បន្ទាប់ពីមហាជនផ្ទុះប្រតិកម្មទៅលើស្រ្តីពីរនាក់ដែលហូបសាច់សុនកបង្ហោះតាមបណ្តាញសង្គមទិកតុកដែលមានការលើកឡើងថាជាក្រុមរបស់ចែអំបិលម្ទេសនោះ ពេលនេះចែអំបិលម្ទេស បានចេញមុខអះអាងថាខ្លួនមិនស្គាល់ស្រ្តីដែលហូបសាច់សុនកនោះហើយក៏មិនមែនជាក្រុមតែមួយដែរ។
ប៉ុន្មានថ្ងៃមកនេះនៅលើបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើក្រុមស្រ្តីដែលបរិភាគសាច់សុនកបង្ហោះនៅលើគណនីទិកតុកឈ្មោះថា good.food.2024 រហូតមានការប្រតិកម្មពីឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់បានបង្ហាញអារម្មណ៍សោកស្តាយនិងសង្វេកនូវទង្វើរបស់ស្រ្តីនោះ និងមានការស្នើទៅដល់សមត្ថកម្មពាក់ព័ន្ទ រួមជាមួយក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ ចាត់វិធានការទៅលើមុខសញ្ញាល្មើសទាំងនេះ។
ស្របពេលមានការប្រតិកម្មពីមជ្ឈដ្ឋានអ្នកប្រើបណ្តាញសង្គម ក្នុងនោះក៏មានការចោទប្រកាន់ដែលថាក្រុមស្រ្តីនោះគឺជាគ្នីគ្នារបស់ ចែអំបិលម្ទេស ។ ទោះយ៉ាងណា នាពេលថ្មីៗនេះគណនី ទិកតុកឈ្មោះ Jinsu ដែលហៅថា ចែអំបិលម្ទេស ចេញមុខអះអាងភាពបរិសុទ្ធរបស់ខ្លួនទៅកាន់មហាជនថារូបនាងមិនមែនជាមេក្រុមឬបានស្គាល់ស្រ្តីហូបសាច់ឆ្កែនោះទេ។
ចែអំបិលម្ទេស បានអះអាងយ៉ាងដូច្នេះថា គណនីដែលឈ្មោះ Mss Jinsu ខ្លួនបានលក់ទៅឱ្យអ្នកដទៃយូរហើយ ហើយខ្លួនក៏មិនមែនជាមេក្រុមស្រ្តីដែលហូបសាច់ឆ្កែនោះទេ។ ចែអំបិលម្ទេសថា នាងមិនដែលស្គាល់ស្រ្តីនោះទេ ហើយក៏មិនដែលចូលក្រុមជាមួយគ្នាដូចគ្នា ខណៈដែលនាងខានធ្វើវីដេអូជិត១ឆ្នាំមកហើយ។
ចែអំបិលម្ទេស បន្តទៀតថា សម្រាប់អ្នកដែលយកវីដេអូរបស់ខ្លួនទៅបង្ហោះបន្តនាំឱ្យកើតមានបញ្ហាផ្សេងៗនាងមិនទទួលខុសត្រូវឡើយ។ ជាមួយគ្នានេះ ចែអំបិលម្ទេស ថាវីដេអូដែលខ្លួនផលិតហូបរបស់ឆៅ និងរបស់ណាអាក្រក់ៗគឺបានលុបចេញពីបណ្តាញសង្គមរបស់ខ្លួនដូចគ្នា។
គួរបញ្ជាក់ផងដែរថា ចែអំបិលម្ទេស ត្រូវបានមហាជនរិះគន់ជាញឹកញាប់បន្ទាប់ពីរូបនាងបង្កើតមាតិកាហូបរបស់ឆៅៗញញើត គួរឱ្យខ្លាចមិនថារបស់អ្វីក៏នាងអាចយកមកថតញិចជាមួយអំបិលម្ទេស ដូច្នេះនៅពេលផ្ទុះរឿងស្រ្តីហូបសាច់ឆ្កែទើបមានការចោទប្រកាន់ថាជាក្រុមតែមួយដែលបង្កើតមាតិកាសាហាវៗបែបនេះ៕










