តារាចម្រៀងរ៉េប ជី ដេវីត បានទម្លាក់បទថ្មីដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក។ បទថ្មីនេះត្រូវទស្សនិកជនភាគច្រើនគិតថាលោកចង់ឆ្លុះបញ្ចាំងពីសង្គមទៅលើផ្នែកមួយចំនួនដែលកើតឡើងជាក់ស្តែងនាពេលបច្ចុប្បន្នគឺត្រង់ឃ្លាថា «ពាក់កាតសិ.ស្សទៅជ.ក់បា.រី»។ នេះជាសារដាស់តឿនមួយទៅកាន់យុវវ័យមួយចំនួនដែលភ្លើតភ្លើនមិនគិតពីការសិក្សាបែរជានាំគ្នាពពាក់ពពូនជ.ក់បា.រីទៅវិញ។
នាល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ តារាចម្រៀងដ៏ល្បី ជី ដេវីត បានទម្លាក់បទថ្មីមួយមានចំណងជើងថា «គិតម៉េចវិញ ?» ជូនហ្វេនៗស្តាប់កម្សាន្តមុននឹងមានអ្វីថ្មីជូនអ្នកគាំទ្របន្តទៀតដែលត្រៀមទៅកាន់ទឹកដីកូរ៉េខាងត្បូង។ បទថ្មីនេះធ្វើឱ្យហ្វេនៗមានការពេញចិត្តយ៉ាងខ្លាំងព្រោះអត្ថន័យនៅក្នុងបទថ្មីនេះជាសារអប់រំដ៏ល្អមួយទៅកាន់យុវវ័យ។
«គិតម៉េចវិញ ?» បានបង្ហាញពីអារម្មណ៍របស់ ជី ដេវីត ទៅកាន់អ្នកដែលខឹងស្អប់លោកចង់ឱ្យលោកដើរផ្លូវខុស ប៉ុន្តែការដើររបស់លោកមិនខុសនោះទេតែដើរត្រូវដូចក្រឡាសាមកុក កាន់តែខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ បទនេះ ជី ដេវីត ក៏ផ្លែផ្កាទៅកាន់អ្នកស្អប់( hater) លោក រិះគន់លោកមួយចំនួនមិនបានប្រើខួរមុននឹងនិយាយឡើយ។ ឃ្លោងឃ្លា ដែលបង្ហាញពីតថភាពសង្គមនោះគឺ «រៀនអត់ចេះបន្ទោសគ្រូ? រស់យូរៗបន្ទោសផែនដី ប្រជុំក្បាលគ្នាវាធ្វើអី? ពាក់កាតសិស្សទៅជក់បារី»។
ប្រយោគនេះត្រូវបានទស្សនិកជនលើកឡើងថាពិតជាល្អ ប្រៀបដូចជាសារអប់រំមួយដែរព្រោះសិស្សមួយចំនួននាពេលបច្ចុប្បន្នមិនគិតខំរៀនសូត្រនោះទេ ហើយបែរជាទម្លាក់កំហុសទាំងស្រុងទៅលើគ្រូបង្រៀនទៅវិញ។ «ពាក់កាតសិស្សទៅជក់បារី» នេះទៀតសោតកាន់តែបញ្ជាក់ថាសិស្សមួយចំនួនធំបែកឆ្វេងភ្លើតភ្លើននឹងរបស់ប៉ះពាល់សុខភាពអាយុមិនទាន់ធំល្អផង គេចសាលានាំគា្នទៅជក់បារដើម រួមទាំងបារីអេឡិចត្រូនិចជាដើម ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញជាញឹកញយ ដែលរឿងនេះពិតជាបានកើតឡើងនៅក្នុងសង្គមពិតមែន។ ជារឿយៗសមត្ថកិច្ចក៏បានហៅសិស្សដែលជក់បារីយកទៅអប់រំណែនាំផងដែរ៕










