មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងពាក់ព័ន្ធក្រុមជិះម៉ូតូនាំមុខឡានពេទ្យ ដែលជាសកម្មភាពអវិជ្ជមាន បង្កភាពអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ ប៉ះពាល់ដល់ការសង្គ្រោះ និងភាពភ័ន្តច្រឡំមកលើមន្ទីរសុខាភិបាល។

យោងតាមការចុះផ្សាយរបស់ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា៖” ចំពោះសកម្មភាពខុសច្បាប់ដែលមនុស្សមួយចំនួនតូចនេះបានបង្កនោះ គឺពួកគេបានប្រើប្រាស់ម៉ូតូផ្ទាល់ខ្លួន ដោយមានការតុបតែងភ្លើងសញ្ញា ការបិតស្លាកសម្គាល់តាំងខ្លួនជាភ្នាក់ងារសង្គ្រោះ និងធ្វើសកម្មភាពសង្គ្រោះបឋម ផ្សេងៗ នៅពេលដែលខ្លួនគ្មានវិជ្ជាជីវៈពិតប្រាកដ និងគ្មានការអនុញ្ញាតពីមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ”។

ជុំវិញករណីនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានស្នើបុគ្គលដែលប្រព្រឹត្តសកម្មភាពល្មើស ត្រូវបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់ បើមិនដូច្នេះទេ នឹងមានការឃាត់ខ្លួន យកមកចាត់វិធានការតាមផ្លូវច្បាប់៕