កម្មវិធីប្រកួតស្ត្រីជាសាកល Universal Women 2024 ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះបានរកឃើញម្ចាស់ជ័យលាភីហើយគឺបានទៅលើបេក្ខភាពមកពីប្រទេសហ្វីលីពីន អ្នកនាង Maria Gigante ខណៈកម្ពុជា ដែលមានអ្នកនាង Brianna Mai ជាបេក្ខភាពទទួលបានចំណាត់ថ្នាក់លំដាប់រងទី៣។
កាលពីរាត្រីថ្ងៃទី២២ ខែមីនា នេះកម្មវិធីប្រកួត Universal Women 2024 បានឈានដល់វគ្គផ្តាច់ព្រ័ត្រដោយបេក្ខភាពចូលរួមមានចំនួនជាង៥០ប្រទេសមកពីជុំវិញពិភពលោក ។ បេក្ខភាពតំណងប្រទេស ហ្វីលីពីន គឺម្ចាស់ជ័យលាភីក្នុងការប្រកួតលើកទី២នេះ លំដាប់រងទី១ បានទៅលើ វេណេស៊ុយអេឡា ចំណែកឯ បារាំង បានជាប់លំដាប់រងទី២ កម្ពុជា ជាប់លំដាប់រងទី៣ ខណៈ សាធារណរដ្ឋដូមីនីកែន(Dominican Republic) ជាប់លំដាប់រងទី៤។ ងាកទៅកាន់ប្រទេសក្នុងតំបន់អាស៊ានដែលបានចូលរួមប្រកួតផ្សេងទៀតមានដូចជា ថៃ វៀតណាម ម៉ាឡេស៊ី បានជាប់ក្នុងបញ្ជីTOP24។.png)
ក្នុងរយៈពេលពីរឆ្នាំនៃកម្មវិធីប្រកួត Universal Women ឃើញថាប្រទេសកម្ពុជាទទួលបានលទ្ធផលសុទ្ធតែល្អចូលដល់កំពូល៥នាក់ចុងក្រោយទាំងអស់។ កាលពីឆ្នាំ២០២៣ បេក្ខភាពតំណាងកម្ពុជាអ្នកនាង ប្រាសាទ ដាវីន ទទួលបានចំណាត់ថ្នាក់លំដាប់រងទី៤ នៅលើទឹកដីឌូបៃ។ ក្នុងឆ្នាំនេះកូនខ្មែរកាត់អាម៉េរិក អ្នកនាង Brianna Mai បានជាប់លំដាប់រងទី៣ ការប្រកួត Universal Women 2024។
យោងតាមគេហទំព័រផ្លូវការ Universal Woman គឺជា «ជាវេទិកាមួយដើម្បីអភិវឌ្ឍ និងលើកកម្ពស់ភាពស្រស់ស្អាតខាងក្នុង និងវប្បធម៌ចម្រុះរបស់ស្រ្តីទូទាំងពិភពលោក។ ការប្រកួតនេះអនុញ្ញាតឱ្យស្ត្រីមានអាយុពី២៥ដល់៤៥ឆ្នាំចូលរួមការប្រកួតដោយគ្មានការរឹតបន្តឹងលើកម្ពស់ ទម្ងន់ និងស្ថានភាពអាពាហ៍ពិពាហ៍ឡើយ»។
ការរៀបចំនៅលើទឹកកម្ពុជានេះគឺក្រោមការគ្រប់គ្រងរបស់អ្នកនាង ប្រាសាទ ដាវីន ដោយការរៀបចំនេះបាននាំបេក្ខភាពបានទៅទស្សនៈកិច្ចនៅខេត្តសៀមរាប និង ខេត្តព្រះសីហនុ។ កម្មវីធីស្រ្តីជាសាកល២០២៤ នេះទទួលបានចាប់អារម្មណ៍ពីសាធារណជនគួរឱ្យកត់សម្គាល់ ជាពិសេសទទួលបានកិត្តិយសខ្ពង់ខ្ពស់នៅលើបណ្តាញសង្គមរបស់នាយករដ្ឋមន្រ្តីក៏បានចូលរួមផ្សព្វផ្សាយផងដែរជាហេតុធ្វើឱ្យអ្នកនាង ប្រាសាទ ដាវីន រំភើបចិត្តយ៉ាងខ្លាំង៕










