ប្រទេសថៃ ៖ រដ្ឋសភាថៃបានអនុម័តសេចក្តីព្រាងច្បាប់ទទួលស្គាល់អាពាហ៍ពិពាហ៍ ភេ.ទ ដូចគ្នា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ហើយសេចក្តីព្រាងច្បាប់នេះនឹងរង់ចាំការអនុម័តពីព្រឹទ្ធសភាបន្តទៀត ។ គេចាត់ទុកថា វាជាដំណឹងល្អសម្រាប់អ្នកស្រឡាញ់ ភេ.ទ ដូចគ្នានៅថៃ អាចចុះសំបុត្រអាពាហ៍ពិពាហ៍ ឬរៀបការជាមួយគ្នាបានដោយស្របច្បាប់ និងមានការទទួលស្គាល់ពីសង្គម ។ ហេតុនេះ ធ្វើឱ្យថៃក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ាន និងជាប្រទេសទី៣ នៅតំបន់អាស៊ី ដែលបានអនុម័តសេចក្តីព្រាងច្បាប់អាពាហ៍ពិពាហ៍មិនប្រកាន់ ភេ.ទ ។

លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ថ្លែងថា លោកមានមោទនភាព ដែលរដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ទទួលស្គាល់អាពាហ៍ពិពាហ៍ ភេ.ទ ដូចគ្នា ។ លោកបញ្ជាក់ថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ជាថ្ងៃដែលប្រទេសថៃទទួលបានជោគជ័យ ខណៈថៃបានជំរុញឱ្យមានការទទួលស្គាល់អាពាហ៍ពិពាហ៍ ភេ.ទ ដូចគ្នា តាំងពីសម័យលោកស្រី Yingluck Shinawatra ធ្វើជានាយករដ្ឋមន្ត្រីមកម៉្លេះ ហើយលោកសង្ឃឹមថា ព្រឹទ្ធសភានឹងអនុម័តសេចក្តីព្រាងច្បាប់នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7UWGZx0Xpe-Hzb-vMaTX4Ss58TH7IV9RSdLz10G1ubpkLeNhztAVps7SPX0LBdNC6Kyh1awzxK1kO6QyoIkGxPeTfsxENoQuFEHr9HA_ODYWiIJrciKPyUL-KwYYzD0RbWnGNUrXnrwOR52ihYNKyqc4K9BKXyp4jc2-j6uyPeNt8H1eI-u6WENyN4yw/s2000/2023-06-04t131106z-1520601787-rc28c1a2w8y6-rtrmadp-3-gay-pride-thailand.jpg

ក្នុងអំឡុងពេលកិច្ចប្រជុំសភាតំណាងរាស្ត្រ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សមាជិកសភាបានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការទទួលស្គាល់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា តាមការស្នើសុំរបស់គណៈរដ្ឋមន្ត្រី ។

នៅថ្ងៃដដែលនេះ (គឺថ្ងៃទី២៧ ខែមីនា) លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃបានសរសេរនៅក្នុងបណ្តាញសង្គម X ថា ៖ «វាជារឿងគួរឱ្យរីករាយយ៉ាងខ្លាំង ដែលក្នុងកិច្ចប្រជុំសភាតំណាងរាស្ត្របានអនុម័តសេចក្តីព្រាងច្បាប់ទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា ព្រមទាំងត្រៀមបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅឱ្យព្រឹទ្ធសភាអនុម័ត» ។

លោក Srettha Thavisin បន្តថា ៖ «ខ្ញុំចាត់ទុកថា ភាពជោគជ័យនេះជាការឯកភាពគ្នារបស់សង្គមថៃ ដែលនឹងរួមគ្នាកសាងសង្គមស្មើភាព គ្មានការរើសអើង ជាពិសេស រឿងផ្លូវភេទ ហើយការបង្កើតក្រុមគ្រួសារ គឺជាសិទ្ធិមូលដ្ឋានរបស់មនុស្ស ដែលរដ្ឋាភិបាលគួរតែទទួលស្គាល់ ។ វាបានចាប់ផ្តើមពីគណបក្សភឿថៃ ដែលមានគោលនយោបាយជំរុញឱ្យមានសមភាពយេនឌ័រ តាំងពីសម័យលោកស្រី Yingluck Shinawatra ដែលបានគាំទ្រសេចក្តីព្រាងច្បាប់ ស្តីពីអាពាហ៍ពិពាហ៍ភេទដូចគ្នាទៅកាន់រដ្ឋសភាក្នុងអាណត្តិរដ្ឋាភិបាលមុន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH3XGe3_4pRwBCrwfVRVSNIVJiXDQ93DLme8pq0DyPY7FPAjXRqBHkL3z71z0T8P5euiegJSEmsXqRSVl-3mWTI0dr6reE43mjWKw7v9GnzfU98epSyJIW-VFtxQiFx-zVafRfKGDIR20CTXklb_g-Uz4iCsHtnc6XnKJI5ggdDr2hq5uDX8qSJYx-VE8/s1000/80506.jpg

លោកនាយករដ្ឋមន្ត្រីបន្ថែមថា ៖ «នៅពេលខ្ញុំកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំក៏បានកំណត់គោលដៅគាំទ្រសេចក្តីព្រាងច្បាប់នេះ តាមរយៈការស្នើរបស់គណៈរដ្ឋមន្ត្រី និងបញ្ជូនសេចក្តីព្រាងច្បាប់ទៅកាន់រដ្ឋសភាឱ្យបាន ។ ក្នុងដំណើរការរៀបចំសេចក្តីព្រាងច្បាប់នេះ យើងបានស្តាប់មតិយោបល់ពាក់ព័ន្ធជាច្រើន ដូចជា ៖ មន្ត្រីរាជការ, ផ្នែកឯកជន និងសង្គមស៊ីវិល ព្រមទាំងការពិចារណាច្បាប់ផ្សេងទៀត ទើបខ្ញុំមានឱកាសធ្វើការជាមួយស្ថាប័នផ្សេងៗ ទាំងនាយកដ្ឋានការពារសិទ្ធិសេរីភាព, ក្រសួងយុត្តិធម៌, បណ្តាញ LGBTQIA+ community និងផ្នែកផ្សេងៗដែលធ្វើការផ្នែកនេះ» ។

លោកនាយករដ្ឋមន្ត្រីបន្ថែមទៀតថា ៖ «រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា នៅថ្ងៃទី២៧ ខែមីនា គឺចាត់ទុកថា វាជាមោទនភាពមួយរបស់សង្គមថៃ ដែលបានរួមគ្នាឈានទៅរកសង្គមមានសមភាពយេនឌ័រ និងគោរពភាពចម្រុះផ្នែកភេទ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLneZl74nVd1u74onROEOfXGFQ5XhiC0pAGpAXj_sYM5xA4Hl0MXKZWbanL-jTt0jWMGTyoDDmZPk9_pfv7QdfEBB8stqM3-tT5H2EO0xPSSkm-NOyRe3ni5rPj9J7hipwrHjXlZKP-zhqddtX4SG9LdSr-CLun1ftWYY_8RPoQPSfREqi5mZWRQCau1w/s1000/288767.jpg

ការអនុម័តសេចក្តីព្រាងច្បាប់ទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា គឺជាការបើកឱកាសឱ្យពលរដ្ឋថៃអាចចុះសំបុត្រអាពាហ៍ពិពាហ៍ ឬរៀបការដោយមិនប្រកាន់ភេទ ។ ហេតុនេះ គេចាត់ទុកថា ថៃជាប្រទេសដំបូងគេក្នុងតំបន់អាស៊ាន និងជាប្រទេសទី៣ នៅតំបន់អាស៊ី ដែលបានអនុម័តសេចក្តីព្រាងច្បាប់អាពាហ៍ពិពាហ៍មិនប្រកាន់ភេទ ។ រីឯមហាជនទូទៅបានបង្ហាញការត្រេកអរយ៉ាងខ្លាំង ក្រោយពីរដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់នេះ ។

លើសពីនេះ ក៏មានលក្ខខណ្ឌច្បាប់ពាក់ព័ន្ធផ្សេងទៀតដើម្បីគាំទ្រអាពាហ៍ពិពាហ៍ភេទដូចគ្នាផងដែរ ដូចជា ៖ សិទ្ធិលើទ្រព្យសម្បត្តិរបស់ LGBTQ ដូចគ្នានឹងគូស្វាមី-ភរិយាទូទៅដែរ, សិទ្ធិទទួលមរតក បើភាគីម្ខាងទៀតស្លាប់, សិទ្ធិទទួលយកកូនមកចិញ្ចឹមរួមគ្នា និងសិទ្ធិផ្សេងទៀត ៕