ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានបរទេសបានរាយការណ៍ពីហេតុការណ៍គ្រោះរញ្ជួយដី ចាប់ពីកម្រិត៧.៤វិកទ័រ ទៅ៧.៦វិកទ័រ មានជម្រៅ១០គីឡូម៉ែត្រ ក្នុងតំបន់ Notojo ខេត្ត Ishikawa ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ។ អាជ្ញាធរប្រចាំក្រុង Suzu នៃខេត្ត Ishikawa ឱ្យដឹងថា គ្រោះរញ្ជួយដីនេះបណ្តាលឱ្យអគារ, ផ្ទះសម្បែង និងបង្គោលភ្លើងជាច្រើនកន្លែងដួលរលំ ។
សារព័ត៌មានរាយការណ៍ថា មានរលកយក្សស៊ូណាមិ កម្ពស់ជាង១ម៉ែត្រនៅទីក្រុងវ៉ាជីម៉ាក់ ខេត្ត Ishikawa ។ ការត្រួតពិនិត្យអាកាសធាតុនៅតាមតំបន់ឆ្នេរសមុទ្រ និងកាមេរ៉ាសុវត្ថិភាពប្រចាំទីក្រុងស៊ូសុ អាចថតរូបភាពគ្រោះរញ្ជួយដីនៅបរិវេណឆ្នេរសមុទ្រ ព្រមទាំងរូបភាពការខូចខាតអគារ, ផ្ទះសម្បែង និងផ្លូវនៅបរិវេណក្បែរនោះផងដែរ ។
ចំណែកហាងលក់ទំនិញនៅទីក្រុងណាកាណុ ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន គេបានឃើញទំនិញផ្សេងៗក្នុងហាងធ្លាក់ចេញពីធ្នេរ ។ ដូចគ្នានេះ ហាងលក់ទំនិញនៅទីក្រុងខាណាសូវ៉ាក់ ខេត្តអ៊ីស៊ីកាវ៉ាក់ មានទំនិញជាច្រើនធ្នាក់រាយប៉ាយនៅលើឥដ្ឋ និងមានទឹកធ្លាក់ពីលើដំបូលទៀតផង ។
សារព័ត៌មាន NSK រាយការណ៍ថា រលកយក្សស៊ូណាមិនៅឆ្នេរសមុទ្រជប៉ុននឹងកើតឡើងជាញឹកញាប់ ហើយមានកម្ពស់ខ្ពស់ជាងមុន ។ ចំណែកពលរដ្ឋក្នុងតំបន់បាននាំគ្នាជម្លៀសចេញភ្លាមៗ ជាពិសេស អ្នករស់នៅខេត្តមីអ៊ីង៉ាតាក់ និងខេត្តថូយ៉ាម៉ាក់ ដែលរលកយក្សស៊ូណាមិអាចមានកម្ពស់រហូតដល់៣ម៉ែត្រ ។ អាជ្ញាធរបានសំណូមពរឱ្យពលរដ្ឋជម្លៀសទៅកាន់ទីកន្លែងខ្ពស់ និងទៅឱ្យឆ្ងាយពីឆ្នេរសមុទ្រ ។
ក្រុមហ៊ុនអគ្គិសនីជប៉ុនឱ្យដឹងថា ពួកគេបានត្រួតពិនិត្យភាពខុសប្រក្រតីនៅរោងចក្រថាមពលនុយក្លេអ៊ែរជាច្រើនកន្លែង ។ ដូចគ្នានេះ នាយករោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់ជប៉ុនបញ្ជាក់ថា ពុំទាន់មានភាពខុសប្លែកក្នុងរោងចក្រនេះទេ ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថ្លែងថា រដ្ឋាភិបាលជប៉ុនបានបង្កើតមជ្ឈមណ្ឌលសង្គ្រោះពិសេសមួយ ដើម្បីប្រមូលផ្តុំព័ត៌មានពាក់ព័ន្ធនឹងគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ។ មជ្ឈមណ្ឌលសង្គ្រោះពិសេសនេះអាចផ្តល់ដំណឹងទៅកាន់ពលរដ្ឋយ៉ាងឆាប់រហ័ស និងប្រាប់ឱ្យពលរដ្ឋរស់នៅក្នុងតំបន់រងគ្រោះជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ។
រីឯអ្នកនាំពាក្យរដ្ឋាភិបាល លោក Yoshimasa Hayashi និយាយថា លោកពុំទាន់ទទួលបានរបាយការណ៍ពីបញ្ហាមិនប្រក្រតីណាមួយទេនៅរោងចក្រនុយក្លេអ៊ែរក្នុងតំបន់ ។ ប៉ុន្តែលោកបានស្នើទៅកាន់ស្ថាប័នពាក់ព័ន្ធឱ្យប្រុងប្រយ័ត្ន និងតាមដានស្ថានការណ៍នេះឱ្យដិតដល់ ។
ប្រព័ន្ធផ្សព្វផ្សាយអនឡាញបានបង្ហោះរូបភាព និងវីដេអូគ្រោះថ្នាក់ដោយសារគ្រោះរញ្ជួយដី ដូចជា អគារ, ផ្ទះសម្បែង និងផ្លូវជាច្រើនកន្លែងបានខូចខាតយ៉ាងធ្ងន់ធ្ងរ រួមទាំងដំបូលហាងលក់ទំនិញមួយចំនួនបានធ្លាក់ខ្ចាត់ខ្ចាយ ៕










