អ្នកនាង តេង ស៊ីណាត ហៅ អាជី គឺជាអ្នកលក់អនឡាញម្នាក់ដែលជារឿយៗត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមបញ្ចេញមតិរិះគន់និងបានចោទថាជាការសម្តែងដើម្បីទាក់ទាញចំណាប់អារម្មណ៍មហាជនទៅលើសកម្មភាពផ្សេងៗដើម្បីតែលក់ផលិតផលដាច់។ ទោះយ៉ាងណា នាពេលថ្មីៗនេះ អាជី ស្រាប់តែចេញបទចម្រៀងរ៉េប Diss Track ទៅអ្នកពូកែទើសនាង ខណៈមួយបទនេះត្រូវបានអ្នកលេងបណ្តាញសង្គមលើកឡើងថា អេមជាងរាល់ដងដែលអាជីធ្លាប់ច្រៀង។
វិស័យចម្រៀងរ៉េបនៅប្រទេសកម្ពុជាកាន់តែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនដោយបច្ចុប្បន្នអ្នកចម្រៀងរ៉េបកាន់តែដុសខាត់សមត្ថភាពរបស់ខ្លួន ដើម្បីឱ្យវិស័យចម្រៀងរ៉េបនេះកាន់តែទទួលស្គាល់បន្ថែមទៀត ជាពិសេសនៅលើឆាកអន្តរជាតិតែម្តង។ ទន្ទឹមនឹងវិស័យនេះកាន់តែរីកចម្រើន ងាកមកកាន់អ្នកលក់អនឡាញឈ្មោះ អាជី វិញ ស្រាប់តែបញ្ចេញបទចម្រៀងរ៉េបផ្ទាល់ខ្លួនមិនឱ្យចាញ់អ្នកចម្រៀងអាជីពដូចជា វណ្ណដា និង ជី ដេវីត ដែលបានទម្លាក់បទដំណាលគ្នាកាលពីថ្ងៃទី២២ ឡើយ។
អាជី បានបង្ហោះចម្រៀងកាលពីល្ងាចថ្ងៃទី២៣ ដោយសរសេរថា «MVថ្មី កុំមើលប្រយ័ត្នចុក» ។ ខ្លឹមសារនៅលើវីដេអូចចម្រៀងសរសេរខ្លីតែប៉ុណ្ណោះ ប៉ុន្តែអត្ថន័យនៃការរ៉េបរបស់ អាជី វិញ បានរៀបរាប់ទៅលើអ្នកមួយចំនួនដែលចូលចិត្តទើសនាង មិនថានាងធ្វើអ្វីក៏ដោយគឺតែងតែមានការរិះគន់។.png)
ទោះបីជាមានការរិះគន់ ក្នុងអត្ថន័យចម្រៀងរ៉េប អាជី មិនបានខ្វល់នោះ ហើយបានសួរទៅកាន់អ្នកទើសនោះវិញថាដើរទើសគេសល់អ្វីខ្លះហើយ ខណៈនាងសល់លុយចាយពេញដៃទៅកន្លែងទំនើបៗថែមទាំងឱ្យលុយធីបអ្នករត់ទៀត។ អាជី បានលើកនៅក្នុងបទចម្រៀងទៀតថា អ្នកជេរនាងនៅក្នុង LIVE តែដល់ពេលជួបនាងនៅក្រៅបែរជាឈរធ្មឹង ដូចពាក្យថាទះក្បាលអង្អែងខ្នងថែមទាំងហៅនាងថា បងៗទៀត។ អាជី ថាអ្នកខ្លះខម្មិនជេរខ្លួនទាំងមិនបានប្រើគណនីពិតផងហើយទោះបីជាជេរនាងយ៉ាងណាក៏គ្មានបញ្ហាដែរ។
នៅក្នុងចម្រៀងរ៉េបនោះ អាជី ថែមទាំងបានរៀបរាប់ពីការជួយអ្នកខ្លះខាតក្នុងអំពើសប្បុរសធម៌ជាច្រើនតែត្រូវបានគេថាជាការធ្វើបុណ្យយកមុខ ខណៈ អាជី តបទៅវិញថាអ្នកទើស នោះបានជួយអ្វីខ្លះមកថានាងធ្វើបុណ្យយកមុខដូចនេះ។
ការរ៉េបរបស់ អាជី ទៅលើអ្នកពូកែទើសនាងនេះដែរអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិមានសញ្ញាវិជ្ជមានច្រើន ព្រមទាំងសរសើរថាការរ៉េបរបស់ អាជី ក្នុងបទចម្រៀងរ៉េបនេះអេមជាងរាល់ដង ខុសពីការច្រៀងមុនៗដែលរងនូវសញ្ញាអវិជ្ជមានមានមតិរិះគន់៕










