ជឿជាក់ថាអ្នកមួយចំនួនធំជ្រាបមកហើយ ហ្វេនៗមួយចំនួនរបស់តារាចម្រៀងរ៉េបល្បីឈ្មោះទាំងពីររូបគឺ ជី ដេវីត និង វណ្ណដា តែងតែបង្កសង្គ្រាមពាក្យសម្តីនៅលើបណ្តាញសង្គមមិនចេះចប់។ ការពិតទៅក៏មានអ្នកខ្លះដែលបញ្ចេញមតិយោបល់ដៀមដាលពីម្ខាងទៅម្ខាងនាំឱ្យកំហឹងឆេះឡើងមិនមែនកើតឡើងពីហ្វេនៗរបស់អ្នកទាំងពីរទាំងស្រុងនោះទេ ប៉ុន្តែមានជនឆ្លៀតឱកាសចង់ឱ្យហ្វេនៗទាំងសងខាងឈ្លោះប្រកែកគ្នា។
ថ្មីៗនេះ ជី ដេវីត បានបង្ហើបចង្វាក់ភ្លេងបទសម្រាប់ចូលឆ្នាំទុកឱ្យហ្វេនៗរាំកម្សាន្តបន្ទាប់ពីខកខានធ្វើបទចូលឆ្នាំខ្មែរជាច្រើនឆ្នាំ។ ការបង្ហើបចង្វាក់ភ្លេងពីសំណាក ជី ដេវីត ធ្វើឱ្យហ្វេនៗត្រេកអរព្រាតចង់ឱ្យលោកទម្លាក់បទឆាប់ៗ។ តាមរយៈស្នាដៃរបស់តារាចម្រៀងរូបនេះផលិតក្នុងឱកាសចូលឆ្នាំខ្មែរដែលមានការរាំលេងកម្សាន្តមិនចេះជិនណាយគឺបទ «រាំញីកែងជើង» «រាំពាក់ម៉ាស់» និងបទជាច្រើនទៀតក្នុងពេលលោកនៅផលិតកម្មរស្មីហង្សមាស។

ទន្ទឹមនឹងឆ្នាំ២០២៤ ជី ដេវីត មានបទសម្រាប់ចូលឆ្នាំ ស្រាប់តែមានជនឆ្លៀតឱកាសអ្នកបង្កើតផេកថ្មីមួយចំនួនមិនគិតពីសីលធម៌ យកភ្លេងដែលលោកបង្ហើបក្នុងការ Live មកភ្ជាប់ជាមួយខម្មិនក្នុងន័យផ្លែផ្កាឱ្យហ្វេន វណ្ណដា ហាមមិនឱ្យរាំបទថ្មីរបស់ ជី ដេវីត។ ជនឆ្លៀតឱកាស បានសរសេរថា «កម្មស្និទ្ធផ្តាច់មុខរបស់ហ្វេន ជី ដេវីត ខាងនោះហាមរាំ»។
ការសរសេរភ្ជាប់មកបែបនេះបានឱ្យ ហ្វេន ជី ដេវីត មិនពេញចិត្តយ៉ាងខ្លាំងថែមទាំងស្នើឱ្យម្ចាស់ផេកកែតម្រូវ ខ្លឹមសាររបស់ខ្លួនវិញ ព្រោះហ្វេនពិតប្រាកដគេមិនធ្វើឱ្យហ្វេនអ្នកដទៃមកជេរអាយដលខ្លួននោះទេ។ ការប្រើ Caption បែបនេះក៏ធ្វើឱ្យហ្វេនៗរបស់ វណ្ណដា បញ្ចេញមតិប្រតិកម្មដូចគ្នា។
នេះជាផ្នែកតូចមួយនាសម័យឌីជីថលដែលមានជនឆ្លៀតឱកាសខិលខូចបង្កើតផេកថ្មីហើយធ្វើទង្វើបែបនេះដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គមឱ្យស្គាល់ផេករបស់ខ្លួនបានច្រើនដោយមិនគិតពីសីលធម៌។ ការឈ្លោះទាស់ទែងពីហ្វេនៗមួយចំនួនរបស់ ជី ដេវីត និង វណ្ណដា ដែលកើតមានឡើងនៅលើបណ្តាញសង្គមមិនចេះចប់នេះក៏អាចដោយសារតែជនឆ្លៀតឱកាសនេះបង្កព្យុះភ្លៀងមិនមែនជាហ្វេនអ្នកណាទាំងអស់ តែចាក់ឱ្យហ្វេនៗសងខាងឈ្លោះគ្នា៕