មិនត្រឹមតែក្រសោបការងារលើឆាកតន្រ្តីកើបលុយទិញរថយន្តទំនើប Lamborghini ប៉ុណ្ណោះទេ ប៉ុន្តែតារាចម្រៀងរ៉េប ជី ដេវីត និង ទេព បូព្រឹក្ស កាន់តែមានឱកាសទីផ្សារលើវិស័យ Fashion នៅអឺរ៉ុប។ កាលពីមុនគូស្នេហ៍តារាចម្រៀងនេះដឹកដៃគ្នាចូលរួមកម្មវិធីនៅបារាំង និង អ៊ីតាលី ខណៈលើកនេះអ្នកទាំងពីរដឹកដៃគ្នាម្តងទៀតចូលរួមកម្មវិធី Fashion Week 2024 នៅទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក ម្តង។

គេចាំបានថាកាលពីខែតុលា ឆ្នាំ២០២៣ តារាចម្រៀងល្បីឈ្មោះ ជី ដេវីត និង ទេព បូព្រឹក្ស ជាគូស្នេហ៍ត្រូវបានម្ចាស់ប្រ៊េនអញ្ជើញឱ្យទៅចូលរួមក្នុងកម្មវិធី Fashion នៅអ៊ីតាលី និង បារាំង ដោយការចំណាយលើសំលៀកបំពាក់ចូលរួមក្នុងកម្មវិធីរបស់ទាំងពីរចូលទៅដល់រាប់ម៉ឺនដុល្លារឯណោះ។ វត្តមានរបស់អ្នកទាំងពីរនៅទ្វីបអឺរ៉ុបលើវិស័យនេះក៏ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រព្រមទាំងសរសើរថាអ្នកទាំងពីរពិតជាឡូយមែនដែលអាចឈានជើងលើទីផ្សារអឺរ៉ុបបាន។

មិនទាន់បានប៉ុន្មានខែផងស្រាប់តែពេលនេះ ជី ដេវីត និង ទេព បូព្រឹក្ស ត្រូវបានម្ចាស់ប្រ៊េនសំលៀកបំពាក់មួយទៀតអញ្ជើញអ្នកទាំងពីរទៅចូលរួមកម្មវិធី New York Fashion Week 2024 នៅសហរដ្ឋអាម៉េរិកម្តង។ មានឱកាសចូលរួមកម្មវិធី Fashion ធំៗនៅក្រៅប្រទេសរបស់អ្នកទាំងពីរម្តងហើយម្តងទៀតរបស់តារាចម្រៀងល្បីឈ្មោះទាំងពីររូបនេះកាន់តែធ្វើឱ្យហ្វេនៗរបស់ពួកគេបង្ហាញអារម្មណ៍សប្បាយចិត្ត និងមានមោទនភាពយ៉ាងខ្លាំងទៅកាន់តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស។

ទន្ទឹមនឹងនេះអ្នកគាំទ្រកម្ពុជាក៏កំពុងទន្ទឹមរង់ចាំមើលស្ទាយ៍សំលៀកបំពាក់ និងគ្រឿងអលង្ការបស់គូស្នេហ៍នេះដូចគ្នា ព្រោះអ្នកទាំងពីរពូកែនិយមលេងខ្លួនបែប Fashion ណាស់ចេញមកម្តងៗទស្សនិកជនមានការចាប់អារម្មណ៍ច្រើន៕