សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ទ្វារសង្គ្រោះបន្ទាន់របស់យន្តហោះ «Boeing 737 Max 9» បានធ្លាក់នៅលើអាកាសពេលយន្តហោះនេះកំពុងហោះហើរ ។ ភ្នាក់ងារអាកាសចរណ៍អាមេរិកបានបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ផ្អាកការប្រើប្រាស់យន្តហោះដឹកអ្នកដំណើរប្រភេទ «Boeing 737 Max 9» ស្មើចំនួនជាង១០០គ្រឿង ជាបណ្តោះអាសន្ន ។
ការផ្អាកដំណើរការយន្តហោះប្រភេទនេះ បន្ទាប់ពីកើតហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយ ដោយសារទ្វារសង្គ្រោះបន្ទាន់នៅចំណុចកណ្តាលនៃយន្តហោះនេះ ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បានធ្លាក់នៅកណ្តាលអាកាស ។ ពេលនោះ មានអ្នកដំណើរចំនួន១៧១នាក់បានធ្វើដំណើរពីទីក្រុង Portland រដ្ឋ Oregon ទៅកាន់ទីក្រុង Ontario រដ្ឋ California បន្ទាប់ពីយន្តហោះបានហោះឡើងលើបន្តិច ។
ហេតុនេះ អ្នកបើកបរយន្តហោះបានសម្រេចចិត្តចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានដដែលវិញ ហើយសំណាងល្អ គ្មានអ្នកដំណើរណាម្នាក់រងរបួស ឬស្លា.ប់បាត់បង់ជីវិតទេ ។ ប៉ុន្តែហេតុការណ៍នេះបានធ្វើឱ្យអ្នកដំណើរជាច្រើននាក់ភ័យតក់ស្លុតយ៉ាងខ្លាំង ។
តាមការស៊ើបអង្កេតជំហានដំបូងរបស់អ្នកជំនាញមកពីភ្នាក់ងារគ្រប់គ្រងការហោះហើរ និងក្រសួងគមនាគមន៍អាមេរិកបង្ហាញថា ហេតុការណ៍នេះអាចបណ្តាលមកពីប្រព័ន្ធគ្រប់គ្រងសម្ពាធខ្យល់នៅកន្លែងអ្នកដំណើរមានបញ្ហា ។ ហេតុនេះ ទើបវាបណ្តាលឱ្យទ្វារសង្គ្រោះបន្ទាន់របស់យន្តហោះធ្លាក់ ។
សារព័ត៌មានរាយការណ៍ថា គេបានបញ្ជូនយន្តហោះប្រភេទ Boeing 737 Max 9 ចំនួន២១៨គ្រឿងទៅឱ្យក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗនៅលើពិភពលោករួចហើយ ។ ហេតុការណ៍នេះនឹងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នៅអាមេរិក ដែលប្រើប្រាស់យន្តហោះប្រភេទនេះត្រូវផ្អាកការប្រើប្រាស់ជាបណ្តោះអាសន្ន ៕










