស បានដណ្តើមជ័យលាភីជាច្រើនទៀតជូនប្រទេសកម្ពុជា។ ឈុតតំណាងជាតិរបស់ ល្អហួស ដែលមានឈ្មោះថា «អធិរាជិនីហង្សាវតីស្រីកម្ពុជា» បានយកឈ្នះឈុតតំណាងជាតិប្រទេសផ្សេងទៀតក្លាយជាឈុតតំណាងជាតិល្អផ្តាច់គេក្នុងការប្រកួត និងឈ្នះ ពានរង្វាន់ Vote បោះឆ្នោតច្រើនជាងគេ ផងដែរ។ លើសពីនេះទៅទៀត ល្អហួស ក៏ធ្វើឱ្យម្ចាស់ផ្ទះរៀបចំភ្ញាក់ផ្អើលចំពោះសមត្ថភាពជាម្ចាស់ដើមនៃ «របាំអប្សរា» ដែលយុវតីរូបនេះបានរាំយ៉ាងល្អឯកនៅឆាកប្រកួត។

មិនត្រឹមតែ ល្អហួស បានសាងលទ្ធផលល្អជូនជាតិមាតុភូមិប៉ុណ្ណោះទេ ងាកទៅកាន់គ្រាប់ពេជ្រកម្ពុជាពីររូបទៀតក៏ធ្វើឱ្យអ្នកគាំទ្រកម្ពុជាមានមោទនភាពដូចគ្នា។ បវរកញ្ញាវ័យក្មេង ជា អមរាសូហ្វី បានជាប់ជ័យលាភីលំដាប់រងទី២ Little Miss Junior Idol World 2024 ចំណែកឯ យិត អេលីស ក៏បានជាប់លំដាប់រងទី២នៃការប្រកួត Miss Teen Junior Idol World 2024ដូចគ្នា។

ជ័យលាភីបវរកញ្ញាវ័យក្មេងទាំង៣រូបនេះបានធ្វើឱ្យអ្នកគាំទ្របង្ហាញអារម្មណ៍មោទនភាពយ៉ាងខ្លាំងទោះបីជាអ្នកទាំងបីនៅវ័យក្មេងតែបានខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពសាងឈ្មោះល្អសម្រាប់ប្រទេសកម្ពុជា៕