តើអ្នកចូលចិត្តគេងទាំងសក់សើមនៅពេលយប់មែនទេ? ជាការពិតណាស់ការងូតទឹក ឬលាងសក់នៅពេលយប់ អាចបង្កគ្រោះថ្នាក់ដល់អ្នកបាន ប្រសិនបើអ្នកមានទម្លាប់គេងទាំងសក់សើម មិនថាពេលណានោះទេ គឺអាចបង្កផលប៉ះពាល់ច្រើនដូចខាងក្រោម៖
១.ការលូតលាស់ផ្សិត៖ ការគេងជាមួយស្បែកក្បាលដែលសើមអាចនាំឱ្យមានបញ្ហាសក់ផ្សេងៗដូចជាដុះផ្សិត អង្គែ សក់ជ្រុះ និងការឆ្លងមេរោគជាដើម។
២.ធ្វើឱ្យសក់កណ្តាញ់ ជ្រុះ និងមិនមានទម្ងន់៖ សក់សើម គឺមានភាពផុយស្រួយងាយនឹងខូចណាស់ នៅពេលយើងចូលគេងទាំងសក់សើមនោះ សក់អាចនឹងជំពាក់គ្នាអំឡុងពេលគេង ដែលបណ្តាលឱ្យជ្រុះ និងមិនមានទម្ងន់ ហើយនៅពេលព្រឹកឡើង សក់របស់យើងនឹងរញ៉េរញ៉ៃ ក៏ដូចជាពិបាកសិតផងដែរ។
៣.រលាកស្បែកក្បាល៖ តើអ្នកធ្លាប់មានបញ្ហារមាស់ និងរលាកស្បែកក្បាលទេ? ភាគច្រើននៅពេលមានបញ្ហានេះយើងបន្ទោសទៅលើសាប៊ូកក់សក់ ប៉ុន្តែតាមពិតទៅនេះក៏អាចបណ្ដាលមកពីទម្លាប់នៃការចូលគេងទាំងសក់សើមផងដែរ។ ជំងឺស្បែកក្បាលដូចជាការឡើងអង្គែ អាចកើតមាននៅពេលយើងគេងលើស្រោមខ្នើយដែលសើម។ នៅពេលយើងគេងទាំងសក់សើម សភាពក្ដៅ និងសំណើមអាចបង្កើនការលូតលាស់នៃបាក់តេរីបាន។
៤.សក់រួញ បែកចុង និងខ្វះសំណើម៖ ការចូលគេងទាំងសក់សើមមិនបង្កបញ្ហាសុខភាពធ្ងន់ធ្ងរទេ ប៉ុន្តែអាចប៉ះពាល់ដល់ទម្រង់សក់។ សក់សើមបង្កើតឱ្យមានការកកិតខ្លាំងជាមួយនឹងស្រោមខ្នើយ ដែលធ្វើឱ្យសក់រួញ បែកចុង និងខ្វះសំណើម។ ដូច្នេះយកល្អគួរចំណាយពេលជូតសក់ឱ្យស្ងួតមុនចូលគេង ដើម្បីកាត់បន្ថយការចំណាយទៅលើផលិតផលថែទាំសក់។
៥.ឈឺក្បាល៖ ប្រសិនជាយើងចូលគេងទាំងសក់សើម ពេលភ្ញាក់ឡើងយើងអាចនឹងមានអាការឈឺក្បាល។ អ្នកជំនាញថែទាំសក់បានលើកឡើងថា ការគេងទាំងសក់សើមគឺអាចបញ្ចុះសីតុណ្ហភាពក្នុងរាងកាយ ដែលបង្កឱ្យមានអាការឈឺក្បាល ដោយសារតែរាងកាយព្យាយាមដំឡើងសីតុណ្ហភាពក្នុងរាងកាយ។ អ្នកឯកទេសថែទាំសក់ផ្សេងទៀតជឿថា ការចូលគេងដោយរុំសក់នឹងកន្សែង ក៏អាចបង្កការឈឺចាប់ និងរំខានដល់ដំណេកផងដែរ៕