បរទេស៖ Luisa Yu អាយុ ៧៩ ឆ្នាំគឺជាមនុស្សម្នាក់ក្នុងចំណោម ៥១ នាក់នៅលើពិភពលោកដែលបានធ្វើដំណើរទៅកាន់ប្រទេសចំនួន ១៩៣ ដែលមាននៅក្នុងបញ្ជីអង្គការសហប្រជាជាតិ ហើយបានបំពេញគោលដៅនេះអស់រយៈពេល ៥០ ឆ្នាំមកហើយ។
Luisa Yu បានបំពេញក្តីសុបិន្តរបស់គាត់ក្នុងការធ្វើដំណើរទៅកាន់ប្រទេសចំនួន ១៩៣ ជុំវិញពិភពលោក បន្ទាប់ពីបានទៅដល់ប្រទេសស៊ែប៊ីកាលពីឆ្នាំមុនដែលជាគោលដៅចុងក្រោយរបស់គាត់។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ លោកយាយ Yu បាននិយាយថា គាត់បានជួបប្រទះនឹងការលំបាកជាច្រើន ខណៈដែលគាត់ត្រូវធ្វើការចំនួនបីកន្លែងផ្សេងគ្នា។
Yu កើតនៅប្រទេសហ្វីលីពីន ហើយបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក នៅអាយុ ២៣ ឆ្នាំ។ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់បានធ្វើការជាអ្នកបច្ចេកទេសវេជ្ជសាស្រ្ត ហើយបានចាប់ផ្តើមធ្វើដំណើរជុំវិញសហរដ្ឋអាមេរិកនៅពេលដែលគាត់ទំនេរ។ នៅឆ្នាំ ១៩៧០ លោកយាយ Yu ក៏មានក្តីសុបិន្តចង់ធ្វើដំណើរទៅក្រៅប្រទេសជុំវិញពិភពលោក ដូច្នេះគាត់ក៏បានចាប់យកការងារមួយទៀតនៅមន្ទីរពេទ្យ ហើយធ្វើការជាភ្នាក់ងារទេសចរណ៍ក្រៅម៉ោងដើម្បីរកប្រាក់បន្ថែម។
លោកយាយ Yu បាននិយាយថា គាត់ពិតជាហត់នឿយពីការងារ ១៦ ម៉ោងរបស់គាត់នៅមន្ទីរពេទ្យ ហើយការងារភ្នាក់ងារទេសចរណ៍ក៏នាំមកនូវការហត់នឿយតិចតួចផងដែរ ដូច្នេះគាត់មានពេលសម្រាកតិចតួចបំផុត។ Yu បានចែករំលែកថា “វាជាការលំបាកនៅពេលដែលគាត់ត្រូវបើកបរបន្តពីមន្ទីរពេទ្យមួយទៅមន្ទីរពេទ្យមួយទៀត” ដោយពេលនោះគាត់មានអាយុត្រឹមតែ ៣០ ឆ្នាំប៉ុណ្ណោះ ដូច្នេះគាត់នៅតែអាចស៊ូទ្រាំបាន។ លើសពីនេះ គាត់ក៏ជាម្តាយទោលផងដែរ ដូច្នេះហើយគាត់ក៏ត្រូវរងសម្ពាធបន្ថែមពីការមើលថែកូនផងដែរ ហើយរាល់ពេលធ្វើដំណើរទៅក្រៅប្រទេស គាត់តែងចំណាយប្រាក់ដើម្បីជួលអ្នកមើលថែកូនឱ្យគាត់។
លោកយាយ Yu បានចាប់ផ្តើមធ្វើដំណើរជុំវិញពិភពលោកនៅអាយុ ៣០ ឆ្នាំ ដោយគាត់បានឈប់សម្រាកពីការងារ ៣ កន្លែងរបស់គាត់ ដោយសន្សំប្រាក់បានច្រើនគួរសម គាត់ក៏បានវិនិយោគលើអចលនទ្រព្យនៅ Miami ហើយក៏បានប្រាក់ចំណេញច្រើន។ នៅពេលនោះហើយ ទើបគាត់មានឱកាសបំពេញក្តីសុបិន្តរបស់គាត់ ដោយចំណាយពេល ៥០ ឆ្នាំដើរលេងជុំវិញពិភពលោករហូតមកដល់បច្ចុប្បន្ននេះ។ គួរបញ្ជាក់ដែរថា លោកយាយ Luisa Yu បានធ្វើដំណើរទៅកាន់ ១៩៣ ប្រទេសជុំវិញពិភពលោកតាំងពីគាត់អាយុ ៣០ឆ្នាំ រហូតដល់ ៧៩ឆ្នាំ ហើយក៏បានក្លាយជាអនុបណ្ឌិតរបស់អង្គការសហប្រជាជាតិផងដែរ៕










