អ្នកនាង សុខ ច័ន្ទធីតា ហៅកាតុ ដែលជាអ្នកសិល្បៈល្បីមួយរូបចេញមកត្អូញត្អែរក្រោយពីខិតខំរកពីរនាក់ស្វាមីទាំងការងារសិល្បៈនិងការរកស៊ីបង់លុយផ្តាច់ទិញផ្ទះពីបុរីឡេង ណាវ៉ាត្រា ជិត៣ឆ្នាំហើយនៅតែមិនទាន់ទទួលបាន។ តារាកំប្លែងរូបនេះលើកឡើងទៀតថារូបអ្នកនាងពិបាកចិត្តរាល់ថ្ងៃចំណែកឯម្ចាស់បុរីដើរធ្វើបុណ្យដូចគ្មានរឿងអ្វីកើតឡើង។
នៅលើបណ្តាញសង្គមរបស់តារាកំប្លែងកាតុ បានរៀបរាប់នៅថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ នេះថា «ប៉ុន្មានថ្ងៃនេះក្នុងបណ្តាយសង្គមមានរឿងរ៉ាវជាច្រើន អ្នកខ្លះចង់ធ្វើនេះ អ្នកខ្លះចង់នោះ តែចំណែកខ្ញុំមិនចង់ធ្វើអ្វីទេ ចង់បានតែផ្ទះដែលជាញើសឈាម ដែលខំសន្សំពីរនាក់ប្តីប្រពន្ធទាំងយប់ទាំងថ្ងៃ ទាំងក្នុងការងារសិល្បៈនិងការងាររកស៊ីផ្សេងៗ ដើម្បីយកលុយទិញបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ 6A បង់ផ្តាច់ តែអស់រយៈពេលជិតបីឆ្នាំហើយឃើញតែឥដ្ឋក្រហមបានពាក់កណ្តាលនឹងឯង»។
តារាកំប្លែង រូបនេះ បន្តថា «សួរគេដែរតែគេឱ្យខ្ញុំយោគយល់ តើយោគយល់ប៉ុន្មានឆ្នាំទៀត (អាតូចយល់អាធំ) ខ្ញុំសែនពិបាកចិត្តរាល់ថ្ងៃ តែម្ចាស់បុរីដើរធ្វើបុណ្យដូចគ្មានរឿងអី ចុះទម្រាំបងប្អូននៅផ្ទះជួលយកលុយពីធនាគារតើពួកគាត់គិតយ៉ាងមិច ជួយពិចារណាតាមការគួរ»។
មិនត្រឹមតែតារាកំប្លែង កាតុ បង្ហាញការឈឺចាប់របស់ខ្លួនបង់លុយពេញថ្លៃប៉ុន្តែមិនទាន់បានផ្ទះនោះទេប៉ុន្តែអតិថិជនផ្សេងទៀតក៏បានចូលទៅខម្មិនលើការបង្ហោះរបស់អ្នកនាង ពួកគេមិនទាន់ទទួលបានផ្ទះដូចគ្នា នៅរង់ចាំការដោះស្រាយពីខាងបុរី ឡេង ណាវ៉ាត្រា៕










