បរទេស៖ ក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថានឹងកាន់តំណែងលេខមួយនៅលើទីផ្សារស្មាតហ្វូនដែលអាចបត់បានក្នុងឆមាសទីមួយ នៃឆ្នាំ ២០២៤ ដោយសារតែការលក់ Mate X5 និង Pocket 2 ខ្ពស់ជាងការរំពឹងទុក នេះបើយោងតាម Korea Joongang Daily ដែលបានចុះផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ។
បើតាមការព្យាករណ៍ស្ថិតិរបស់ក្រុមហ៊ុនប្រឹក្សាខ្សែសង្វាក់ផ្គត់ផ្គង់ DSCC ក៏បានឱ្យដឹងទៀតថា ក្រុមហ៊ុន Huawei នឹងដណ្តើមយកចំណែកទីផ្សារដែលអាចបត់បានច្រើនជាង ៤០ ភាគរយនៅក្នុងត្រីមាសទី១ នៃស្មាតហ្វូនចេញថ្មីរបស់ខ្លួនគឺ Mate X5 និង Pocket 2 ខណៈ Samsung មិនបានបញ្ចេញទូរស័ព្ទដែលអាចបត់បានថ្មីទេរហូតដល់ឆមាសទីពីរនៃឆ្នាំនេះ។
របាយការណ៍ DSCC បាននិយាយថា នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២៣ ទីផ្សារស្មាតហ្វូនអេក្រង់បត់របស់ Huawei បានកើនឡើងយ៉ាងខ្លាំងជាមួយនឹងការនាំចេញឧបករណ៍ចំនួន ៤.២ លានគ្រឿង កើនឡើង ៣៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដូច្នេះការអនុវត្តដ៏រឹងមាំពីក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថានឹងជំរុញទីផ្សារទូរស័ព្ទដែលអាចបត់បានក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ឱ្យកើនឡើង ១០៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ Samsung នៅតែនាំមុខទីផ្សារ បើទោះបីជាការលក់ Galaxy Z Flip5 និង Z Fold5 ទាបជាងការរំពឹងទុកក៏ដោយ។ គួរបញ្ជាក់ដែថា ទូរស័ព្ទបត់ដែលពេញនិយមបំផុតទាំងប្រាំមាន Galaxy Z Flip5, Huawei Mate X3, Honor Magic Vs2, Galaxy Z Fold5 និង Oppo Find N3 Flip។ នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ មានផលិតផលចំនួន ៤ របស់ Samsung, និងស្មាតហ្វូនដែលអាចបត់បានរបស់ Honor មានពីរ, Oppo ពីរ, Huawei មួយ, និង Xiaomi មួយ។
ហេតុនេះហើយ បើយោងទៅតាមអ្នកវិភាគ DSCC ទីផ្សារនឹងឃើញការផ្លាស់ប្តូរទីតាំងនាពេលខាងមុខ។ ការលក់ទូរស័ព្ទដែលអាចបត់បានរបស់ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដោយសារតែអ្នកប្រើប្រាស់នឹងរង់ចាំពីរម៉ូដែល Z Flip6 និង Z Fold6 ដែលរំពឹងថានឹងចេញលក់ក្នុងខែកក្កដា ដើម្បីពិចារណាជ្រើសរើសឧបករណ៍ជំនាន់ថ្មី ឬទូរស័ព្ទចាស់ក្នុងតម្លៃថោកជាង។
ដូច្នេះក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុន Huawei ទំនងជានឹងឡើងដល់កំពូល ហើយម៉ូដែលដែលអាចបត់បានទាំងពីរគឺ Mate X5 និង Pocket 2 អាចឈរលើកំពូលនៃតារាងលក់។ ទោះជាយ៉ាងណាក៏ដោយ DSCC ជឿជាក់ថាការកើនឡើងនេះគឺគ្រាន់តែជាការបណ្ដោះអាសន្នប៉ុណ្ណោះព្រោះថា Samsung នឹងដណ្តើមបានតំណែងកំពូលវិញបន្ទាប់ពីការចេញលក់ Galaxy Z Flip6 និង Z Fold6 duo នៅដើមត្រីមាសទី ៣ នៃឆ្នាំ ២០២៤៕










