ប្រទេសថៃដែលនិយមចោទមកលើកម្ពុជាថាលួចចម្លងរឿងរបស់ខ្លួនព្រមទាំងពហិកាមិនទស្សនារឿងខ្មែរ «ម៉ែក្រឡាភ្លើង»ពេលនេះបែរជាទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ជាជាតិសាសន៍របស់ខ្លួន និងជាទូរទស្សន៍ធំមួយក្នុងស្រុកបានយកប្រាសាទតាសោមរបស់ខ្មែរដាក់ក្នុងផ្ទាំង Poster រឿងថ្មីដោយមិនញញើត។ ការបង្ហាញសកម្មភាពរបស់ភាគីថៃបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមខ្មែរផ្ទុះប្រតិកម្មជាថ្មី ខណៈពេលនេះពលរដ្ឋកំពុងរង់ចាំការស្រាយបំភ្លឺពីក្រសួងពាក់ព័ន្ធទៅលើករណីនេះនឹងមានចំណាត់ការបែបណា។
នៅល្ងាចថ្ងៃទី៦ មីនា នៅលើផេក ch3thailand បានបង្ហោះផ្ទាំង Poster មួយសន្លឹកអំពីរឿងភ័យរន្ធត់មួយជាវគ្គ២ ដែលនឹងចាក់បញ្ចាំងក្នុងរោងកុននៅខែតុលា។ ទោះយ៉ាងណា រូបភាពមួយសន្លឹកនេះមិនមែនជារូបភាពធម្មតានោះទេ ព្រោះរូបភាពប្រាសាទនេះមិនមែននៅប្រទេសថៃ តែគឺជាប្រាសាទតាសោម ជាប្រាសាទរបស់ខ្មែរនៅលើទឹកដីខ្មែរ។ ប្រាសាទតាសោម បានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នាចុងសត្សវត្សរ៍ទី១២ មានទីតាំងស្ថិតនៅខាងជើងឆៀងខាងកើត បរិវេណ អង្គរធំ ត្រូវនឹងទិសខាងកើត នៃប្រាសាទនាគព័ន្ធ ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។
ឃើញសកម្មភាពរបស់ថៃបែបនេះ អ្នកលេងបណ្តាញសង្គមកម្ពុជាបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ខណៈមកទល់នឹងព្រឹកថ្ងៃទី៧ មីនា ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣នៅមិនទាន់កែសម្រួលនៅឡើយ។ នេះមិនមែនជាលើកទី១នោះទេដែលផលិតករថៃដាក់ប្រាសាទរបស់ខ្មែរនៅលើផ្ទាំង Poster របស់ខ្លួនម្តងហើយម្តងទៀត ពេលពលរដ្ឋកម្ពុជាបញ្ចេញប្រតិកម្ម ភាគីថៃបានត្រឹមឆ្លើយថាជាការភ័ន្តច្រលំ។
គេចាំបានដែរថា កាលពីខែមីនា ឆ្នាំ២០២៣ ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧ ក៏បានយករូបប្រាសាទអង្គរវត្តដាក់នៅក្នុង Poster រឿងថ្មីរបស់ខ្លួនដែលសម្តែងដោយតួឯកស្រីល្បីឈ្មោះ Mookda Narinrak និងតួឯកប្រុស Mike Pattaradet។ ពេលពលរដ្ឋខ្មែរបញ្ចេញមតិប្រតិកម្មទើបខាងស្ថានីយទូរទស្សន៍ចេញមុខសូមទោសដោយលើកហេតុផលថាគ្រាន់តែជាការយល់ច្រឡំ និងបានដករូបប្រាសាទអង្គរវត្តចេញវិញ។
មិនត្រឹមតែករណីថ្មីៗនេះនិងករណី១ឆ្នាំមុនប៉ុណ្ណោះទេ ប៉ុន្តែផលិតករថៃមួយចំនួនបានប្រើប្រាស់ប្រាសាទ និងធនធានរបស់ខ្មែរយកទៅប្រើប្រាស់ដោយមិនខ្លាចរអារទាំងអះអាងប្រាប់គេឯងថាខ្មែរចូលចិត្ត Copy ថៃ ប៉ុន្តែជារឿយៗបែរជាយករបស់ខ្មែរទៅធ្វើជារបស់ខ្លួនទៅវិញ។
យ៉ាងណាមិញ ការយកប្រាសាទតាសោមរបស់ខ្មែរទៅដាក់ផ្ទាំង Poster រឿងថៃបានធ្វើឱ្យមហាជនបញ្ចេញប្រតិកម្មឡើងមក ខណៈពលរដ្ឋរង់ចាំមើលដំណោះស្រាយពីស្ថានីយទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ក៏ដូចជាសេចក្តីស្រាយបំភ្លឺរបស់ក្រសួងកម្ពុជាផងដែរ៕










