ប្រទេសអេស្ប៉ាញ ៖ មិនយូរទៀតទេ ការយាមល្បាតរបស់ប៉ូលិសអេស្ប៉ាញអាចមើលទៅប្លែកភ្នែកបន្តិច ពីព្រោះនឹងមានឆ្កែយន្តដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបមកជួយយាមល្បាតជាមួយប៉ូលិសនៅតំបន់ Costa del Sol ក្នុងទីក្រុង Malaga ប្រទេសអេស្ប៉ាញ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ។
ឆ្កែយន្តទាំងនេះបានផលិតដោយក្រុមសាស្ត្រាចារ្យ និងវិស្វករ ចំនួនជាង៤០នាក់ មកពីសាកលវិទ្យាល័យ Malaga ក្នុងគោលបំណងប្រើប្រាស់សម្រាប់យាមល្បាតនៅតាមដងផ្លូវនានានៅកណ្តាលក្រុង, ជួយប៉ូលិសប្រចាំតំបន់ដើម្បីថែទាំសុវត្ថិភាពក្នុងតំបន់ និងស្វែងរកអំពើឧក្រិដ្ឋកម្មផងដែរ ។ រីឯបច្ចេកវិទ្យាទំនើបរបស់ឆ្កែយន្ត ក្រៅពីវាមានឧបករណ៍ចាប់សញ្ញាជាច្រើនហើយ គឺវាអាចបញ្ជាតាមរយៈបច្ចេកវិទ្យាបណ្តាញ 5G ផងដែរ ។
ក្រៅពីនេះ ឆ្កែយន្តទំនើបនេះនឹងអាចថតនូវសកម្មភាពផ្សេងៗជាវីដេអូទុក, វិភាគលើរូបភាព និងរាយការណ៍អំពីហេតុការណ៍ដែលបានកំណត់ជាមុនផងដែរ ដូចជា ៖ ការលួច-ឆក់កាបូបនៅតាមដងផ្លូវ ជាដើម ។
បច្ចុប្បន្ន ក្រុមអ្នកផលិតឆ្កែយន្ត ពុំទាន់បានដាក់ឈ្មោះវាជាផ្លូវការនៅឡើយទេ ហើយវាកំពុងតែស្ថិតក្នុងដំណាក់កាលសាកល្បងប្រើប្រាស់ ។ ក្រុមអ្នកផលិតបញ្ជាក់ថា ប៉ូលិសប្រចាំតំបន់អាចប្រើប្រាស់ឧបករណ៍បញ្ជាពីចម្ងាយសម្រាប់ការដើរយាមល្បាតរបស់ឆ្កែយន្ត ហើយនៅពេលខាងមុខ ក្រុមអ្នកផលិតនឹងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីឱ្យឆ្កែយន្តអាចដើរយាមល្បាតដោយខ្លួនវា និងពុំចាំបាច់មានការបញ្ជាពីចម្ងាយ ។
ទោះយ៉ាងណា ក្រុមអ្នកផលិតឆ្កែយន្ត បញ្ជាក់ថា ជំហានដំបូង គេអាចប្រើប្រាស់ឆ្កែយន្តឱ្យដើរយាមល្បាតក្នុងតំបន់ផ្សេងៗ និងមានបញ្ជាពីចម្ងាយ ។ ប៉ុន្តែការប្រើប្រាស់ឱ្យឆ្កែយន្តឱ្យដើរយាមល្បាតដោយស្វ័យប្រវត្តិ និងគ្មានការបញ្ជាពីមនុស្សនោះ គេពុំទាន់បានកំណត់ពេលវេលាជាក់លាក់សម្រាប់ការប្រើប្រាស់នៅឡើយទេ ៕










