ប្រទេសឥណ្ឌា ៖ នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា លោក Narendra Modi បានជ្រមុជទឹកទៅធ្វើពិធីគោរពសាសនាក្នុងវត្ត និងទីក្រុងបុរាណនៅក្រោមទឹក ឈ្មោះ «ថាវ៉ារ៉ាកា» ដែលស្ថិតនៅបរិវេណខាងក្រៅឆ្នេរសមុទ្រអារ៉ាប់ រដ្ឋឃូឆារ៉ាត កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ លោកបានអង្គុយសមាធិ និងសូត្រធម៌នៅក្រោមទឹក ហើយលោកបានយកកន្ទុយក្ងោកទៅថ្វាយវត្ថុស័ក្តសិទ្ធផងដែរ ។

ចំណែកអ្នកមានជំនាញជ្រមុជទឹកជាច្រើននាក់ទៀតបានជួយការពារលោកនាយករដ្ឋមន្ត្រី និងមិនទៅឆ្ងាយពីលោកទេ ។ មេដឹកនាំឥណ្ឌា អាយុ៧៣ឆ្នាំ រូបនេះ បានចុះទៅក្រោមទឹកនៅបរិវេណដែលគេជឿថា គឺជាទីក្រុងបុរាណ ដោយលោកស្លៀកពាក់ឈុតប្រពៃណីឥណ្ឌា និងពាក់តែមួកប្រភេទ Diving Helmet ប៉ុណ្ណោះ ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានធ្វើពិធីសូត្រធម៌ ដែលមានកន្ទុយសត្វក្ងោកសម្រាប់គោរពបូជាក្នុងវត្តហិណ្ឌូស័ក្តសិទ្ធស្ថិតនៅក្រោមទឹក ។ ជនជាតិឥណ្ឌាដែលគោរពសាសនាហិណ្ឌូជឿថា វាគឺជាផ្នែកមួយរបស់ថាវ៉ារ៉ាកា ឬទីក្រុងបុរាណនៅក្រោមទឹក ដែលត្រូវបានគេដាក់ឈ្មោះថា «ទីក្រុងអាឡែនទីសរបស់ឥណ្ឌា» ។
លោកនាយករដ្ឋមន្ត្រីឥណ្ឌាបានបង្ហោះសារក្នុងបណ្តាញសង្គម X ឬ Twitter ថា ៖ «នៅពេលខ្ញុំបានជ្រមុជទឹកដើម្បីសូត្រធម៌ និងគោរពបូជានៅទីក្រុងបុរាណថូវ៉ារ៉ាកា គឺជាបទពិសោធន៍ដ៏ល្អមួយ និងមានភាពស័ក្តសិទ្ធយ៉ាងខ្លាំង ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងទំនាក់ទំនងជាមួយវត្ថុស័ក្តសិទ្ធនៅសម័យបុរាណ ហើយខ្ញុំសូមឱ្យព្រះប្រទានពរដល់អ្នកគ្រប់គ្នាផងដែរ» ។
ថាវ៉ារ៉ាកា គឺជាទីក្រុងបុរាណស្ថិតនៅបរិវេណខាងក្រៅឆ្នេរសមុទ្រនៃរដ្ឋឃូឆារ៉ាត និងជាប់សមុទ្រអារ៉ាប់ ។ ទីក្រុងនេះ គឺជាទីក្រុងស័ក្តសិទ្ធមួយក្នុងចំណោមទីកន្លែងស័ក្តសិទ្ធចំនួន៧ សម្រាប់អ្នកធ្វើបុណ្យសាសនាហិណ្ឌូគោរពប្រតិបត្តិជារៀងរាល់ឆ្នាំ ។ ទីក្រុងថាវ៉ារ៉ាកា បានបង្ហាញពីមហាទេពក្នុងសាសនាហិណ្ឌូ ឬមហាភារៈតៈ ថា គឺជារាជធានីរបស់ព្រះគីសាណៈ និងបានសាងសង់ឡើងនៅទន្លេ កុមទិ ។ ប៉ុន្តែទីក្រុងនេះបានធ្លាក់ទៅក្នុងទឹក ក្រោយពីការសោយទីវង្គតរបស់ព្រះគីសាណៈ ។
អ្នកបុរាណវិទ្យាបានប្រទះឃើញភស្តុតាងផ្សេងៗនៅក្រោមទឹក ហើយចាប់តាំងពីពេលនោះមក គេជឿថា បរិវេណនេះជាទីតាំងរបស់ទីក្រុងបុរាណថាវ៉ារ៉ាកា ។ ហេតុនេះ គេបានដាក់ឈ្មោះទីក្រុងនេះថា ទីក្រុងអាឡែនទីស របស់ប្រទេសឥណ្ឌា ។ អាឡែនទីស គឺជារឿងរ៉ាវរបស់ឋានសួគ៌នៅសម័យបុរាណ ដែលបានបាត់បង់នៅក្រោមសមុទ្រ ៕










