ប្រទេសចិន ៖ អ្នកលេងបណ្តាញសង្គមចិនបានចាប់អារម្មណ៍ និងចែកចាយវីដេអូមួយក្នុងបណ្តាញសង្គម ដែលវីដេអូនោះបង្ហាញពីការដឹកជញ្ជូនអាហារឱ្យកម្មករធ្វើការនៅលើកំពូលភ្នំមួយកន្លែង ។ ការដឹកជញ្ជូនអាហារតាមឧទ្ធម្ភាគចក្របានធ្វើឡើងជារៀងរាល់ថ្ងៃ ហើយក្រៅពីអាហារ ឧទ្ធម្ភាគចក្រក៏បានដឹករបស់របរផ្សេងៗមកឱ្យកម្មករប្រើប្រាស់ផងដែរ ។

ការដឹកជញ្ជូនអាហារ និងរបស់របរផ្សេងៗតាមឧទ្ធម្ភាគចក្រនេះបានកើតឡើងនៅលើកំពូលភ្នំមួយកន្លែងនៅទីក្រុងឆៃចូ តំបន់ឈឺជៀង ប្រទេសចិន ។ ចំណែកអ្នកដឹកជញ្ជូនអាហារឱ្យកម្មករនេះ គឺជាម្ចាស់គម្រោង ហើយគាត់ក៏ជាម្ចាស់ឧទ្ធម្ភាគចក្រ១គ្រឿងនេះផងដែរ ។Boss flies on helicopter to deliver meals to workers on mountain in China -  YouTube

ម្ចាស់គម្រោងបានបើកឧទ្ធម្ភាគចក្រដឹកអាហារឱ្យកម្មកររបស់គាត់ជារៀងរាល់ថ្ងៃ ហើយបន្ទាប់ពីគាត់បានថតវីដេអូបង្ហោះក្នុងបណ្តាញសង្គម ស្រាប់តែធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅប្រទេសចិនចាប់អារម្មណ៍យ៉ាងខ្លាំង ។ អ្នកខ្លះបានសរសើរពីទឹកចិត្តរបស់ថៅកែរូបនេះចំពោះកម្មករ ខណៈអ្នកខ្លះទៀតប្រាប់ថា ពួកគេមិនធ្លាប់ឃើញការដឹកអាហារតាមវិធីនេះពីមុនមកទេ ។

តាមរយៈការសាកសួរឱ្យដឹងថា ជាធម្មតា អ្នកធ្វើការទាំងអស់ត្រូវបើកបររថយន្តទៅទិញអាហារ ឬរបស់របរដោយខ្លួនឯងនៅជើងភ្នំ ហើយពួកគេត្រូវចំណាយពេលរហូតដល់៣០នាទីឯណោះក្នុងការធ្វើដំណើរទៅ-មក ។ រីឯផ្លូវវិញក៏ពិបាកធ្វើដំណើរ និងអាចមានគ្រោះថ្នាក់ផងដែរ ប៉ុន្តែដោយសារម្ចាស់គម្រោងចង់ឱ្យគម្រោងបញ្ចប់មុនពេលកំណត់ និងចង់ឱ្យកម្មករទាំងអស់បានត្រឡប់ទៅចូលរួមពិធីបុណ្យចូលឆ្នាំចិន ទើបម្ចាស់គម្រោងសម្រេចចិត្តដឹកអាហារឱ្យកម្មករនៅលើកំពូលភ្នំតាមឧទ្ធម្ភាគចក្រជាប្រចាំ ។

ហេតុនេះ វាធ្វើឱ្យចំណេញពេលវេលាដល់អ្នកធ្វើការឱ្យគាត់ ហើយការងារនឹងរួចរាល់មុនពេលកំណត់ផងដែរ ពីព្រោះការធ្វើដំណើរចុះភ្នំ និងឡើងភ្នំនៅតំបន់នេះពិបាកខ្លាំង ។ លើសពីនេះ ការធ្វើដំណើរអាចនឹងមានគ្រោះថ្នាក់ទៀតផង បើពួកគេបើកបរធ្វេសប្រហែស ៕