ស្រ្តីម្នាក់ដែលគំរាមកំហែង និងទារប្រាក់ពី Lee Sun Kyun ត្រូវបានកោះហៅទៅតុលាការដើម្បីសាកសួរនៅថ្ងៃទី២៦ ខែធ្នូ ដោយសារតែមានភស្តុតាងការជំរិតនោះ ប៉ុន្តែស្រ្តីនោះមិនបានចូលខ្លួនហើយមិនបានប្រាប់ពីមូលហេតុជាក់លាក់។ នៅថ្ងៃទី២៧ ខែធ្នូ ប៉ូលិសបានរកឃើញនាង ហើយឃុំខ្លួននាងនៅប៉ុស្តិ៍ប៉ូលិស Incheon និងនៅរសៀលថ្ងៃទី២៨ កុម្ភៈ តុលាការនឹងសួរចម្លើយស្រ្តីនោះមុននឹងសម្រេចថាចាប់ខ្លួនឬអត់។
មុនពេលមរណភាពលោក Lee Sun Kyun បានចោទប្រកាន់មនុស្សពីរនាក់ពីបទបង្ខូចកេរ្តិ៍គាត់ ក្នុងនោះមានស្រ្តីម្នាក់ដែលមិនបញ្ចេញអត្តសញ្ញាណ និងស្ត្រីម្នាក់ទៀតឈ្មោះ Kim។ ស្រ្តីដែលមិនបញ្ចេញអត្តសញ្ញាណនេះបានសុំតារាសម្តែង Lee Sun Kyun ចំនួន ៥០ លានវ៉ុន (ប្រមាណជាង៣ម៉ឺន៨ពាន់ដុល្លារ)។ ចំណែកឯស្រ្តីឈ្មោះ Kim បានទាមទារ ៣០០ លានវ៉ុន (ប្រមាណជាង២៣ម៉ឺនដុល្លារ)។ ស្ត្រីទាំង២នាក់នេះជាអ្នកស្គាល់គ្នាហើយរស់នៅក្បែរផ្ទះគ្នា ។
ស្រ្តីដែលគេមិនបញ្ចេញឈ្មោះបានដឹងថា Lee Sun Kyun ធ្លាប់ទៅផ្ទះស្រ្តីឈ្មោះ Kim ហើយបានផ្ញើសារទៅតារាសម្ដែង ដោយគំរាមធ្វើឱ្យហេតុការណ៍នេះកើតឡើងជាសាធារណៈ។ ខណៈពេលដែលស្រ្តីឈ្មោះ Kim បានចោទប្រកាន់ Lee Sun Kyun ថាបានប្រើប្រាស់សារធាតុហាមឃាត់ចំនួន៥នៅក្នុងផ្ទះរបស់នាង។ តារាសម្ដែងរូបនេះត្រូវបានគេធ្វើតេស្ត២ដង លទ្ធផលទាំងពីរគឺអវិជ្ជមានមានន័យថាប្រហែល៨ខែមុនលោកមិនបានប្រើសារធាតុហាមឃាត់។
លោក Lee Sun Kyun មានអារម្មណ៍ថាអយុត្តិធម៌ហើយសង្ឃឹមថាអាជ្ញាធរនឹងពិនិត្យមើលភាពជឿជាក់នៃភស្តុតាង និងសក្ខីកម្មរបស់ស្រ្តីឈ្មោះ Kim។ តារាសម្ដែងរូបនេះក៏បានស្នើឲ្យប៉ូលិសកោះហៅលោកក្នុងទម្រង់មិនសាធារណៈដូចគ្នា។
គួរបញ្ជាក់ថាសាកសពតារាសម្ដែងរូបនេះត្រូវបាន
គេរកឃើញក្នុងរថយន្តកាលពីថ្ងៃទី២៧ ខែធ្នូ។ Lee Sun Kyun បានបន្សល់ទុកសំបុត្រអត្តឃាត ដោយសុំទោសភរិយា និងក្រុមហ៊ុនគ្រប់គ្រងរបស់លោក ដោយបង្ហាញថាលោក “គ្មានជម្រើសផ្សេងទេ”។ យោងតាម ក្រុមហ៊ុន Yahoo ដោយសារតែរឿងអាស្រូវនេះ លោក Lee Sun Kyun ប្រឈមនឹងសំណងរហូតដល់ ១០ពាន់លានវ៉ុន(ប្រមាណជាង ៧លាន៧៧ម៉ឺនដុល្លារ) ខណៈភរិយារបស់ Lee Sun Kyun បានលក់ផ្ទះរបស់ខ្លួនដើម្បីដោះស្រាយសំណងតាមកិច្ចសន្យា៕










