ប្រទេសថៃ ៖ ម្ចាស់ក្រុមហ៊ុន Bangkok Airways លើកឡើងថា នៅឆ្នាំ២០២៣ ក្រុមហ៊ុនបានទទួលប្រាក់ចំណេញចំនួន៣.១១០លានបាត ដោយសារក្រុមហ៊ុនលក់សំបុត្រយន្តហោះថ្លៃជាងមុន គឺតម្លៃមធ្យមស្មើនឹង១៩% សម្រាប់កៅអីមួយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ BrandCase កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ម្ចាស់ក្រុមហ៊ុន Bangkok Airways បានបង្ហាញពីប្រាក់ចំណូលនៅឆ្នាំ២០២៣ ថា ក្រុមហ៊ុនបានទទួលប្រាក់ចំណូលចំនួន២១.៧៣៣លានបាត និងទទួលបានប្រាក់ចំណេញចំនួន៣.១១០លានបាត ។ នេះចាត់ទុកថា នៅឆ្នាំ២០២៣ គឺជាឆ្នាំដំបូងគេ ដែលក្រុមហ៊ុន Bangkok Airways អាចរកបានប្រាក់ចំណេញ បើគិតចាប់តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ កន្លងមក គឺក្រុមហ៊ុនបានខាតដើមទុនរហូត ដោយសារជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។
វាឆ្លុះបញ្ចាំងឱ្យឃើញថា តម្រូវការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways បានកើនឡើងខ្ពស់ ទើបធ្វើឱ្យក្រុមហ៊ុននេះអាចដំឡើងថ្លៃសំបុត្រយន្តហោះបានមួយកម្រិត ។ រីឯប្រាក់ចំណូលចម្បងដែលបានមកពីការលក់សំបុត្រយន្តហោះរបស់ក្រុមហ៊ុននេះ គឺជើងហោះហើរទៅ-មក នៅអាកាសយានដ្ឋានសាមុយ (Samui Airport) ខណៈអាកាសយានដ្ឋានសាមុយ មិនមែនជាអាកាសយានដ្ឋានរបស់រដ្ឋទេ ។
ប៉ុន្តែអាកាសយានដ្ឋានសាមុយ គឺជាអាកាសយានដ្ឋានដែលម្ចាស់របស់ក្រុមហ៊ុន Bangkok Airways បានកាន់កាប់ភាគហ៊ុន ដើម្បីវិនិយោគលើសិទ្ធិជួលអចលនទ្រព្យអាកាសយានដ្ឋាន (BAREIT) ។ ម្ចាស់របស់ក្រុមហ៊ុន Bangkok Airways បានកាន់កាប់ភាគហ៊ុន BAREIT ស្មើនឹង២៥% ។
ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣ ប្រាក់ចំណូលបានពីការធ្វើដំណើរទៅ-មក របស់អាកាសយានដ្ឋានសាមុយ ស្មើនឹង៤៤% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុនអាកាសចរណ៍នេះទាំងអស់ ។ បើតាមទិន្នន័យរបស់វិទ្យុអាកាសចរណ៍បង្ហាញថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ អាកាសយានដ្ឋានសាមុយ មានចំនួនជើងហោះហើររហូតដល់៩៧ជើងឯណោះ ។
ហេតុនេះ ចំនួនជើងហោះហើរនៅអាកាសយានដ្ឋានសាមុយបានកើនឡើង បើធៀបនឹងខែកញ្ញា ឆ្នាំ២០២៣ ដែលពេលនោះ អាកាសយានដ្ឋានសាមុយ មានជើងហោះហើរប្រមាណតែ៦០ជើងប៉ុណ្ណោះក្នុង១ថ្ងៃ ។ ចំណែកជើងហោះហើរចំនួន៩៧ជើង ដែលបានចុះចតនៅអាកាសយានដ្ឋានសាមុយ គឺជាជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways ទាំងអស់ ៕










