គេហទំព័រ Oddity Central បានសរសេរថា ក្រុមអ្នកវិទ្យាសាស្ត្រនៅប្រទេសដាណឺម៉ាក និងអាមេរិកបានសហការគ្នាបង្កើតគំរូបញ្ញាសិប្បនិម្មិតមួយឈ្មោះ Life2vec ។ បច្ចេកវិទ្យានេះនឹងទទួលបានការហ្វឹកហាត់ចំណេះដឹង និងប្រមូលលទ្ធផលមកពីព័ត៌មានជាច្រើន ដើម្បីទស្សន៍ទាយអំពីជីវិតមនុស្សជាច្រើនផ្នែក ក្នុងនោះវាមានសមត្ថភាពទស្សន៍ទាយពីពេលវេលាស្លា.ប់របស់មនុស្សផងដែរ ។
បើតាមរបាយការណ៍ស្រាវជ្រាវបញ្ជាក់ថា បច្ចេកវិទ្យា Life2vec ទទួលបានព័ត៌មានពីការកត់ត្រាផ្នែកសុខភាព និងទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋដាណឺម៉ាកចំនួន៦លាននាក់ ដូចជា ៖ ថ្ងៃខែឆ្នាំកំណើត, ទីកន្លែងសិក្សា, ការរៀនសូត្រ, អាសយដ្ឋាន និងព័ត៌មានសុខភាព ។ បន្ទាប់មក បច្ចេកវិទ្យានេះត្រូវបានគេហ្វឹកហាត់ឱ្យវាអាចទស្សន៍ទាយពីអ្វីដែលនឹងកើតឡើងនៅថ្ងៃអនាគត រួមទាំងការទស្សន៍ទាយថា មនុស្សម្នាក់ៗនឹងស្លា.ប់នៅពេលណា ។
ក្រុមអ្នកស្រាវជ្រាវបានបង្ហាញលទ្ធផលគួរឱ្យភ្ញាក់ផ្អើលមួយ នៅពេលបច្ចេកវិទ្យា Life2vec អាចទស្សន៍ទាយដឹងថា មនុស្សម្នាក់ៗនឹងស្លា.ប់នៅពេលណា ដោយសារផ្អែកតាមការវិភាគទិន្នន័យផ្សេងៗ ។ ជាក់ស្តែង មនុស្សមួយក្រុមមានអាយុចាប់ពី៣៥ឆ្នាំ ទៅ៦៥ឆ្នាំ ហើយមនុស្សពាក់កណ្តាលក្នុងចំណោមនេះ បានស្លាប់ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ហើយបច្ចេកវិទ្យានេះអាចទស្សន៍ទាយដឹងថា មនុស្សណាខ្លះដែលបានស្លាប់ ហើយមនុស្សណាទៀតនៅមានជីវិត ។ វាអាចទស្សន៍ទាយបានត្រឹមត្រូវរហូតដល់៧៨% ។
សាស្ត្រាចារ្យម្នាក់ឈ្មោះ Sune Lehmann Jorgensen ជាប្រធានដឹកនាំក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យបច្ចេកទេសនៅដាណឺម៉ាកលើកឡើងថា គេបានហ្វឹកហាត់បច្ចេកវិទ្យា Life2vec តាមរយៈទិន្នន័យជាក់លាក់ គឺសំដៅដល់ទិន្នន័យបានពីពលរដ្ឋដាណាម៉ាក ។ ហេតុនេះ លទ្ធផលដែលទទួលបានអាចមិនដូចគ្នាទេ សម្រាប់អ្នករស់នៅប្រទេសផ្សេងទៀត ។ គេបានអភិវឌ្ឍន៍បច្ចេកវិទ្យានេះឡើងដើម្បីជាប្រយោជន៍ដល់មនុស្ស ប៉ុន្តែវាមិនគួរស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមួយចំនួនទេ ដូចជា ក្រុមហ៊ុនធានារ៉ាប់រង ។
រីឯក្រុមអ្នកស្រាវជ្រាវលើកឡើងថា បើទោះជាការប្រើប្រាស់បច្ចេកវិទ្យា AI ប្រឈមនឹងបញ្ហាសីលធម៌ក្តី ប៉ុន្តែវាមានគុណសម្បត្តិល្អមួយ គឺការទស្សន៍ទាយពីការស្លា.ប់អាចជួយឱ្យគេការពារការស្លា.ប់មុនអាយុបាន ។ អ្នកស្រាវជ្រាវអាចរកឃើញពីផលប៉ះពាល់ដល់អាយុជីវិត ដោយសារការបំពេញការងាររបស់មនុស្សម្នាក់ៗ រួមទាំងហេតុការណ៍ផ្សេងៗដែលនឹងកើតឡើងក្នុងជីវិត ៕ ប្រភព ៖ chiangmai news










