ប្រទេសឥណ្ឌា ៖ សារព័ត៌មានបរទេសបានរាយការណ៍ពីហេតុការណ៍កំពុងល្បីល្បាញក្នុងបណ្តាញសង្គមប្រទេសឥណ្ឌា ហើយវីដេអូបង្ហាញថា ឪពុក-ម្តាយជាច្រើននាក់នាំគ្នាឡើងលើជញ្ជាំងសាលា ដើម្បីបោះព្រុយយ៉ុងឱ្យកូនដែលកំពុងអង្គុយប្រឡងក្នុងបន្ទប់ ។ ចំណែកគ្រូអនុរក្ស និងអាជ្ញាធរលើកឡើងថា តើពួកគេទទួលបានវិញ្ញាសាប្រឡងមកពីណា ឬមានអ្នកខាងក្នុងផ្តល់ឱ្យ ។
ហេតុការណ៍នេះបានកើតឡើងនៅសាលារៀនចាន់ដ្រាវ៉ាត ស្ថិតក្នុងទីក្រុងហានយ៉ាណាក់ រដ្ឋហ័រយ៉ាណា ប្រទេសឥណ្ឌា ។ ឪពុក-ម្តាយសិស្សជាច្រើននាក់បាននាំគ្នាឡើងលើជញ្ជាំងសាលាដើម្បីបោះព្រុយយ៉ុងឱ្យកូន ដោយសារពួកគេទទួលបានវិញ្ញាសាប្រឡងមុន ។ ចំណែកអ្នកខ្លះទៀតបានស្រែកប្រាប់ចម្លើយតាមចន្លោះប្រហោងខ្យល់បន្ទប់ ដើម្បីឱ្យកូនដែលកំពុងអង្គុយប្រឡងសរសេរតាម ។
សាលារៀនចាន់ដ្រាវ៉ាត បានតម្រូវឱ្យកូនសិស្សប្រឡងមុខវិជ្ជាភាសាឥណ្ឌា ដើម្បីឡើងថ្នាក់ទី១០ ។ មុននេះ មានកូនសិស្សម្នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន ករណីធ្វើឱ្យបែកធ្លាយវិញ្ញាសាប្រឡងទៅក្នុងបណ្តាញសង្គម ។ ការបែកធ្លាយវិញ្ញាសានេះ មិនមែនកើតឡើងតែនៅសាលារៀនចាន់ដ្រាវ៉ាត មួយទេ វិញ្ញាសាប្រឡងរបស់សាលារៀនផ្សេងទៀត ក៏បានបែកធ្លាយដូចគ្នាដែរ ។
សមត្ថកិច្ចនិយាយថា នៅថ្ងៃប្រឡង ពួកគេបានដើរត្រួតពិនិត្យតាមសាលារៀនជាច្រើនកន្លែង និងឃើញឪពុក-ម្តាយសិស្សជាច្រើននាក់មករង់ចាំកូននៅមណ្ឌលប្រឡងថ្នាក់ទី១២ សាលារៀន MSD ក្នុងទីក្រុងថារូ ។ ហេតុនេះ សមត្ថកិច្ចបានព្យាយាមបំបែកហ្វូងមនុស្សដើម្បីរៀបចំសណ្តាប់ធ្នាប់ក្នុងមណ្ឌលប្រឡង ហើយមានក្រុមយុវវ័យអាយុប្រមាណ២០ឆ្នាំ រត់គេចពីសមត្ថកិច្ច ។ សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់បញ្ជូនទៅកាន់ស្ថានីយប៉ូលិស ព្រមទាំងរឹបអូសកង់ចំនួន៨គ្រឿង និងសម្ភារៈផ្សេងទៀត ។
មន្ត្រីក្រសួងអប់រំឥណ្ឌាលើកឡើងថា ខាងក្រសួងអប់រំបានជ្រាបពីហេតុការណ៍នេះហើយ ហើយក្រសួងនឹងសហការជាមួយសមត្ថកិច្ចដើម្បីចាត់វិធានការអ្នកពាក់ព័ន្ធតាមច្បាប់ ។ ក្រៅពីនេះ ក្រសួងនឹងបង្កើនសុវត្ថិភាពនៅតាមសាលារៀនផងដែរ ក្នុងអំឡុងពេលកូនសិស្សប្រឡង ។
ចំណែកមន្ត្រីមន្ទីរអប់រំនៅតាមតំបន់និយាយថា មន្ទីរនឹងលុបចោលការប្រឡងលើកនេះ ព្រមទាំងចាប់ខ្លួនអ្នកធ្វើឱ្យបែកធ្លាយវិញ្ញាសាមកដាក់ទោសឱ្យបាន ពីព្រោះវាជាទង្វើដ៏ហួសចិត្ត និងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអប់រំជាតិ ៕










