ប្រទេសប្រេស៊ីល ៖ លោកយាយម្នាក់ឈ្មោះ Daniela Almeida Vera អាយុ៨១ឆ្នាំ រស់នៅប្រទេសប្រេស៊ីល បាន ស្លា.ប់ ក្រោយពីក្រុមគ្រូពេទ្យធ្វើការវះកាត់ ដើម្បីយកទារកចេញពីផ្ទៃរបស់គាត់ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ។ លោកយាយពុំបានដឹងថា មានទារកក្នុងផ្ទៃនោះទេ ហើយគាត់ចេះតែនិយាយថា ឈឺពោះជាញឹកញាប់ ។
លោកយាយ Daniela មានកូនចំនួន៧នាក់ និងមានចៅសរុប៤០នាក់ ហើយលោកយាយរស់នៅតំបន់ជនបទ ដែលជាសហគមន៍ជនជាតិដើមភាគតិច ។ លោកយាយរូបនេះភ័យខ្លាចនៅពេលទៅជួបគ្រូពេទ្យម្តងៗ ព្រមទាំងខ្លាចឧបករណ៍វះកាត់របស់គ្រូពេទ្យទៀតផង ។ ហេតុនេះ គាត់ក៏សម្រេចចិត្តព្យាបាលជំងឺរបស់ខ្លួន ដោយប្រើប្រាស់ឱសថបុរាណ ច្រើនជាងទៅមន្ទីរពេទ្យ ។ នេះបើតាមការរៀបរាប់របស់កូនស្រីគាត់ ដែលមានអាយុ២១ឆ្នាំ ។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ លោកយាយតែងតែនិយាយប្រាប់កូនចៅថា គាត់ឈឺពោះជាញឹកញាប់ ។ រីឯស្វាមីរបស់គាត់ធ្លាប់និយាយថា លោកយាយឈឺពោះបែបនេះ តាំងពីមានផ្ទៃពោះជាលើកដំបូងមកម៉្លេះកាលពីគាត់នៅក្មេង (គឺលោកយាយមានផ្ទៃពោះជាមួយស្វាមីមុន) ។
លោកយាយនិយាយថា ដូចមានទារកកម្រើកនៅក្នុងពោះ ហើយពេលខ្លះទៀត វាបានធ្វើឱ្យលោកយាយពុំស្រួលខ្លួនខ្លាំងទៀតផង ។ រីឯកូនស្រីនិយាយថា នាងចាំពុំបានថា នៅពេលនោះ ម្តាយមានអាយុប៉ុន្មានឆ្នាំទេ ។
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្រុមគ្រួសារក៏បានបញ្ជូនលោកយាយទៅព្យាបាលជំងឺនៅមន្ទីរពេទ្យមួយកន្លែងក្នុងតំបន់ ដោយសារតែមានរោគសញ្ញាឆ្លងមេរោគក្នុងតម្រង់នោម ប៉ុន្តែនៅពេលគ្រូពេទ្យឆ្លុះ X-ray រកឃើញថា មានទារកនៅក្នុងផ្ទៃរបស់គាត់ ។ ទារកនេះមានសភាពរឹងខ្លាំងដូចថ្ម ហើយគ្រូពេទ្យបញ្ជាក់ថា គាត់មានផ្ទៃពោះនៅក្រៅស្បូន កាលពីប្រមាណ៥៦ឆ្នាំមុន ។
ក្រោយពីរកឃើញទារកនៅក្នុងផ្ទៃអស់រយៈពេល៥៦ឆ្នាំ ក្រុមគ្រូពេទ្យក៏បានវះកាត់យកទារកចេញពីក្នុងផ្ទៃ បន្ទាប់មក គ្រូពេទ្យក៏បញ្ជូនគាត់ទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ (ICU) ប៉ុន្តែគាត់បានស្លាប់នៅថ្ងៃបន្ទាប់ គឺថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ។ ចំណែកអ្នកជំនាញលើកឡើងថា វាជាករណីដំបូងគេ និងកម្រមានស្ត្រីណាម្នាក់ជួបហេតុការណ៍បែបនេះណាស់ ៕










