ជុំវិញតារាកំប្លែងល្បីឈ្មោះនាយគ្រឿន ប្រកាសឈប់ផ្សព្វផ្សាយល្បែងអនឡាញនិងស្រាបៀរបន្ទាប់ពីរងមតិរិះគន់ចាស់ដៃពីសាធារណជន វាបានក្លាយទៅជារឿងក្តៅគគុកមួយទៀតរវាងតារាកំប្លែងនាយពាក់មី និងលោកអាចារ្យធំនគររាជ ដែលផ្ទុះសង្គ្រា.មពាក្យសម្តីតបតទៅវិញទៅមកយ៉ាងក្តៅគគុក។
កាលពីយប់ថ្ងៃទី១២ ខែកុម្ភៈ អាចារ្យធំ នគររាជ បានLive នៅលើបណ្តាញសង្គមរបស់ខ្លួនសរុបរយៈពេល២ម៉ោងដោយបានដាក់ចំណងជើងថា «សូមគោរពឆន្ទៈនាយគ្រឿន»។ ការ Live និយាយពីតារាកំប្លែងនាយគ្រឿន ជាមួយនឹងការលក់ផលិតផលរបស់ខ្លួននេះដែរជំរុញឱ្យតារាកំប្លែងនាយ ពាក់មី ជាបងប្រុសបង្កើតរបស់ នាយគ្រឿន បង្ហាញការមិនពេញចិត្ត។
លោក ចែម ចាន់រ៉ា ហៅនាយពាក់មី បាន Screenshot ការ Live របស់ អាចារ្យធំនគររាជ យកមកបង្ហោះនៅព្រឹកថ្ងៃទី១៣ កុម្ភៈ ភ្ជាប់ជាមួយខ្លឹមសារថា « មិនគាំទ្រអ្នកយករឿងគេមកនិយាយ ហើយឆ្លៀតឱកាសលក់ផលិតផល»។ ពាក្យសម្តីរបស់តារាកំប្លែងនាយពាក់មីដែលមិនពេញចិត្តទង្វើរបស់អាចារ្យធំនេះបានធ្វើសាមីខ្លួនឆ្លើយតបទៅវិញដោយសម្តីធ្ងន់ថា «ឱ្យអញទៅផ្សាយនៅផ្ទះអ្នកផ្សាយល្បែងចុះ?»។
ភ្លើងកម្តៅកាន់តែឆាបឆេះឡើងតារាកំប្លែងពាក់មី ក៏បានតបទៅកាន់អាចារ្យធំវិញថា «សម្តីឈ្លើយមែនប្អូន ប្អូនអួតថាស្រឡាញ់វប្បធម៌ តែសម្តីមិនថ្លៃថ្នូរសោះ យ៉ាងណាក៏ប្អូនធ្លាប់មកផឹកស្រានៅផ្ទះបងដែរតើ ឬប្អូនភ្លេចអស់ហើយ?»។ ការឆ្លងឆ្លើយនេះមិនទាន់ចប់នោះទេ ខាងអាចារ្យធំ បានតបទៅកាន់ នាយពាក់មី វិញថា «ខ្ញុំស្រឡាញ់វប្បធម៌ តែអត់បានស្រឡាញ់អ្នកផ្សាយល្បែងទេ។ ពេលបងឈប់ផ្សាយល្បែង ប្អូនគោរពបង តម្កល់បងជាបុគ្គលសាធារណ:ដែលមានឆន្ទៈចំពោះសង្គមជាតិ ស្គមក្នុងកិត្តយស កុំរស់ដុះពោះព្រោះផ្សាយល្បែងបំពុលសង្គមជាតិ”»។
គួរបញ្ជាក់ថា នៅល្ងាចថ្ងៃទី១២ កុម្ភៈ នាយគ្រឿន បានចេញវីដេអូជិត៧នាទីដោយប្រកាសឈប់ផ្សព្វផ្សាយល្បែងអនឡាញនិងស្រាជារៀងរហូតដោយទទួលស្គាល់កំហុសរបស់ខ្លួននិងសូមទោសមហាជនក្រោយពីមានមតិរិះគន់។ ដើមចមបញ្ហានេះបានកើតឡើងបន្ទាប់ពីតារាកំប្លែងរូបនេះបង្ហោះវីដេអូចម្រៀងនិយាយពីល្បែងអនឡាញ លេងទៅក្លាយជាអ្នកមានក្លាយជាសេដ្ឋីដាក់ឈ្នះៗជាដើម៕