បច្ចុប្បន្នរថយន្តប្រភេទ SUV គ្រប់គ្រងការលក់ជាបណ្តើរៗនៅក្នុងទីផ្សាររថយន្តពិភពលោក ដោយក្នុងក្រុមហ៊ុនផលិតរថយន្តទំនើប ជាច្រើនបានដាក់បង្ហាញនៅរថយន្ត SUV ដ៏ប្រណិតដែលមានតម្លៃថ្លៃបំផុតចាប់ពី ៣៥ ម៉ឺនដុល្លារឡើងទៅរហូតដល់ជិត ២ លានដុល្លារអាមេរិក។ ដូច្នេះខាងក្រោមនេះ គឺជាប្រភេទរថយន្ត SUV កំពូលទាំង ១០ ដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោក៖
១. Karlmann King៖ រថយន្ត SUV Karlmann King មានតម្លៃ ១.៩ លានដុល្លារអាមេរិក គឺជារថយន្តដ៏ថ្លៃបំផុតនៅលើពិភពលោក ដែលក្នុងមួយឆ្នាំមានតែ ៩ គ្រឿងប៉ុណ្ណោះដែលត្រូវបានផលិត។ រថយន្តនេះបង្ហាញពីបន្ទាត់កាត់ និងរាងសាច់ដុំ ដែលបំពាក់ដោយម៉ាស៊ីន V10 ចំណុះ ៦,៨ លីត្ររបស់ Ford មានកម្លាំង ៤០០ សេះ និងមានល្បឿនអតិបរមាត្រឹមតែ ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ រីឯផ្ទៃខាងក្នុងអាចត្រូវបានរៀបចំដោយ ៤, ៥, ៦ ឬ ៧ កៅអី។
២. Scarbo Vintage SV Rover៖ រថយន្ត SUV Scarbo Vintage SV Rover មានតម្លៃ ១.៥ លានដុល្លារអាមេរិក ជាប្រភេទរថយន្តកូនកាត់ រួមបញ្ចូលគ្នានូវរចនាប័ទ្មនៃ Ford Bronco, Land Rover Defender និង Hummer H1 ដែលមានរាងមូល រាងការ៉េ និងជិះខ្ពស់។ រថយន្តនេះបំពាក់ដោយម៉ាស៊ីន Supercharged V8 ដែលមានកម្លាំង ១,១០០ សេះ និងមានសូម្បីតែកំណែអគ្គិសនីដែលមានកម្លាំង ១,០០៦ សេះផងដែរ។
៣. Dartz Prombron៖ Dartz Prombon គឺជារថយន្ត SUV ដែលមានតម្លៃថ្លៃបំផុតពីប្រទេសឡាតវី។ ម៉ូដែលរថយន្តនេះមានទ្រនាប់ការពារគ្រាប់កាំភ្លើងមានតួសរសៃ Kevlar និងទីតានីញ៉ូម បច្ចេកវិទ្យាស្គេនភ្នែក ស្កេនក្រយៅដៃ កាមេរ៉ាស៊េរី ស្នែង និងដៃទ្វារឆក់។ Dartz Prombron ជាប្រភេទរថយន្ត Mercedes មានចំណុះ ៦ លីត្រ Twin-Turbo V12 មានកម្លាំង ១៥០០ សេះ និងមានតម្លៃ ១.២ លានដុល្លារអាមេរិក។
៤. Mercedes-Maybach G650 Landaulet៖ រថយន្តដ៏ប្រណិតនេះ ផលិតតែ ៩៩ គ្រឿងប៉ុណ្ណោះនៅលើពិភពលោក ដោយវាបំពាក់ជាមួយម៉ាស៊ីន V12 ចំណុះ ៤,០ លីត្រ Bi-turbo អាចផលិតកម្លាំងបាន ៦៣០ សេះ មានតម្លៃលក់ ៧៥៤ ២០០ ដុល្លារអាមេរិក។
៥. Mercedes G63 AMG 6×6៖ រថយន្ត Mercedes G63 AMG 6×6 ផ្អែកនៅលើរថយន្ត G63 ប្រភេទ SUV បំពាក់ជាមួយម៉ាស៊ីន V8 ចំណុះ ៥,៥ លីត្រ Bi-turbo អាចផលិតកម្លាំងបាន ៥៤៤ សេះ និងកម្លាំងរមួល ១០០០ ញ៉ូតុនម៉ែត្រ មានតម្លៃលក់ ៥៤៤ ៣៧៨ ដុល្លារអាមេរិក។
៦. Rolls-Royce Cullinan Black Badge៖ កំណែ Black Badge របស់ Cullinan ផ្តល់ឱ្យរថយន្ត SUV កាន់តែមានថាមពលខ្លាំង ធ្វើឱ្យប្រសើរឡើងនូវម៉ាស៊ីន V12 Twin-turbo អាចផលិតកម្លាំងបាន ៦០០ សេះ និងកម្លាំងរមួល ៩០០ ញ៉ូតុនម៉ែត្រ មានតម្លៃលក់ ៤៥៣ ២៥០ ដុល្លារអាមេរិក។
៧. Ferrari Purosangue៖ Ferrari Purosangue គឺជារថយន្តបំពាក់ជាមួយម៉ាស៊ីន V12 ចំណុះ ៦,៥ លីត្រ អាចផលិតកម្លាំងបាន ៧២៥ សេះ និងកម្លាំងរមួល ៧១៦ ញ៉ូតុនម៉ែត្រ ដែលវាមានតម្លៃលក់ ៤០២ ០៥០ ដុល្លារអាមេរិក ។
៨.Rolls-Royce Cullinan៖ Cullinan ជារថយន្តប្រភេទ SUV ដំបូងបង្អស់របស់ម៉ាកយីហោប្រណីតរបស់អង់គ្លេស។ រថយន្តនេះបំពាក់ជាមួយម៉ាស៊ីន V12 Twin-turbo អាចផលិតកម្លាំងបាន ៥៧១ សេះ និងកម្លាំងរមួល ៨៥០ ញ៉ូតុនម៉ែត្រ ក៏ដូចជាមានតម្លៃលក់ ៣៧៦ ៧៥០ ដុល្លារអាមេរិក។
៩.Mercedes-AMG G63 4×4²៖ G63 4×4² មានសមត្ថភាពអស្ចារ្យជាង G63 ដែលរថយន្តបំពាក់ជាមួយម៉ាស៊ីន V8 Bi-turbo អាចផលិតកម្លាំងបាន ៥៨៥ សេះ មានតម្លៃលក់ ៣៥០ ០៥០ ដុល្លារអាមេរិក។
១០.Bentley Bentayga EWB Mulliner៖ គឺជារថយន្តចុងក្រោយដែលមានតម្លៃថ្លៃបំផុតលើលោក ដោយម៉ូដែលរថយន្តនេះបំពាក់ជាមួយម៉ាស៊ីន V8 Bi-turbo អាចផលិតកម្លាំងបាន ៥៥០ សេះ និងកម្លាំងរមួល ៧៧០ ញ៉ូតុនម៉ែត្រ រួមទាំងមានតម្លៃលក់ ៣៣៩ ១៥០ ដុល្លារអាមេរិក៕










