ប្រាសាទព្រះវិហារ បានបង្ហាញនូវភាពលេចធ្លោរបស់ខ្លួន ស្ទើរតែមិនមានអ្នកដឹងទេថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រីក៏តែងមានទំនាក់ទំនងជាមួយប្រាសាទនេះដែរ។
ថ្ងៃទី ២០ ២១ ២២ ខែមីនានេះ ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិរាប់ម៉ឺននាក់ផ្អើលភ្លុកទឹកភ្លុកដីទៅទស្សនាព្រឹត្តិការណ៍សមរាត្រី ឬព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាល នៃប្រាសាទអង្គវត្ត នៅលើទឹកដីនៃខេត្តសៀមរាប ដែលព្រឹត្តការណ៍នេះគឺកម្រខ្លាំងបំផុត ព្រោះមួយឆ្នាំមានតែ២ដងប៉ុណ្ណោះ។ 
ក្រឡេកមកមើល ប្រាសាទបុរាណខ្មែរដ៏ល្បីរន្ទឺរមួយទៀត គឺប្រាសាទព្រះវិហារ កាលពីថ្ងៃទី២២ ខែមីនានេះ យោងតាមការបង្ហោះដោយគណនីហ្វេសបុក Oeur Sopheap Preah Vihear បានបង្ហាញពីរូបភាពមហោសច្ចារ្យប៉ុន្មានសន្លឹក ដែលបង្ហាញឲ្យឃើញថា កម្ពុជាមិនមែនមានតែប្រាសាទអង្គរវត្តទេដែលកើតមានព្រឹត្តិការណ៍សមរាត្រី។ ជាមួយគ្នានេះ នៅឯប្រាសាទព្រះវិហារវិញក៏កើតមានព្រឹត្តិការណ៍នេះដូចគ្នាដែរ ដែលពន្លឺព្រះអាទិត្យរះចាំងជះចំកណ្តាលទ្វារប្រាង្គប្រាសាទស្រីសិខារីស្វរៈ (ប្រាសាទព្រះវិហារ) ដ៏វិសេសវិសាលបំផុត។
ព្រឹត្តិការណ៍ ដែលជាទូទៅគេស្គាល់ថា «សមរាត្រី ឬ Equinox» គឺកើតមានតែ២ដងទេក្នុង១ឆ្នាំ។ សមរាត្រីនេះគឺមានន័យថា «ថ្ងៃនិងយប់មានរយៈពេលស្មើគ្នា» ដែលមានតែក្នុងខែមីនា និងកញ្ញាប៉ុណ្ណោះ។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ឬយប់មានរយៈពេលវែងជាងថ្ងៃជាដើម។
កាលដែល ប្រាសាទខ្មែរមួយចំនួនបង្ហាញពីភាពអស្ចារ្យរបស់ខ្លួនដែលផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍សមរាត្រីនេះបាន ពោលគឺប្រាសាទអង្គរវត្តនិងព្រះវិហារ ព្រោះថា ស្ថាបត្យកម្មខ្មែរទាំងនោះសុទ្ធតែបានស្ថាបនាឡើង និងគិតគូរយ៉ាងល្អិតល្អន់អំពី រូបមន្តគណិតវិទ្យា និងតារាសាស្រ្ត ដែលមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងធម្មជាតិ ភពផែនដី និងព្រះអាទិត្យ។ 
គួរបញ្ជាក់ថា តាមសិលាចារឹកប្រាសាទព្រះវិហារឈ្មោះតាមលិង្គ ដែលតម្កល់ទុកនៅទីនោះមានឈ្មោះថា ប្រាសាទស្រីសិខារិស្វរៈ ដែលមានន័យថាម្ចាស់នៃកំពូលភ្នំ។ ប្រាសាទព្រះវិហារជាប្រាសាទរបស់សាសនាហិណ្ឌូ ដែលបានសាងសង់ឡើងជាបន្តបន្ទាប់ចាប់ពីសតវត្សទី៩-១២ ដោយព្រះមហាក្សត្រខ្មែរជាច្រើនអង្គ។ ក្នុងនោះព្រះមហាក្សត្រដែលមានភាពលេចធ្លោជាងគេនៃការស្ថាបនាប្រាសាទព្រះវិហារនេះគឺ ព្រះបាទយសោវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទសូរ្យវរ្ម័នទី២៕










