ប្រទេសចិន ៖ បច្ចុប្បន្ន គេអាចស្វែងរកបន្ទប់ជួលតម្លៃសមរម្យនៅទីក្រុងសៀងហៃ តាមរយៈគម្រោងនានាពាសពេញទីក្រុងនេះ ។ បុគ្គលិកធ្វើការក្នុងក្រុមហ៊ុនភាគច្រើនបានសម្រេចចិត្តមកជួលបន្ទប់ស្នាក់នៅក្នុងគម្រោង «លំនៅឋានសម័យថ្មីសម្រាប់អ្នករស់នៅទីក្រុង» ដោយសារតែគម្រោងនេះបានផ្តល់លក្ខណៈងាយស្រួលគ្រប់យ៉ាងដល់ពួកគេ ។
លោក Zheng Yan អាយុ២៦ឆ្នាំ គឺជាបុគ្គលិកផ្នែកទទួលភ្ញៀវក្នុងក្រុមហ៊ុនមួយ បានមករស់នៅក្នុងគម្រោង «លំនៅឋានសម័យថ្មីសម្រាប់អ្នករស់នៅទីក្រុង» នៅតំបន់មីនហាង ទីក្រុងសៀងហៃ អស់រយៈពេលជាង៣ខែហើយ ។ លោកនិយាយថា កាលពីខែកក្កដា ឆ្នាំ២០២៣ អាជ្ញាធរក្រុងសៀងហៃបានប្រកាសថា អ្នកធ្វើការ និងយុវវ័យអាចមករស់នៅក្នុងគម្រោងនេះបាន ។
លោក Zheng Yan រៀបរាប់ថា លោកបានមករស់នៅទីនេះជាមួយមិត្តរួមការងារផ្សេងទៀតចំនួន៣នាក់ ដោយត្រូវចំណាយប្រាក់ថ្លៃឈ្នួលបន្ទប់ចំនួន៥០០យាន់ក្នុងម្នាក់ ។ ការរស់នៅទីនេះល្អប្រសើរខ្លាំងណាស់ ដោយសារមានភាពងាយស្រួលគ្រប់បែបយ៉ាង ដូចជា ៖ មានរថយន្តជិះទៅហាងលក់ទំនិញផ្សេងៗ និងរថយន្តទៅកាន់រថភ្លើងក្រោមដីផងដែរ ។
កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើដំណើរមកកាន់ទីក្រុងសៀងហៃ និងទស្សនាគម្រោង «លំនៅឋានសម័យថ្មីសម្រាប់អ្នករស់នៅទីក្រុង» ។ លោកប្រធានាធិបតីចិនបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការស្វែងរកកន្លែងរស់នៅឱ្យគ្រប់គ្រាន់ និងបន្ថែមគុណភាពជីវិតសម្រាប់អ្នករស់នៅទីក្រុង ។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក អាជ្ញាធរក្រុងសៀងហៃបានព្យាយាមបង្កើនការសាងសង់បន្ទប់ជួលក្នុងតម្លៃសមរម្យ ដើម្បីជួយពលរដ្ឋដែលគ្មានលទ្ធភាពទិញលំនៅឋានដោយខ្លួនឯង ។ មន្ត្រីផ្នែកលំនៅឋានប្រចាំក្រុងសៀងហៃបញ្ជាក់ថា នៅចុងឆ្នាំ២០២៥ ទីក្រុងសៀងហៃមានគម្រោងសាងសង់បន្ទប់ជួលតម្លៃសមរម្យ ចំនួន៦សែនបន្ទប់ ។
Li Jiacheng ជានាយកប្រតិបត្តិរបស់ CR Land Youtha International APT Community លើកឡើងថា គម្រោងនេះមានបន្ទប់ជួលចំនួន២.៤៧៥បន្ទប់ ដែលបានសាងសង់ឡើងនៅក្រោមគំនិត «One bed, One room, One suite» ។ បន្ទប់ជួលទាំងនេះបានបែងចែកជា៣ប្រភេទ គឺ ៖ បន្ទប់សម្រាប់ក្រុមគ្រួសារ, បន្ទប់សម្រាប់យុវវ័យដែលទើបទទួលបានការងារធ្វើ និងបន្ទប់សម្រាប់បុគ្គលិក ។
គម្រោងនេះបានផ្តល់លក្ខណៈងាយស្រួលដល់អតិថិជន ដូចជា ៖ បណ្ណាល័យ, កន្លែងហាត់ប្រាណ និងសម្ភារៈកីឡា, ចង្ក្រានបាយ និងកន្លែងបោកគក់ ជាដើម ។ ហេតុនេះ វាស្របតាមគោលនយោបាយរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលបានកំណត់ថា នៅតាមទីក្រុងពុំគួរមានត្រឹមតែអគារខ្ពស់ៗប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើឱ្យអ្នករស់នៅទីក្រុងមានជីវិតល្អប្រសើរផងដែរ ៕










