នៅលើបណ្តាញសង្គមទិកតុកវីដេអូរបស់លោក ឃុំ ប៉ុណ្ណាដែត កាន់បាច់ផ្កាដ៏ស្រស់ស្អាតឡើងទៅពញាក់អ្នកនាង យក់ ថិតរដ្ឋា ជាភរិយានៅលើឆាកក្នុងពេលកំពុងបំពេញការងារបានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងសរសើរថាគូស្នេហ៍អ្នកសិល្បៈមួយគូនេះជាគូស្នេហ៍គំរូពុំដែលមានរឿងអាស្រូវល្អក់កករក្នុងជីវិតគូឡើយ។  អស់រយៈពេល១៨ឆ្នាំមកហើយដែលតារាចម្រៀង យក់ ថិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត ប្រើជីវិតជាប្តីប្រពន្ធដែលសុទ្ធតែជាអ្នកប្រឡូកអាជីពសិល្បៈដោយទទួលបានចំណងដៃកូនប្រុសស្រីចំនួន៣នាក់។ លើសពីនេះកូនប្រុសច្បងរបស់អ្នកទាំងពីរ បច្ចុប្បន្នពេញកំលោះស្តូកថែមទាំងមានរូបរាងសង្ហាមានដុងសិល្បៈមិនចាញ់ឪពុកម្តាយឡើយ ខណៈកន្លងមកនេះ ឃុំរដ្ឋា ណាលីដូ ទទួលបានការកោតសរសើរយ៉ាងច្រើនពីទស្សនិកជនបន្ទាប់ពីរូបគេបានបង្ហើរសំឡេងរបស់ខ្លួន។

ក្នុងរយៈពេលជិត២០ឆ្នាំមកនេះគូស្វាមីភរិយា មួយគូនេះអាចថាជាគូស្នេហ៍សិល្បៈដែលមានភាពគំរូព្រោះជីវិតគូ អ្នកនាង យក់ ថិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត ពុំដែលលេចធ្លាយរឿងអាស្រូវក្នុងរង្វង់គ្រួសារនោះទេ ប៉ុន្តែទស្សនិកជនបានឃើញពីសកម្មភាពដ៏កក់ក្តៅរបស់លោក ឃុំ ប៉ុណ្ណាដែត ជាស្វាមីល្អទៅវិញដោយបានចេញមុនការពារភរិយា បន្ទាប់ពីអ្នកនាង យក់ ថិតរដ្ឋា រងនូវពាក្យសម្តីបន្តុះបង្អាប់ពីអ្នកប្រើបណ្តាញសង្គមទៅលើរូបរាងរបស់អ្នកនាង។

មិនត្រឹមតែ មើលថែគ្រួសារពោរពេញដោយសុភមង្គលប៉ុណ្ណោះទោះបីជាមានកូនទន្ទឹមខ្លួនក្តី ប៉ុន្តែលោក ឃុំ ប៉ុណ្ណាដែត នៅតែផ្តល់ភាពផ្អែមល្អែមដល់ភរិយាដោយបានរៀបល្បិចកុហកប្រពន្ធថាខ្លួនជាប់រវល់មិនបានជូនអ្នកនាង យក់ ថិតរដ្ឋា ទៅច្រៀងក្នុងកម្មវិធីឡើយ ដោយរៀបចំផែនការ Surprise អ្នកនាង យក់ ថិតរដ្ឋាលើឆាក។

តាមរយៈវីដេអូមួយចែកចាយនៅលើបណ្តាញសង្គម គេបានឃើញលោក ឃុំ ប៉ុណ្ណាដែត កាន់បាច់ផ្កាមួយបាច់ដ៏ស្រស់ស្អាតអមជាមួយនឹងការច្រៀងរបស់លោកទៅលើបទចម្រៀងមានចំណងជើងថា «បេះដូងកក់ក្តៅ» ឡើងទៅពញាក់អ្នកនាង យក់ ថិតរដ្ឋា នៅលើឆាកដែលតារាចម្រៀងរូបនេះទើបបញ្ចប់ការច្រៀងរបស់ខ្លួន។

បន្ទាប់ពីឃើញទិដ្ឋភាពដ៏ផ្អែមល្ហែមរបស់គូស្វាមីនេះរួច ទស្សនិកជនពោលសរសើរមិនដាច់ពីមាត់នូវចំណងស្នេហ៍អ្នកទាំងពីរជាគូស្នេហ៍សិល្បៈគំរូមើលហើយពិតជាមានសុភមង្គលជំនួស៕