ប្រទេសចិន ៖ សារព័ត៌មានបរទេសរាយការណ៍ថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ប្រទេសចិនបានសិក្សាស្រាវជ្រាវឧស្ម័នធម្មជាតិនៅក្រោមដី ដោយការខួងអណ្តូងពិសេសមួយក្នុងជម្រៅរហូតដល់១ម៉ឺនម៉ែត្រ នៅបរិវេណស៊ីនជៀង អ៊ុយគូ ស្ថិតក្នុងតំបន់ពាយ័ព្យប្រទេសចិន ។ លើសពីនេះ ក្រុមការងារនៅតែបន្តខួងអណ្តូងឱ្យកាន់តែជ្រៅបន្ថែមទៀត ។
គេចាត់ទុកថា វាជាការបោះជំហានទៅមុខនៃភារកិច្ចស្រាវជ្រាវក្រោមដីរបស់ប្រទេសចិន ។ ផ្ទៃដីសម្រាប់ខួងអណ្តូងពិសេស ឬហៅថា «ឈៀនទីថាខឺ ១» ស្ថិតនៅឆ្ងាយពីសមុទ្រខ្សាច់ ហើយគេសង្ឃឹមថា វានឹងមានជម្រៅរហូតដល់១ម៉ឺន១ពាន់១រយម៉ែត្រ ។ វាជាអណ្តូងស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រដំបូងគេរបស់ចិន ដែលបានខួងចូលក្នុងដីក្នុងជម្រៅលើស១ម៉ឺនម៉ែត្រ ។
ការខួងអណ្តូងនេះបានចាប់ផ្តើមដំណើរការ តាំងពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ មកម៉្លេះ ។ ក្រុមការងារបានខួងដីដោយឆ្លងកាត់ថ្មរហូតដល់១៣ជាន់ ដោយបានប្រើប្រាស់បំពង់ខួងប្រមាណ១ម៉ឺនបំពង់ និងមានម៉ាស៊ីនខួងអណ្តូងចំនួន២០គ្រឿង ។
ហ្វាង ឈុនសឺង ជានាយកក្រុមជំនាញអណ្តូងប្រេង «Tarim» និយាយថា វាជាលើកដំបូងហើយដែលប្រទេសចិនបានខួងអណ្តូងក្នុងជម្រៅរហូតដល់១ម៉ឺនម៉ែត្រ ។ Tarim Basin ស្ថិតនៅចន្លោះភ្នំធៀនតាន និងភ្នំខុនឡុន ហើយវាជាផ្ទៃដីដ៏លំបាកបំផុតសម្រាប់ការស្រាវជ្រាវ ។
នាយកក្រុមជំនាញអណ្តូងប្រេង «Tarim» បន្តទៀតថា ការខួងអណ្តូងនេះប្រឈមនឹងឧបសគ្គយ៉ាងខ្លាំង ហើយវាកាន់តែលំបាកខ្លាំងឡើងនៅពេលខួងអណ្តូងកាន់តែជ្រៅ ។ បច្ចុប្បន្ន ការខួងអណ្តូងជ្រៅបំផុតនៅលើពិភពលោក គឺមានជម្រៅស្មើនឹង១ម៉ឺន២ពាន់២៦២ម៉ែត្រ ។
ចំណែកអ្នកជំនាញមកពីស្ថាប័នវិទ្យាសាស្ត្រចិនឈ្មោះ ជៀក ឈើងចៅ និយាយថា «ឈៀនទីថាខឺ ១» បានក្លាយជារណ្តៅមានជម្រៅជ្រៅលំដាប់ទី២ នៅលើពិភពលោក និងជ្រៅបំផុតនៅតំបន់អាស៊ី ។ វាជាគោលដៅសំខាន់យ៉ាងខ្លាំងក្នុងការស្រាវជ្រាវនៅក្រោមដីដែលមានជម្រៅយ៉ាងជ្រៅ រួមទាំងការស្រាវជ្រាវរកឧស្ម័នធម្មជាតិផងដែរ ៕










