ប្រទេសអូស្ត្រាលី ៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសអូស្ត្រាលីនឹងចាប់ខ្លួនអ្នកបើករថយន្តតាក់ស៊ីយកមកដាក់ទោសតាមច្បាប់ ករណីពួកគេពុំព្រមចុច Meter សម្រាប់គិតថ្លៃធ្វើដំណើរតាមចម្ងាយផ្លូវត្រឹមត្រូវ ព្រមទាំងបញ្ជូនឈ្មោះអ្នកបើកតាក់ស៊ីណាដែលនៅតែរឹងទទឹងចូលក្នុង បញ្ជី.ខ្មៅ ។ ហេតុនេះ អ្នកមានឈ្មោះក្នុងបញ្ជីខ្មៅពុំអាចបើកតាក់ស៊ីបានទៀតទេ ដើម្បីកុំឱ្យពួកគេដើរខ្សែលើអតិថិជន និងអ្នកផ្សេងទៀតយកគំរូតាម ។
បញ្ហាអ្នកបើកបររថយន្តតាក់ស៊ីទាមទារថ្លៃធ្វើដំណើរខ្ពស់ពីអតិថិជន ដោយសារតែពុំព្រមចុច Meter គឺជាបញ្ហាមួយដែលតែងតែកើតឡើងនៅប្រទេសជាច្រើន សូម្បីតែនៅប្រទេសអូស្ត្រាលី ។ ហេតុនេះ អាជ្ញាធរអូស្ត្រាលីបានដោះស្រាយបញ្ហានេះ និងប្រកាសអំពីគោលការណ៍យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់រថយន្តតាក់ស៊ីទាមទារថ្លៃធ្វើដំណើរខ្ពស់ពីអ្នកជិះ ខុសពីចម្ងាយផ្លូវត្រឹមត្រូវ ។
អាជ្ញាធររដ្ឋ New South Wales ប្រទេសអូស្ត្រាលី នឹងត្រៀមបញ្ជូនឈ្មោះអ្នកបើកបរតាក់ស៊ីណា ដែលបដិសេធមិនព្រមចុច Meter ឬចុច Meter ប៉ុន្តែគិតថ្លៃធ្វើដំណើរលើសពីតម្លៃជាក់ស្តែងចូលក្នុងបញ្ជីខ្មៅ ពីព្រោះនាពេលកន្លងមក មានករណីអ្នកបើកបររថយន្តតាក់ស៊ីមួយចំនួនទាមទារថ្លៃធ្វើដំណើរខ្ពស់ពីអតិថិជន ។
Anthony Wing គឺជាគណៈកម្មការផ្នែកដឹកជញ្ជូនប្រចាំរដ្ឋ New South Wales លើកឡើងថា នឹងមានមន្ត្រីជាង៧០នាក់ រង់ចាំត្រួតពិនិត្យអ្នកបើកបររថយន្តតាក់ស៊ីថា តើពួកគេព្រមអនុវត្តតាមគោលការណ៍ណែនាំរបស់អាជ្ញាធរដែរឬអត់? បើរកឃើញថា អ្នកបើកតាក់ស៊ីណាម្នាក់ពុំព្រមចុច Meter តាមការស្នើសុំពីអតិថិជនទេនោះ អាជ្ញាធរនឹងចាត់វិធានការផ្តន្ទាទោសជនល្មើសតាមច្បាប់ និងមិនអនុញ្ញាតឱ្យជនល្មើសបើកតាក់ស៊ីបន្តទៀតទេ ។
គេសង្កេតឃើញថា អ្នកបើកបររថយន្តតាក់ស៊ីមួយចំនួននៅប្រទេសអូស្ត្រាលីពុំព្រមចុច Meter ទេ បើទោះជាមានការស្នើសុំពីអតិថិជនអតិថិជនក្តី ។ ហេតុនេះ អាជ្ញាធររដ្ឋ New South Wales ប្រកាសថា អាជ្ញាធរនឹងដាក់ទោសតាមច្បាប់ ព្រមទាំងបញ្ជូនឈ្មោះអ្នកបើករថយន្តតាក់ស៊ីចូលក្នុងបញ្ជីខ្មៅផងដែរ ដើម្បីកុំឱ្យអ្នកផ្សេងទៀតយកគំរូអាក្រក់តាម ៕










