តារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពក្នុងសង្គមសិល្បៈអ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបានអ្នកគាំទ្ររបស់អ្នកនាងគាំទ្រឱ្យឈរឈ្មោះបោះឆ្នោតធ្វើជាប្រធានសមាគម ខណៈមានមតិមួយចំនួនបានបន្តុះបង្អាប់អ្នកនាង។ ដើម្បីការពារកិត្តិយសខ្លួនអ្នកនាង ម៉េង កែវពេជ្ជតា លើកឡើងថាខ្លួនមិនភ្លើទៅអង្គុយកៅអីដែលមានឈ្មោះស្រាប់នោះទេ នរណាឡើងនរណាចុះមិនសំខាន់ សំខាន់កុំតែដឹកនាំឱ្យសិល្បៈធ្លាក់ចុះ បែកបាក់ បក្សពួក និងកុំតែបំផ្លាញគ្រួសារសិល្បៈរបស់អ្នកនាង កុំព្យាយាមបំបិទការងារអ្នកនាងទៅបានហើយ។
នៅវេលាម៉ោង៧យប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនដោយមានខ្លឹមសារថា «ជម្រាបសួរចាស ពីរបីថ្ងៃនេះឃើញមានការបំផុសខ្លាំងក្លាណាស់ពីរឿងបេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រើសតាំងប្រធានសមាគមសិល្បៈថ្មីបន្ទាប់ពីប្រធានចាស់ប្រកាសលាឈប់ទាំងតក់ក្រហល់។ មិនដឹងថាជាការរៀបចំឬយ៉ាងណា ? ? និយាយត្រង់ ក្នុងស្ថានភាពចម្លែកៗបែបនេះ គ្មានតម្លៃអ្វីឱ្យខ្ញុំចេញមកនិយាយនាំខាតពេលទេ ក៏ព្រោះមិនចង់ឱ្យអ្នកខ្លះយល់ច្រលំថាខ្ញុំក៏ខ្វល់ខ្វាយនឹងរឿងតំណែងនេះដែរ»។
អ្នកនាង បន្តថា «ប៉ុន្តែដោយសារការបង្ហោះមួយចំនួន មានខមិនខ្លះប៉ះពាល់សិទ្ធិខ្ញុំពេក ទាំងដែលខ្ញុំនៅស្ងៀមៗសោះ ហើយដែលមើលទៅអ្នកខមិនទាំងនោះហាក់ដូចជាភ័យខ្លាចខ្ញុំត្រូវបានមហាជនគាំទ្រអ៊ីចឹង ទើបខំរាំងខ្ទប់ ខំជេរផងបង្អាប់ផង។ បើភ័យភិតម្លឹងៗ ខ្ញុំសុខចិត្តចេញមកជម្រាបជូនក៏បាន ដើម្បីបញ្ជាក់ជំហរខ្ញុំ ដើម្បីការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ»។
អ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើង៤ចំណុចសំខាន់ទៅលើអង្គហេតុដែលបានកើតឡើងលើបណ្តាញសង្គមទាក់ទងនឹងការឈរឈ្មោះបោះឆ្នោតជ្រើសតាំងប្រធានថ្មី ដោយអ្នកនាងលើកពីចំណុចទី១ថា អ្នកនាងមិនទាន់បានប្រកាសផ្ទាល់មាត់ថាខ្លួនព្រមឈរឈ្មោះឱ្យគេបោះឆ្នោតនៅឡើយទេ បើទោះជាមានសំណូមពរយ៉ាងច្រើនក៏ដោយ ដូច្នេះបើគ្រាន់តែចង់ដាក់ប្រធានថ្មីតាមគំរោង ក៏មិនចាំបាច់ទាញយកឈ្មោះអ្នកនាងទៅបន្តុះបង្អាប់របៀបហាមឃាត់នាំតែហត់ធ្វើអីដែរ ព្រោះបើគង់តែមានមនុស្សចាំប្តូរទៅហើយ សូមធ្វីតាមចិត្តទៅ ឬខ្លាចអ្នកនាងដណ្តើម ?។
ចំណុចទី២ អ្នកនាង ម៉េង កែវពេជ្ជតា ថា « ខ្ញុំមិនភ្លើដើរទៅអង្គុយលើកៅអីដែលមានឈ្មោះរួចហើយនោះទេ។ ទី៣ បើទោះជាការតស៊ូមតិរបស់ខ្ញុំរាប់ឆ្នាំកន្លងមកក្នុងន័យការពារសិល្បៈ និងអ្នកសិល្បៈរហូតរងរបួសស្រក់ឈាមសស្រាក់ តែផលទទួលបានត្រឹមឈ្មោះថាជាតារាសំបូររឿងពីពពួកមនុស្សអគតិមួយចំនួននោះក៏ដោយ ក៏ខ្ញុំគ្រាន់តែចង់ឱ្យសិល្បៈនៅមានតម្លៃក្នុងដួងចិត្តមហាជនប៉ុណ្ណោះ ព្រោះនិស្ស័យខ្ញុំមិនចេះត្រឹមតែរត់គេចពួនពេលសង្គ្រាម ហើយអើតក្បាលមកទទួលផលតែពេលសត្រូវងាប់អស់នោះទេ»។
តារាចម្រៀងចាស់វស្សារូបនេះលើកឡើងចុងក្រោយថា សម្រាប់រូបអ្នកនាង នរណាឡើង នរណាចុះមិនសំខាន់ សំខាន់កុំតែដឹកនាំឱ្យសិល្បៈធ្លាក់ចុះ បែកបាក់ បក្សពួក និងជាពិសេសកុំតែបំផ្លាញគ្រួសារសិល្បៈរបស់អ្នកនាង កុំព្យាយាមបំបិទការងារអ្នកនាងទៅបានហើយ បើមិនដូច្នោះ ទោះជាខំបោះឆ្នោតមួយខែម្តងក៏នៅតែអង្គុយកៅអីនេះមិនជាប់ដដែលទេ៕










