ប្រទេសថៃ ៖ ពលរដ្ឋរស់នៅខេត្តចាន់ថាក់បុរី ប្រទេសថៃ បានញាប់ដៃញាប់ជើងបេះទុរេនម៉ន់ថង ដើម្បីបញ្ជូនទៅឱ្យផ្នែកវេចខ្ចប់ជ្រើសរើសគុណភាព មុនពេលនាំចេញទៅក្រៅប្រទេស ។ កសិករដាំទុរេនម្នាក់ប្រាប់ថា នៅខែមីនា ឆ្នាំ២០២៤ មានទុរេនលក់តិចនៅលើទីផ្សារ ទើបធ្វើឱ្យកសិករអាចលក់ទុរេនបានថ្លៃ បើធៀបនឹងឆ្នាំ២០២៣ ហើយមានអតិថិជនមកទិញទុរេនដល់ចម្ការ គឺតម្លៃ២៧០បាតក្នុង១គីឡូក្រាម ។
ចំណែកអ្នកនាំចេញទុរេននៅខេត្តចាន់ថាក់បុរី និយាយថា បច្ចុប្បន្ន ការកុម្ម៉ង់ទិញទុរេនពីប្រទេសចិនមានចំនួនច្រើន ប៉ុន្តែទិន្នផលផលិតនៅក្នុងតំបន់មិនទាន់គ្រប់គ្រាន់សម្រាប់បំពេញតម្រូវការទេ ទើបធ្វើឱ្យតម្លៃទុរេននៅឆ្នាំ២០២៤នេះ កើនឡើងខ្ពស់ ។
លោក វិឆ័យ ស៊ីរ៉ាក់ម៉ាក់ណាគុល ជាប្រធានក្រុមហ៊ុននាំចេញទុរេន និយាយថា ៖ «ប្រទេសចិនរំពឹងថា ទុរេនរបស់ថៃនឹងមានរសជាតិឆ្ងាញ់ និងគុណភាពល្អ ។ នៅឆ្នាំ២០២៤នេះ ខ្ញុំមើលឃើញថា ទីផ្សារទុរេនថៃនៅតែល្អដូចមុន» ។
ក្រុមហ៊ុននាំចេញទុរេនថៃដ៏ធំ និងសមាគមនាំចូល-នាំចេញទិន្នផលកសិកម្មថៃ-ចិន ព្រមទាំងសមាគមនាំចូលផ្លែឈើរបស់ចិន បានរួមគ្នាចុះកិច្ចព្រមព្រៀងទិញ-លក់ផ្លែទុរេន និងមង្ឃុត ចំនួន២ម៉ឺនតោន ស្មើទឹកប្រាក់៣ពាន់លានបាត គឺគិតចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៤ ។
លោក ភូមិថាំ វេជ្ជឆ័យ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃនិយាយថា ការកុម្ម៉ង់ទិញផ្លែឈើជាមុននៅតំបន់ខាងកើតប្រទេសថៃ បានជួយរក្សាស្ថិរភាពតម្លៃ និងផ្តល់នូវទំនុកចិត្តលើគុណភាពផ្លែឈើថៃ បើទោះជាមានគូប្រជែងក្នុងទីផ្សារទុរេនកើនឡើងក្តី ដូចជា ៖ ប្រទេសវៀតណាម, ហ្វីលីពីន និងម៉ាឡេស៊ី ។
គួរបញ្ជាក់ថា ការនាំចេញផ្លែឈើស្រស់ក្លាស្សេ និងផ្លែឈើក្រៀមរបស់ប្រទេសថៃនៅឆ្នាំ២០២៣ ស្មើទឹកប្រាក់ជាង២សែន៣ម៉ឺនលានបាត ហើយក្នុងចំនួននេះ ទឹកប្រាក់បានពីការនាំចេញទុរេន ស្មើរហូតដល់១សែន៤ម៉ឺនលានបាត ៕










