បទចម្រៀងថ្មីរបស់លោក ឆន សុវណ្ណារាជ មានចំណងជើងថា «ពូក៏ដូចប៉ា» កំពុងធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងទាំងការរិះគន់ និង វែកញែកយ៉ាងច្រើនទៅកាន់តារាចម្រៀងរូបនេះនិងផលិតកម្ម ព្រមទាំងលើកឡើងទៀតថាឆ្នាំ២០២៤ ទៅហើយនៅមានបទរបៀបនេះទៀត។
កាលពីថ្ងៃទី១២ មករា ឆ្នាំ២០២៤ ផលិតកម្មរស្មីហង្សមាសបានទម្លាក់បទចម្រៀងថ្មីរបស់ លោក ឆន សុវណ្ណារាជ តារាចម្រៀងដ៏មានប្រជាប្រិយមានចំណងជើងថា «ពូក៏ដូចប៉ា» ជាប្រភេទ Dance Version ។ ទោះយ៉ាងណា នាពេលថ្មីៗនេះបទថ្មីរបស់លោក ឆន សុវណ្ណារាជ បានធ្វើឱ្យមហាជនរិះគន់ និងអ្នកខ្លះទៀតក៏បានវែកញែក ទៅលើចំណងជើងថ្មីនេះ ដែលនិពន្ធទំនុកច្រៀងពី BELLA YA។
អ្នកលេងបណ្តាញសង្គមបានចូលទៅបញ្ចេញមតិថា «បទនេះធ្វើឱ្យខ្ញុំគិតច្រើនណាស់, អត់ត្រូវទម្រង់ ពូធំជាងប៉ា, អស់បទនិពន្ធហើយមើលទៅ, សម័យនិងហើយនៅមានបទកន្ទបចឹងទៀតប្រូ, ស្ដាប់ហើយមើលអារម្មណ៍ថាកំពុងអង្គុយគិតពីអត្តន័យនៃបទចម្រៀង, គាំទ្រពូ ហើយលុបបទនឹងចេញទៅពូ , ចំណុចពីរោះនៅត្រង់ណា អ្នកណាដឹងជួយReplyប្រាប់ផង,ឆ្ងល់ពូអត់ស្ដាប់បទខ្លួនឯងទេពីរោះឬអត់?»។
ចំណែកឯគណនីមួយបានលើកឡើងថា « ធ្លាប់ឮពាក្យថា ពូធំជាងប៉ា ពោលចេញពីមាត់របស់ក្រុមមនុស្សដែលឆ្កួតនិងទំនោរផ្លូវភេទ ហើយពាក្យនេះសាបព្រោះក្នុងសង្គមតាមរយ: tik tok, facebook, ខ្ញុំមិនដែលគិតថាពាក្យនេះត្រូវបានបុគ្គលល្បីណាម្នាក់ក្នុងវិស័យសិល្ប:អាចយកមកសាបព្រោះបន្តនោះទេ ព្រោះពាក្យនេះវាចាប់កំណើតចេញពីប្រភពពួកបែកស្លុយដែលញៀនខាងទំនោរផ្លូវភេទនោះឯង។ តែសំណាងវិញ បទចម្រៀងមួយនេះ មានចំណងជើងខុសគ្នាតែមួយម៉ាត់គត់គឺ ( ពូធំជាងប៉ា, ពូក៏ដូចប៉ា ) សួរថាដូចប៉ាត្រង់ណា ទំនុកច្រៀងគេរៀបរាប់ថា ដូចត្រង់ស្រឡាញ់ស្មោះ»។ រីឯផេកមួយក៏បានផ្លែផ្កាថា «វាអស់ទំនុកច្រៀងដល់ថ្នាក់យក វាក្យស័ព្ទស្រង់ចេញពីរឿង …មកតោងហើយ!អ្នកចម្រៀងខ្លះ.. (ដាច់ផេកក៏ដាច់ទៅ)»។
គួរបញ្ជាក់ថា លោក ឆន សុវណ្ណារាជ ជាតារាចម្រៀងដ៏ល្បីដែលឈរជើងលើវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ និងបានក្តោបតំណែងជាគ្រូបង្វឹក និងគណៈកម្មការ ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោកផងដែរ៕










