បរទេស៖ នៅដើមឆ្នាំ ២០២៤ នេះ សេដ្ឋកិច្ចប្រទេសចិនគឺមានការរីកចម្រើនយ៉ាងខ្លាំងនៃផ្នែកទេសចរណ៍ទឹកកក និងព្រិល ដោយទីក្រុង Harbin និងតំបន់ស្វយ័ត Xinjiang ត្រូវបានគេចាត់ទុកថាជាគោលដៅទេសចរណ៍កំពូលមួយក្នុងរដូវរងារ ដែលធ្វើឱ្យប្រាក់ចំណូលទេសចរណ៍ក្នុងប្រទេសចិនរស់ឡើងវិញបន្ទាប់ពីជំងឺរាតត្បាត នេះបើតាមគេហទំព័រអន្តរជាតិ Xinhua កាលពីថ្ងៃទី១០ ខែមករា។
ទីក្រុង Harbin នៃរដ្ឋធានីនៃខេត្ត Heilongjiang ភាគខាងជើងរបស់ប្រទេសចិន ត្រូវបានគេស្គាល់ថាជា “ទីក្រុងទឹកកក” នៅពេលដែលរាត្រីបានលាតត្រដាងចំពេលពន្លឺព្រះច័ន្ទពេញវង់ ដែលជាទេសភាពក្នុងក្តីស្រមៃដ៏គួរឱ្យទាក់ទាញ និងត្រូវបានបំភ្លឺដោយពន្លឺភ្លើងដ៏ភ្លឺចិញ្ចាច រួមទាំងមានការតុបតែងដោយរូបចម្លាក់ទឹកកកដ៏អស្ចារ្យ ធ្វើឱ្យអ្នកទស្សនាបានសម្រុកទៅកាន់ទីក្រុងនេះកាន់តែច្រើន។
ជាមួយនឹងវិស័យទេសចរណ៍រដូវរងានេះ សេដ្ឋកិច្ចក្នុងស្រុកគឺមានការរីកចម្រើនខ្លាំង ដោយអ្នកទស្សនាជុំវិញពិភពលោកជាច្រើនបានទៅលេងតំបន់ស្វយ័ត Xinjiang ដែលមានព្រិលធ្លាក់ ក៏ដូចជាមានសីតុណ្ហភាពត្រជាក់ ធ្វើឱ្យតំបន់ទេសចរណ៍កំពូលទាំងពីរនេះ រកប្រាក់ចំណូលបានច្រើនបំផុតនៅដើមឆ្នាំ ២០២៤។
ដូច្នេះហើយ ក្នុងអំឡុងពេលវិស្សមកាលឆ្នាំថ្មីរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រទេសចិនទទួលបានភ្ញៀវទេសចរចំនួន ៣.០៥ លាននាក់ ដែលជាកំណត់ត្រាខ្ពស់មួយ ដោយទទួលបានប្រាក់ចំណូលពីទេសចរណ៍ចំនួន ៥.៩១ ពាន់លានយន់ (ប្រហែល ៨៣១.៧៥ លានដុល្លារអាមេរិក)។
លោក Pierre G. Chidiac អ្នកគ្រប់គ្រងទូទៅនៃ Sofitel Harbin បាននិយាយថា បច្ចុប្បន្នទីផ្សារក្នុងស្រុករបស់ប្រទេសចិនគឺមានការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនអ្នកដំណើរនៅអាកាសយានដ្ឋាន និងស្ថានីយ៍រថភ្លើង។ ការកើនឡើងភ្ញៀវទេសចរច្រើនបែបនេះគឺដោយសារ អ្នកទស្សនាភាគច្រើនមានទំនោរទៅរកដំណើរផ្សងព្រេងកាន់តែខ្លាំងឡើង ជាមួយនឹងសកម្មភាពរដូវរងាដ៏អស្ចារ្យប្រកបដោយផាសុកភាព ធម្មជាតិដ៏ស្រស់ស្អាតតាមដងទន្លេ Songhua អាហារសម្រន់ក្នុងស្រុកដ៏ឈ្ងុយឆ្ងាញ់ និងវប្បធម៌ដ៏សម្បូរបែប។
លើសពីនេះ ភ្ញៀវទេសចរមិនត្រឹមតែទៅទស្សនាកន្លែងទាក់ទាញបែបប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពទឹកកក និងព្រិលផ្សេងៗនៅតាមដងទន្លេ Songhua ផងដែរ ដែលធ្វើឱ្យទេសចរណ៍ទឹកកក និងព្រិលក្លាយជាកត្តាជំរុញដ៏ខ្លាំងក្លាបំផុតនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងឆ្នាំនេះ៕










