ក្រុមហ៊ុនស្បែកជើងម៉ាក Vivobarefoot និងក្រុមហ៊ុន Balena បានសហការផលិតស្បែកជើងថ្មីពីសំរាម ដើម្បីទប់ទល់នឹងវិបត្តិបរិស្ថាននាពេលបច្ចុប្បន្ន ។ ក្រុមហ៊ុន Vivobarefoot លើកឡើងថា ផលិតផលនេះនឹងអាចរលាយដោយខ្លួនឯង ដែលវាជាការព្យាយាមផលិតរបស់រោងចក្រដើម្បីការពារកុំឱ្យប៉ះពាល់បរិស្ថាន ។
អតិថិជនដែលចង់ទិញស្បែកជើងផលិតពីសំរាមនេះ ពួកគេត្រូវស្កេនជើងរបស់ខ្លួនជាមុនសិន ដើម្បីឱ្យស្បែកជើងមានទំហំប៉ុនជើងអតិថិជន ។ បន្ទាប់មក ក្រុមហ៊ុននឹងបញ្ជាទៅកាន់ម៉ាស៊ីនផលិត ដែលទទួលបានវត្ថុធាតុដើមពីសារធាតុនានាអាចរលាយដោយខ្លួនឯង ។
បើទោះជាស្តាប់ទៅ វាអាចមិនស្អាតខ្លាំងក្តី ប៉ុន្តែក្រុមហ៊ុន Vivobarefoot និងក្រុមហ៊ុន Balena បញ្ជាក់ថា ការផលិតទាំងអស់នេះ គឺស្របតាមស្តង់ដារជីវសាស្ត្រអន្តរជាតិ (ASTM D6400-04) និងស្តង់ដារជីវសាស្ត្ររបស់អឺរ៉ុប (EN13432) ។ ម៉ាស៊ីនផលិតបែប 3D នឹងផលិតស្បែកជើងឱ្យត្រូវនឹងទំហំជើងរបស់អតិថិជន ក្នុងរយៈពេល៣០ម៉ោង ។
លោក David Roubach នាយកក្រុមហ៊ុន Balena និយាយថា ៖ «យើងអាចនិយាយបានថា អ្នកអាចដាក់វាក្នុងធុងជីកំប៉ុសរបស់ខ្លួនបាន ហើយវានឹងរលាយដោយខ្លួនឯង ។ ការពិតទៅ យើងមិនដឹងថា តើយើងអាចប្រើប្រាស់វាបានយូរប៉ុនណាទេ» ។
ហេតុនេះ ដើម្បីឱ្យវាអាចរលាយយ៉ាងមានប្រសិទ្ធភាព ក្រុមការងារមានគម្រោងទទួលយកអ្នកដែលចង់បោះចោលស្បែកជើងទាំងនេះ និងកែច្នៃវាឡើងវិញ ។ ប៉ុន្តែវិធីនេះត្រូវការរយៈពេលស្រាវជ្រាវបន្ថែមទៀត ហើយពួកគេគិតថា វិធីល្អបំផុត គឺការស្វែងរកវត្ថុធាតុដើមថ្មីៗដែលអាចរលាយដោយងាយៗនៅផ្ទះ ។
ឧស្សាហកម្មកែច្នៃម៉ូដ គឺជាឧស្សាហកម្មមួយស្ថិតក្នុងចំណោមឧស្សាហកម្មដែលបំពុលបរិស្ថានយ៉ាងខ្លាំងនៅលើពិភពលោក ហើយវាមានចំណែកក្នុងការបំភាយកាបូនប្រមាណ១០% ទៀតផង ។ លើសពីនេះ ឧស្សាហកម្មកែច្នៃម៉ូដ ថែមទាំងបានប្រើប្រាស់ទឹកយ៉ាងច្រើនក្នុងការផលិតផងដែរ ។
ស្បែកជើងភាគច្រើនបានផលិតឡើងពីកៅស៊ូ, ផ្លាស្ទិក និងលោហៈ ព្រមទាំងបិទភ្ជាប់ដោយកាវមានគុណភាពខ្ពស់ ហើយស្បែកជើងទាំងនេះពិបាកបោះចោលណាស់ ។ ហេតុនេះ ស្បែកជើងបោះចោលភាគច្រើន ត្រូវបានគេយកទៅកប់ចោលក្នុងដី និងអាចចំណាយពេលរាប់រយឆ្នាំឯណោះ ទើបវាចាប់ផ្តើមរលាយ ។
បើទោះជាស្បែកជើងផលិតពីសំរាមមិនទាន់ល្អឥតខ្ចោះក្តី ប៉ុន្តែការព្យាយាមកែច្នៃសំរាមដ៏ច្រើននៅលើពិភពលោកឱ្យក្លាយជាស្បែកជើង ចាត់ទុកថា គឺជាការបោះជំហានទៅមុខដ៏ល្អប្រសើរ ៕










