ប្រទេសចិន៖ ស្ថានទូតចិនប្រចាំទីក្រុងសេអ៊ូល បានស្នើឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពីគ្រោះថ្នាក់នៃការវះកាត់កែសម្ផស្សក្នុងប្រទេសកូរ៉េខាងត្បូង ចាប់ពីហានិភ័យនៃការស្លាប់ រហូតដល់ការផ្លាស់ប្តូរមុខធំៗ ដែលធ្វើឱ្យពិបាកក្នុងការឆ្លងកាត់ការត្រួតពិនិត្យអន្តោប្រវេសន៍។
យោងតាមទិន្នន័យ Statista បាននិយាយថា ប្រទេសកូរ៉េខាងត្បូងគឺជាគោលដៅដ៏ពេញនិយមបំផុតមួយរបស់ពិភពលោកសម្រាប់ទេសចរណ៍វេជ្ជសាស្រ្ត ដោយបានពិនិត្យអ្នកជំងឺបរទេសក្នុងទសវត្សរ៍កន្លងមក ដែលភាគច្រើនមកពីប្រទេសចិន និងសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជនបរទេសជាច្រើនបានមកកូរ៉េខាងត្បូងដើម្បីធ្វើការវះកាត់កែសម្ផស្ស ហើយមនុស្សមួយចំនួនបានជាប់ពាក់ព័ន្ធក្នុងវិវាទផ្នែកវេជ្ជសាស្រ្ត និងបរាជ័យក្នុងការវះកាត់ ហើយសូម្បីតែការស្លាប់ក៏បានកើតឡើងផងដែរ»។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌របស់កូរ៉េខាងត្បូង បានឱ្យដឹងថា កំណត់ត្រានេះកើតឡើងបន្ទាប់ពីការស្លាប់របស់ស្រ្តីជនជាតិចិនម្នាក់ក្នុងខែមករា នៃឆ្នាំ២០២៤ បន្ទាប់ពីបានទទួលការវះកាត់បបូរមាត់បីដងនៅគ្លីនិកវះកាត់កែសម្ផស្សមួយក្នុងតំបន់ Gangnam នៃរដ្ឋធានី។
ដូច្នេះហើយ ស្ថានទូតចិនបច្ចុប្បន្នបានស្នើឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នជាមួយនឹងការផ្សាយពាណិជ្ជកម្ម ក៏ដូចជាយល់ដឹងពីហានិភ័យ ហើយត្រូវជ្រើសរើសអន្តរការីដោយប្រុងប្រយ័ត្ន និងពិនិត្យមើលភាពស្របច្បាប់នៃស្ថាប័នវេជ្ជសាស្ត្រ ឬគ្រូពេទ្យវះកាត់ ចុះហត្ថលេខាលើកិច្ចសន្យាច្បាស់លាស់ និងការរក្សាកំណត់ត្រាពេញលេញ។
ស្ថានទូតបានបន្ថែមថា “ប្រសិនបើមានការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងរូបរាងក្រោយការវះកាត់របស់អ្នក ឬប្រសិនបើអ្នកកំពុងស្ថិតក្នុងដំណាក់កាលនៃការជាសះស្បើយក្រោយការវះកាត់ អ្នកគួរតែនាំយកវិញ្ញាបនបត្រវះកាត់មកជាមួយនៅពេលអ្នកចាកចេញពីប្រទេស” ដែលនេះនឹងជួយជៀសវាងបញ្ហានៅពេលឆ្លងកាត់នីតិវិធីអន្តោប្រវេសន៍។
គួរបញ្ជាក់ដែរថា កូរ៉េខាងត្បូងមានគ្រូពេទ្យវះកាត់កែសម្ផស្សចំនួន ២,៧១៨ នាក់ក្នុងឆ្នាំ ២០២២ ហើយប្រទេសចិនមានគ្រូពេទ្យវះកាត់កែសម្ផស្សប្រហែល ៣,០០០ នាក់ នេះបើយាងតាមសមាគមអន្តរជាតិនៃការវះកាត់កែសម្ផស្ស៕










