ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសវៀតណាមបានប្រឈមនឹងបញ្ហាចុះអ័ព្ទយ៉ាងធ្ងន់ធ្ងរ រហូតធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរទាំងផ្លូវគោក និងផ្លូវអាកាស ។ ហេតុនេះ អាជ្ញាធរវៀតណាមបានណែនាំឱ្យពលរដ្ឋទាំងអស់ថែទាំសុខភាពរបស់ខ្លួន និងត្រូវពាក់ម៉ាស់ជានិច្ចពេលចេញទៅក្រៅ ។
គេសង្កេតឃើញថា មានអ័ព្ទយ៉ាងក្រាស់នៅតាមទីកន្លែងជាច្រើនក្នុងទីក្រុងហាណូយរបស់វៀតណាម ដោយបរិមាណធូលី PM2.5 ស្ថិតនៅក្នុងកម្រិតខ្ពស់ខ្លាំង ។ ហេតុនេះ វាធ្វើឱ្យសន្ទស្សន៍គុណភាពខ្យល់ថយចុះមកនៅកម្រិតគ្រោះថ្នាក់ខ្លាំង និងធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋវៀតណាម ។ លើសពីនេះ វាធ្វើឱ្យទីក្រុងហាណូយ ជាប់ចំណាត់ថ្នាក់ជាទីក្រុងមួយមានការបំពុលបរិយាកាសខ្ពស់បំផុតនៅលើពិភពលោក កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ទោះយ៉ាងណា នៅតាមដងផ្លូវនានានៅទីក្រុងហាណូយ ពោរពេញទៅដោយរថយន្ត និងម៉ូតូជាច្រើនគ្រឿងធ្វើចរាចរណ៍ទៅមកយ៉ាងណែន បើទោះជាបរិមាណធូលី PM2.5 ស្ថិតក្នុងកម្រិតខ្ពស់ និងចាប់ផ្តើមប៉ះពាល់ដល់ការមើលផ្លូវក៏ដោយ ។
ចំណែកនៅអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុងហាណូយ ក៏បានរងផលប៉ះពាល់ដោយសារការចុះអ័ព្ទខ្លាំងដូចគ្នាដែរ ហើយធ្វើឱ្យជើងហោះហើរប្រមាណ១០០ជើង ត្រូវសម្រេចចិត្តចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងក្បែរគ្នាវិញ ។
ទីក្រុងហាណូយបានប្រឈមនឹងបញ្ហាការបំពុលបរិយាកាសជាបន្តបន្ទាប់ ហើយហាណូយបានជាប់ចំណាត់ថ្នាក់ជាទីក្រុងមានការបំពុលខ្យល់ខ្ពស់បំផុតនៅលើពិភពលោក ។ ហេតុនេះ អាជ្ញាធរវៀតណាមបានណែនាំឱ្យពលរដ្ឋទាំងអស់ពាក់ម៉ាស់នៅពេលចេញទៅទីសាធារណៈ និងកាត់បន្ថយការធ្វើសកម្មភាពផ្សេងៗនៅក្រោមកំដៅថ្ងៃដើម្បីសុវត្ថិភាព ៕










