បេក្ខជនលេចធ្លោ Goofy ដែលគេបានដឹងថាជាមិត្តភក្តិរបស់ ទេព ពិសិដ្ឋ មានឈ្មោះនៅក្នុងបទចម្រៀង «20 Out Now» បានរងបរាជ័យនៃការប្រកួតកម្មវិធីចម្រៀងរ៉េប The Rapper Cambodia រដូវកាលទី១ ដែលធ្វើឱ្យអ្នកគាំទ្រមានការសោកស្តាយយ៉ាងខ្លាំងទៅដល់រូបគេ។ ទោះយ៉ាងណាដ្បិតតែ Goofy មិនបានទទួលជ័យជម្នះការប្រកួតនេះក្តីប៉ុន្តែបេក្ខជនរូបនេះនៅតែដក់ជាប់បេះដូងមហាជន សូម្បីតែតារាពហុជំនាញ ខាត់ សុឃីម ក៏បានបង្ហាញក្តីស្រលាញ់ចំពោះ Goofy ដូចគ្នា។
ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍ទីបំផុតកម្មវិធីប្រលងច្រៀងរ៉េបដ៏ធំដែលទើបមាននៅស្រុកខ្មែរ និងមានតារាចម្រៀងរ៉េប វណ្ណដា ធ្វើជា Producers បានរកឃើញម្ចាស់ពានរដូវកាលដំបូងជាមួយទឹកប្រាក់១ម៉ឺនដុល្លារហើយគឺបានទៅលើកូនក្រុមរបស់គ្រូបង្វឹក នរិទ្ធ គឺជាបេក្ខជន យូហៃ។ ជាមួយអបអរសាទរចំពោះម្ចាស់ពានរូបនេះ តែអ្នកគាំទ្រក៏បានលើកទឹកចិត្តនិងផ្តល់កម្លាំងចិត្តទៅដល់បេក្ខជនមួយរូបទៀតរបស់គ្រូបង្វឹក នរិទ្ធ គឺបេក្ខជន Goofy ដែលរូបគេរងបរាជ័យការប្រកួតនេះ។
Goofy ជាបេក្ខជនលេចធ្លោនៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េបនេះដោយបានបញ្ចេញសមត្ថភាពជាច្រើនដំណាក់កាល។ ក្នុងវគ្គ audition បេក្ខជនរូបនេះបានទម្លាយពីប្រវត្តិរបស់ខ្លួនបានចាកចេញពីផ្ទះរយៈពេល៤ឆ្នាំដោយសារតែមានបញ្ហារកាំរកូសជាមួយគ្រួសារ។ ក្រោយចាកចេញពីផ្ទះ បេក្ខជនរូបនេះបានធ្វើការងារជាច្រើនទាំងការងាររត់តុ ជាងកាត់សក់ អ្នកចាក់សាក់ រហូតក្លាយជាអ្នកធ្វើភ្លេង និងបានចូលរួមប្រកួតប្រជែងលើឆាក The Rapper Cambodia ។
នៅក្នុងថ្ងៃផ្តាច់ព្រ័ត្រសមត្ថភាពរបស់ Goofy បានធ្វើឱ្យអ្នកគាំទ្ររំពឹងថារូបគេអាចនឹងទទួលពានក្នុងនោះក៏មានលោក ម៉ៃ សុគន្ធ តារាពហុជំនាញ ខាត់ សុឃីម ក៏បានជូនពរឱ្យ Goofy ទទួលជ័យជម្នះការប្រកួតនេះដូចគ្នា។ យ៉ាងណាមិញ សមត្ថភាពរបស់បេក្ខជន ក្នុងវគ្គផ្តាច់ព្រ័ត្រសុទ្ធតែជើងខ្លាំងដូចគ្នាទើបជ័យជម្នះមិនបានធ្លាក់មកលើ Goofy ឡើយ។
ដ្បិតតែបេក្ខជន Goofy មិនទទួលជ័យជម្នះនេះក្តីតែរូបគេបានដក់ជាប់ជាមួយបេះដូងទស្សនិកជនអ្នកស្នេហាវិស័យរ៉េបទៅហើយ ហើយរូបគេទទួលបានការលើកទឹកចិត្តយ៉ាងច្រើនពីអ្នកគាំទ្រ។
គួរបញ្ជាក់ថា ម្ចាស់ជ័យលាភីកម្មវិធី The Rapper Cambodia រដូវកាលទី១បានទៅលើ យូហៃ បេក្ខនារី Roxy បានឈ្នះពាន Fan Favorite បេក្ខជនមកពីខ្មែរកម្ពុជាក្រោម D.A.R.T បានរឈ្នះពានរង្វាន់ Best Solo Performance និងបេក្ខជន Emi Kan និង Vanno ពានរង្វាន់ Best Collaboration ៕










