រយៈពេលប៉ុន្មានថ្ងៃមកនេះដូចមហាជនជ្រាបមកហើយថារឿងចម្រូងចម្រាស់របស់ឧកញ៉ា ខេមរៈ សិរីមន្ត និង ខែ្មរមួយជីវិត បានធ្វើឱ្យបណ្តាញសង្គមរង្គោះរង្គើយ៉ាងខ្លាំង។ នៅក្នុងកម្មវិធីផតខាស ខ្មែរមួយជីវិត ក៏បានលើកយកឈ្មោះរបស់រៀមច្បងឧកញ៉ា ព្រាប សុវត្ថិ ដូចគ្នា ខណៈរក្សាភាពស្ងប់ស្ងាត់ប៉ុន្មានថ្ងៃចាប់តាំងពីថ្ងៃកើតរឿងទីបំផុតឧកញ៉ា ព្រាប សុវត្ថិ បានលើកឡើងពីបញ្ហានេះហើយ។No photo description available.

នៅព្រឹកថ្ងៃទី១៧ មករា តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ បានបង្ហោះរូបភាពមួយសន្លឹកជាមួយខ្លឹមសារថា «ជាដំបូងខ្ញុំបាទសូមគោរពជម្រាបសួរ អ៊ំ ពូ មីង បងប្អូនទាំងអស់ ជាទីគោរពរាប់អាន ! ខ្ញុំបាទសូមចូលរួមគំនិតយោបល់ខ្លះនៅក្នុងបញ្ហារង្កៀសចិត្តតិចតួចក្នុងរង្វង់សិល្បៈចម្រៀងនាពេលនេះ ។ សិល្បៈតន្ត្រីនេះជាទម្រង់មួយក្នុងចំណោមទម្រង់សិល្បៈទាំងប្រាំពីរ ដែលត្រូវបម្រើអារម្មណ៍ មហាជនអ្នកស្តាប់គ្រប់មនោសញ្ចេតនា កម្សត់ ស្នេហា កំប្លែង រីករាយ ស្រែកហ៊ោសប្បាយដើម្បីកំដរអារម្មណ៍ អ្នកស្តាប់ និង អ្នកទស្សនា ។ ចំណែកយើងអ្នកសិល្បៈ ក៏ជាអ្នកស្តាប់គ្នាទៅវិញទៅមកយើងមិនមែនស្ដាប់តែចម្រៀង យើងច្រៀងនោះគឺគាំទ្រគ្នាទៅវិញទៅមកគ្រប់ទម្រង់ សិល្បៈក៏ជាទស្សនិកជនម្នាក់ក្នុងចំណោមអ្នកសិល្បៈករទាំងអស់ដែរ»។No photo description available.

កំពូលតារាចម្រៀងដ៏គំរូរូបនេះបន្តទៀតថា «ភាពរីកចម្រើនរបស់អ្នកសិល្បៈទាំងអស់គឺបានមកពីការគាំទ្រ ពីមហាជនគ្រប់ស្រទាប់ ហើយមហាជនគឺជាកញ្ចក់សំរាប់ឆ្លុះបង្ហាញទាំងចំណុចល្អ ទាំងចំណុចមិនល្អដែលយើងត្រូវកែលំអ ។ សំរាប់យើងជា អ្នកសិល្បៈករវិញត្រូវធ្វើជាគម្រូល្អ ចេះរួបរួមគ្នា អធ្យាស្រ័យល្អរវាងគ្នា ក្នុងនាមជាអ្នកសិល្បៈរួមអាជីពផង ក្នុងនាមជាជនជាតិខ្មែរតែមួយដែលពោរពេញដោយស្នាមញញឹម ក្រោមដំបូលសន្តិភាពតែមួយដើម្បីរួបរួមគ្នាឆ្ពោះទៅមុខ ជាមួយគ្នានាំសិល្បៈកម្ពុជាឱ្យមានភាពល្បីល្បាញលើឆាកអន្តរជាតិនាពេលអនាគត»។No photo description available.

ក្រោយពីតារាចម្រៀងដែលឈរជើងលើវិថីសិល្បៈជាង៣០ឆ្នាំរូបនេះលើកឡើងខាងលើបានធ្វើឱ្យមហាជនពេញចិត្តយ៉ាងខ្លាំងចំពោះការប្រើពាក្យពេចន៍ប្រកបដោយការគោរពស្រលាញ់ រួបរួម និងឱ្យតម្លៃទៅវិញទៅមកក្នុងនាមជាខ្មែរតែមួយស័ក្តិសមជាកំពូលតារាចម្រៀងនិងជារៀមច្បងគំរូ ក្នុងអាជីពសិល្បៈ។ ក្នុងនោះមិនត្រឹមតែមហាជនពេញចិត្តនូវការលើកឡើងរបស់ឧកញ៉ា ព្រាប សុវត្ថិ ប៉ុណ្ណោះទេសូម្បីលោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ក៏បង្ហាញការពេញចិត្តរបស់តារាចម្រៀងនេះដូចគ្នាជាមតិទស្សនៈប្រកបដោយមេត្តាករុណានិងការយោគយល់៕