ជាការពិតណាស់ មនុស្សភាគច្រើនប្រាកដជាគិតថា ភ្នំ Everest គឺជាភ្នំដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក ស្ថិតក្នុងប្រទេសនេប៉ាល់ មានកម្ពស់ ៨,៨៤៩ ម៉ែត្រ។ ទោះជាយ៉ាងណាក៏ដោយ បើយោងតាមការសិក្សាថ្មីៗនេះ បានឱ្យដឹងថា Everest មិនមែនជាភ្នំដែលខ្ពស់ជាងគេនៅលើផែនដីនោះទេ ហើយភ្នំដែលមានកម្ពស់ខ្ពស់បំផុតនៅលើលោកនោះគឺ ភ្នំម៉ូណាគា (Mauna Kea) ដែលមានកម្ពស់រហូតដល់ ១០,២០០ ម៉ែត្រឯណោះ។
ភ្នំម៉ូណាគា (Mauna Kea) គឺជាភ្នំភ្លើងស្ថិតនៅលើកោះហាវ៉ៃ សហរដ្ឋអាមេរិក ត្រូវបានគេចាត់ទុកថាជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក។ វាមានកម្ពស់ពីនីវ៉ូទឹកសមុទ្រ ៤,២០៦ ម៉ែត្រ ប៉ុន្តែប្រសិនបើវាស់ពីជើងភ្នំដែលនៅជាប់បាតសមុទ្រនោះវិញ គឺមានកម្ពស់រហូតដល់ ១០,២០០ ម៉ែត្រឯណោះ ខណៈភ្នំអេវើរ៉េសមានកម្ពស់ត្រឹមតែ ៨,៨៤៩ ម៉ែត្រប៉ុណ្ណោះ ពោលគឺភ្នំម៉ូណាគាមានកម្ពស់ខ្ពស់ជាងភ្នំអេវើរ៉េសដល់ទៅ ១,២០០ ម៉ែត្រឯណោះ នេះបើយោងតាម Science Focus។![]()
ភ្នំភ្លើង Mauna Kea បានអសកម្មអស់រយៈពេលប្រហែល ៤,៥០០ ឆ្នាំមកហើយ និងបង្កើតបានជាខ្សែក្រវាត់កោះជាច្រើននៅកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិក ដូចជាកោះហាវ៉ៃនេះជាដើម។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវឃើញថា ប្រសិនបើមានចលនាកញ្ជ្រោលក្រោមបាតសមុទ្រនៅតំបន់នោះ ភ្នំម៉ូណាគាអាចនឹងបង្កឱ្យមានភ្នំភ្លើងផ្ទុះសារឡើងវិញ។ ប្រការនេះបង្ហាញថា ម៉ូណាគា មិនតែត្រឹមតែជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេប៉ុណ្ណោះទេ ថែមទាំងជាភ្នំដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ផែនដីទៀតផង ពីព្រោះស្រទាប់ផែនដីនៅតំបន់នោះ គឺមានសភាពស្ដើងខ្លាំងណាស់។
បើយោងតាមការស្រាវជ្រាវភ្នំ Everest គឺជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេទី ២ នៅលើពិភពលោកជាមួយកម្ពស់ ៨,៨៤៩ ម៉ែត្រ ខណៈភ្នំ Chimborazo ជាប់ចំណាត់ថ្នាក់ទី៣ ដែលមាន ៦,២៦៣ ម៉ែត្រ និង Mauna Loa ដែលជាភ្នំភ្លើងសកម្មនៅហាវ៉ៃក៏ជាភ្នំដែលខ្ពស់ជាងគេទី៤ នៅលើផែនដីផងដែរជាមួយកម្ពស់ ៤,១៦៩ ម៉ែត្រ។ សរុបមកជាទូទៅ ប្រសិនបើគេនិយាយពី ភ្នំខ្ពស់បំផុតគឺភ្នំអេវើរ៉េស ប៉ុន្តែបើគេនិយាយពី ភ្នំដែលមានកម្ពស់ខ្ពស់ជាងគេឱ្យពិតប្រាកដវិញនោះ គឺជាភ្នំម៉ូណាគាទៅវិញទេ៕










