ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នៅថ្ងៃទី ៣ខែមីនា ឆ្នាំ ២០២៤នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា៖”កម្ពុជា កំពុងទាក់ទាញក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ខ្នាតយក្សរបស់ចិន BYD មកបង្កើតរោងចក្រនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលកាន់តែច្រើនជូនប្រជាពលរដ្ឋ”។
សម្តេចធិបតី បានមានប្រសាសន៍ថា៖”ប្រជាពលរដ្ឋយើងកាលពីមុនភាគច្រើនធ្វើការងារតែក្នុងវិស័យកាត់ដេរ ប៉ុន្តែឥឡូវនេះចាប់ផ្តើមធ្វើនៅក្នុងរោងចក្រផលិតគ្រឿងបង្គុំអគ្គិសនី និងធ្វើការក្នុងរោងចក្រដំឡើងរថយន្ត ហើយនាពេលខាងមុខយើងនឹងធ្វើកាន់តែខ្ពស់ជាងនេះ”។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា៖”ការណ៍ដែលក្រុមហ៊ុនផលិតរថយន្តដ៏ធំនេះ ចាប់អារម្មណ៍បង្កើតរោងចក្រនៅកម្ពុជា ដោយសារគេមើលឃើញប្រទេសកម្ពុជា លើកត្តា ៣សំខាន់ៗ ក្នុងនោះរួមមាន៖
១. កម្ពុជា មានសុខសន្តិភាព និងស្ថិរភាព,
២. ការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់
៣. ធនធានមនុស្សប្រកបដោយភាពប្រកួតប្រជែង៕










