បរទេស៖ អ្នកគ្រប់គ្រងនៃប្រទេសអារ៉ាប់រួម មានគម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិ Al Maktoum ឬ Dubai World Central ទៅជាអាកាសយានដ្ឋានដ៏ធំបំផុតរបស់ពិភពលោក ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរជាង ១២០ លាននាក់ រួមទាំងទំនិញ ១២ លានតោន ក៏ដូចជានឹងលេចវត្តមាននៅលើវាលខ្សាច់ភាគខាងត្បូងនៃទីក្រុងឌូបៃ។
យោងតាម CNN ដែលបានចុះផ្សាយកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ថា ទីភ្នាក់ងាររដ្ឋាភិបាលមានគម្រោងប្រើប្រាស់ “កម្មវិធីនៃបច្ចេកវិទ្យាច្នៃប្រឌិត និងការកែលម្អដើម្បីគិតឡើងវិញអំពីការប្រើប្រាស់លំហនៅក្នុងការប៉ុនប៉ងដើម្បីបង្កើនសមត្ថភាពរបស់វា”។
អាកាសយានដ្ឋាននេះត្រូវបានបើកដំណើរការដំបូងនៅឆ្នាំ ២០១៣ ដែលជាទូទៅវាផ្គត់ផ្គង់ដល់អ្នកដំណើរ ១០០ លាននាក់ជារៀងរាល់ឆ្នាំ ហើយផែនការថ្មីៗនេះគឺនឹងពង្រីកអាកាសយាដ្ឋានឱ្យធំជាងគេលើពិភពលោក ក៏ដូចជាបន្ថែមអ្នកដំណើរជាង ២០ លាននាក់បន្ថែមទៀតនាពេលអនាគត។ លោក Paul Griffiths នាយកប្រតិបត្តិអាកាសយានដ្ឋានឌូបៃបាននិយាយថា បច្ចុប្បន្នការអភិវឌ្ឍ និងការរចនាសម្រាប់ព្រលានយន្តហោះខ្នាតធំនាពេលអនាគតនេះកំពុងត្រូវបានធ្វើឡើងហើយ។
គម្រោងអាកាសយាដ្ឋានដ៏ធំបំផុតរបស់ពិភពលោក នឹងលេចវត្តមាននៅលើវាលខ្សាច់ ១៤៥ គីឡូម៉ែត្រការ៉េ ភាគនិរតីនៃទីក្រុងឌូបៃនាពេលខាងមុខ។ អាជ្ញាធរគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិឌូបៃ (DXB) និងអាកាសយានដ្ឋានថ្មីសន្យាថានៅពេលដែលគម្រោង Dubai World Central ត្រូវបានបញ្ចប់ កន្លែងនេះនឹងផ្ទុកអ្នកដំណើរបានច្រើនជាង ១២០ លាននាក់ក្នុងមួយឆ្នាំ និងទំនិញរហូតដល់ ១២ លានតោន ហើយវានឹងក្លាយជាអាកាសយាដ្ឋានដ៏មមារញឹកជាងគេលើពិភពលោក។
ដូច្នោះគម្រោង Dubai World Central នឹងក្លាយជាមជ្ឈមណ្ឌលនៃផែនការដ៏ធំបំផុត ដោយជួយបង្កើតទីក្រុងថ្មីទាំងស្រុងដែលលាតសន្ធឹងលើវាលខ្សាច់ ១៤៥ គីឡូម៉ែត្រការ៉េភាគខាងត្បូងនៃទីក្រុងឌូបៃ។ តំបន់ទីក្រុងថ្មីនេះកំពុងមានរូបរាងជាបណ្តើរៗ ដោយរំពឹងថានឹងរួមបញ្ចូលសង្កាត់ចំនួន ៨ ដែលបែងចែកដោយឧស្សាហកម្ម ឬសកម្មភាពជាក់លាក់ ដោយរួមបញ្ចូលគ្នានូវតំបន់លំនៅដ្ឋាន និងពាណិជ្ជកម្ម។ ជាមួយនឹងអាកាសយានដ្ឋាននៅចំកណ្តាល គម្រោងនេះនឹងបង្កើតបានជាអាកាសយានដ្ឋានដ៏ធំជាងគេលើពិភពលោកនៅពេលអនាគត៕










