នៅក្នុងប្រទេសកម្ពុជា ការផ្សព្វផ្សាយគ្រឿងស្រវឹង ហាក់មានការកើនគួរឱ្យកត់សម្គាល់មិនថានៅលើបណ្តាញសង្គម ឬទូរទស្សន៍ ដោយការផ្សព្វផ្សាយទាំងនោះស្ថិតនៅក្នុងក្រោមរូបភាពជាច្រើនខុសៗគ្នា។
ក្រុមហ៊ុនស្រាបៀរខ្លះមានកម្មវិធីផ្តល់ជារង្វាន់លើកទឹកចិត្តដល់អ្នកទិញ និងអ្នកពិសារ ដូចជាពិសារស្រាបៀរឈ្នះរង្វាន់ម៉ូតូ ឡាន និងការឈ្នះជាសាច់ប្រាក់ ព្រមទាំងរង្វាន់ដែលទទួលបានស្រាបៀរបន្ថែមជាដើម។
កំណើននៃការផ្សព្វផ្សាយនេះ បានចាក់ចូលទៅដល់សង្គមខ្មែរ ដែលធ្វើឱ្យកំណើនអ្នកទទួលទានគ្រឿងស្រវឹងមានកើនឡើង ស្របពេលដែលកំណើនគ្រោះថ្នាក់ចរាចរណ៍ក៏កើនឡើងផងដែរ។
បច្ចុប្បន្ននេះ ដោយសារមានកំណើនផ្សព្វផ្សាយស្រាបៀរ បានធ្វើឱ្យការពិសារគ្រឿងស្រវឹង ក្លាយទៅជាទម្លាប់សម្រាប់ការជួបជុំជាមួយមិត្តភក្តិ សាច់ញាតិ និងព្រឹត្តិការណ៍សង្គមផ្សេងៗនិងមួយចំនួនធំជាទម្លាប់ប្រចាំថ្ងៃផងដែរ នេះបើរបាយការណ៍នានាដែលស្រាវជ្រាវអំពីផលប៉ះពាល់នៃគ្រឿងស្រវឹងនៅកម្ពុជា។
បើតាមឯកសារមួយធ្លាប់បានស្រាវជ្រាវបានបញ្ជាក់ថា នៅកម្ពុជាគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយគ្រឿងស្រវឹងភាគច្រើនកើតឡើងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ក្នុងនោះស្ទើរតែ ៤០% បានកើតឡើងចន្លោះម៉ោង ៦ ទៅ ម៉ោង ៩ ល្ងាច ហើយការស្លាប់ភាគច្រើនពាក់ព័ន្ធនឹងការបើកបរក្រោយពិសារគ្រឿងស្រវឹងកើតឡើងនៅតាមបណ្តាផ្លូវជាតិសំខាន់។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់កើតឡើងជាញឹកញាប់ ដោយភាគច្រើននៃជនបង្កគឹមានជាតិអាកុលក្នុងខ្លួន និងអ្នកខ្លះលើសគម្រិតដែលច្បាប់បានចែងថែមទៀត៕










