ទស្សនិកជនជាច្រើនបានស្គាល់តារាសម្តែងហុងកុង Jazz Lam Tsz Sin ក្រោយពីបង្ហាញខ្លួននៅក្នុងរឿងភាគល្បីៗរបស់ស្ថានីយទូរទស្សន៍ TVB ជាពិសេសនៅក្នុងរឿង «ភ្នាក់ងារ POTT បង្ក្រាបបទល្មើស»(The Invisibles )ដែលជាតួពិការជើងម្ខាងនិងជាបងប្រុសរបស់តួឯកស្រី។ ចាប់តាំងពីឈានជើងចូលប្រឡូកវិថីសិល្បៈសម្តែងជាតួរងអស់រយៈពេលជាង២០ឆ្នាំ តារាសម្តែងវ័យ៤១ឆ្នាំរូបនេះទើបតែឈ្នះពានរង្វាន់ការសម្តែងរបស់លោកជាលើកដំបូងប៉ុណ្ណោះកាលពីពេលថ្មីៗនេះក្នុងកម្មវិធី TVB Anniversary Awards។
តារាសម្តែង Jazz Lam បានបង្ហាញខ្លួនជាលើកដំបូងក្នុងអាជីពសិល្បៈនៅអាយុ ១៦ ឆ្នាំក្នុងរឿង King of Comedy របស់ ទិនហ្វី (Stephen Chow) ឆ្នាំ១៩៩៩ និងបានបង្ហាញខ្លួននៅក្នុងរឿងភាគរបស់ TVB ជាង ៣៥ ចំណងជើងហើយលោកគឺជាតួសម្តែងដែលទទួលបានការទទួលស្គាល់បំផុតនៅសម័យនេះ។ ថ្វីដ្បិតតែចំណាយពេលជាច្រើនឆ្នាំដើម្បីលើកតម្កើងស្នាដៃរបស់ខ្លួនក៏ដោយតែលោកមិនដែលមានសំណាងក្នុងការឈ្នះពានរង្វាន់សម្តែងនោះទេ។
តារាសម្តែង Jazz Lam ត្រូវបានតែងតាំងជាតួសម្តែងល្អបំផុត(តួរង) នៅកម្មវិធី TVB Anniversary Awards ចំនួន៤ដងគឺក្នុងឆ្នាំ ២០១១, ២០១៨, ២០១៩ និង២០២២ ប៉ុន្តែជាអកុសល លោកតែងតែទៅផ្ទះវិញដោយដៃទទេ
យ៉ាងណាមិញ ការព្យាយាមរបស់តារាសម្តែងរូបនេះបានសម្រេចនិងបានបំបែកកំណត់ត្រារបស់ខ្លួនកាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២៤ នៅពេលដែលលោកបានឈ្នះពានរង្វាន់ ជាតារាសម្តែងគាំទ្រល្អបំផុតនៅឯពានរង្វាន់ TVB Anniversary Awards ឆ្នាំ២០២៣ សម្រាប់ការសម្តែងរបស់ខ្លួននៅក្នុងរឿង « ភ្នាក់ងារ POTT បង្ក្រាបបទល្មើស » (The Invisibles)។ ការប្រកាសលទ្ធផលនេះបានធ្វើឱ្យតារាផ្សេងៗទៀតក៏រំភើបចិត្តជំនួសរូបគេផងដែរ ខណៈពេល Jazz Lam ឡើងលើឆាកដើម្បីទទួលពានរង្វាន់ពីរៀមច្បង លោកក៏បានលុតជង្គង់ ដើម្បីបង្ហាញការដឹងគុណចំពោះឪពុកម្តាយ មុននឹងបង្ហាញអារម្មណ៍របស់ខ្លួនទាំងទឹកភ្នែក។
Jazz Lam បានថ្លែងអំណរគុណដល់នាយកប្រតិបត្តិជាន់ខ្ពស់របស់ TVB សម្រាប់ការបោះឆ្នោតរបស់ពួកគេ និងអ្នកគ្រប់គ្រងទូទៅដែលបានផ្តល់ឱ្យខ្លួននូវឱកាសដើម្បីបង្ហាញខ្លួននៅក្នុងកម្មវិធី TVB ទោះបីជាលោកមិនត្រូវបានចុះកិច្ចសន្យាជាមួយស្ថានីយទូរទស្សន៍ក៏ដោយ។ លោកបានបន្តថ្លែងអំណរគុណដល់មិត្តរួមអាជីពរួមមាន Kenneth Ma និង Joel Chan ដែលជាតួឯកនៅក្នុងរឿងដែលធ្វើឱ្យលោកឈ្នះពានរង្វាន់។ លើសពីនេះតារាសម្តែងដែលទើបទទួលបានពានរង្វាន់ជាលើកដំបូងនេះក៏មិនភ្លេចអរគុណទៅកាន់ភរិយានិងកូន រួមទាំងទស្សនិកជនដែលគាំទ្រលោកផងដែរ៕
		
	









